អានតួអត្ថបទ

លោក​ហ៊ុន ម៉ាណែត ​ហួសចិត្ត​ក្រោយ​លោក ​សម រង្ស៊ី ​ប្រាប់​លោក ​ម៉ាក្រុង ​កុំឲ្យ​ចាញ់បោក​ត្រកូល​«ហ៊ុន​»

នៅក្នុង​ជំនួប​ជាមួយ​ពលរដ្ឋខ្មែរ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ​ហ៊ុន ម៉ាណែត ​បានថ្លែងថា​អ្នក​នយោបាយ​ខ្មែរ​វ័យចំណាស់ ​នៅក្នុង​ប្រទេស​បារាំង​បានចេញ​ទៅ​ពន្យល់​ប្រធានាធិបតី​បារាំង​កុំឲ្យ​ចាញ់បោក​រូបលោក​។ ​អ្នក​នយោបាយ​វ័យចំណាស់​នោះ ​ត្រូវគេ​គិតថា​លោក ​សម រង្ស៊ី ​ដោយសារ​លោក ​សម រង្ស៊ី ​បាន​បញ្ចេញ​ទស្សនៈ​ជាសំណេរ​ទៅកាន់​កាសែត​ជាភាសា​បារាំង​ផ្សាយ​នៅក្នុង​ប្រទេសថៃ​ឈ្មោះ ​Gavroche ​កាលពី​ថ្ងៃ​ទី​១៣ ​ខែ​មករា ​ឆ្នាំ​២០២៤​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួបពលរដ្ឋខ្មែរនៅបារាំង
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួបពលរដ្ឋខ្មែរនៅបារាំង © STPM
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខ​ពលរដ្ឋខ្មែរ​ជាង២ពាន់នាក់ ​នាទីក្រុង​ប៉ារីស​ប្រទេសបារាំង​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ​បានសម្តែង​ការហួសចិត្ត​ចំពោះ​ការលើកឡើងរបស់​លោក សម រង្ស៊ី ​ទាក់ទងទៅនឹង​ទស្សនកិច្ច​ផ្លូវការរបស់​លោក​នៅប្រទេស​បារាំង​នា​សប្តាហ៍​នេះ​។

ប្រតិកម្ម​របស់លោក​ ហ៊ុន ម៉ាណែត ដូចនេះគឺ​បន្ទាប់ពី​លោក សម រង្ស៊ី ​បានបញ្ចេញ​ជា​ទស្សនៈ​ទៅកាន់កាសែត​បារាំង Gavroche Hebdo ​ដែលមានមូលដ្ឋាន​នៅប្រទេសថៃ ​ដោយបានរៀបរាប់​ពីការសរសេរលិខិត​ទៅកាន់​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង​ ដើម្បីកុំឲ្យ​ចាញ់បោក​ត្រកូល«​ហ៊ុន​»​។ តាមលោក ​ហ៊ុន ម៉ាណែត ​បើ​ប្រធានាធិបតី​ប្រទេស​មហាអំណាចមួយ​ដូចជា​បារាំងឲ្យ​លោក​បោកបាន​គឺ​ចប់ហើយ​។

កាសែត ​Gavroche បាន​ចុះផ្សាយសំណេរ​របស់លោក សម រង្ស៊ី ​ប្រធានស្តីទី​អតីតគណបក្ស​សង្គ្រោះជាតិ ​ដោយវាយប្រហារ​ទៅលើលោក​ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រីកម្ពុជា​ទាក់ទងទៅនឹង​ការរំលោភ​សិទ្ធិមនុស្ស ​និងការធ្វើទុក្ខ​បុកម្នេញ​សម្លេងប្រឆាំង​នៅកម្ពុជា​។​

ក៏ប៉ុន្តែ ​លោក ហ៊ុន ម៉ាណែត ​បានលើកឡើង​ថា​លោកប្រធានាធិបតី​បារាំងបានសម្រេច​ចិត្ត​ផ្ញើលិខិត​កំរិតខ្ពស់បំផុត​អញ្ជើញលោក​ធ្វើទស្សនកិច្ច​នៅបារាំង​ថ្ងៃទី១៨ និង​ទី១៩ ខែ​មករានេះ គឺ​ប្រាកដជា​មានការវាយតម្លៃ​គ្រប់ជ្រុងជ្រោយ​ពីទីប្រឹក្សា និង​ពីគ្រប់អ្នក​ជំនាញទាំងអស់​របស់បារាំង​។

លោក ហ៊ុន​ ម៉ាណែត ​សម្តែងការ​សោកស្តាយ ដែល​អ្នកនយោបាយ​វ័យចំណាស់កម្ពុជា​ចេញសារ​បែបរារាំង​ទំនាក់ទំនង​រវាងមេដឹកនាំ​បារាំង-​កម្ពុជា ដែលគិតពី​ផលប្រយោជន៍​របស់ប្រទេស ​និង​ប្រជាជន​ទាំងពីរ។ ​លោកនាយករដ្ឋមន្ត្រី​ក៏បានរិះគន់​ត្រលប់ទៅ​លោក សម រង្ស៊ី ​វិញដែរ ​ដោយលើកឡើង​ថា​លោក សម រង្ស៊ី ​យក​នយោបាយ​ដាក់មុខ​គ្រប់ពេលវេលា ​និងគួរតែ​ផ្តល់តម្លៃ​ទៅលើ​អ្វីដែលជា​ប្រយោជន៍​សម្រាប់ប្រទេស​ជាតិ ​និង​ប្រជាជន​ក្នុងនាម​ជាអ្នក​នយោបាយ​ដែលមាន​សញ្ជាតិ​បារាំង ​និង​ខ្មែរ​ផងនោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ