អានតួអត្ថបទ
កម្ពុជា-សង្គម

ខេត្តរតនៈគិរី៖តុលាការផ្តន្ទាទោសលោកថេង សាវឿន និងសហការី២នាក់ឱ្យជាប់ពន្ធនាគារ៥ឆ្នាំ

នៅព្រឹកថ្ងៃទី១៥ ខែមករា សាលាដំបូងខេត្តរតនៈគិរីបានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស លោកថេង សាវឿន និងសហការីរបស់លោក២នាក់ទៀតឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំពីបទរួមគំនិតក្បត់ និងញុះញង់។ ប៉ុន្តែអ្នកទាំងបីត្រូវបានតុលាការសម្រេចព្យូរទោសដោយតម្រូវឱ្យស្ថិតនៅក្រៅឃុំ។ នេះបើតាមការបញ្ជាក់ពីលោក ថេង សាវឿន ប្រធានសមាគមសហព័ន្ធសហគមន៍កសិករកម្ពុជាប្រាប់វិទ្យុបារាំងអន្តរជាតិ និងថាលោកនឹងដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ដើម្បីជំទាស់ទៅនឹងសាលក្រមរបស់សាលាដំបូងខេត្តរតនៈគិរី។ 

លោក ថេង សារឿន និងសហការី២រូបរបស់លោក គឺលោក ចាន់ វិបុល និងលោក ថាន់ ហាច
លោក ថេង សារឿន និងសហការី២រូបរបស់លោក គឺលោក ចាន់ វិបុល និងលោក ថាន់ ហាច © Internet
ផ្សាយពាណិជ្ជកម្ម

លោក ថេង សាវឿនបានចាត់ទុកការសម្រេចរបស់សាលាដំបូងខេត្តរតនៈគិរីថា ជារឿងអយុត្តិធម៌ និងមិនអាចទទួលបាន។ លោកថា សកម្មភាពកន្លងមកមិនមានគោលបំណង ឬចេតនារួមគំនិតក្បត់ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនោះទេ។

ទោះបីជាប់ឈ្មោះជាជនក្បត់ជាតិ តែលោក ថេង សាវឿនបេ្តជ្ញានឹងបន្តទាមទារយុត្តិធម៌តាមនីតិវិធីច្បាប់ដែលមានចែងដោយមិនរត់ចោលកសិករឡើយ។ លោកកត់សម្គាល់ឃើញថា បច្ចុប្បន្ន លោក និងសហការីកំពុងរងការអើសអើងពីសំណាក់អង្គការសង្គមស៊ីវិល សហជីព សមាគម និងដៃគូអភិវឌ្ឍន៍មួយចំនួនផ្សេងទៀត ក្រោយពីលោកបានជួបជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន។

យ៉ាងណាមិញ ជំហានបន្ទាប់ក្រោយតុលាការប្រកាសសាលក្រមបែបនេះ លោក ថេង សាវឿននៅមិនទាន់ដឹងថា តើតុលាការនឹងដាក់បំរាមមកលើរូបលោកអ្វីខ្លះនោះទេ ព្រោះលោកនៅមិនទាន់ទទួលបានសាលក្រមជាផ្លូវការ។ ប៉ុន្តែលោកថា តុលាការមិនបានហាមឃាត់ចំពោះការធ្វើដំណើរចេញក្រៅប្រទេសឡើយ។  ចំណែកការងារនៅសមាគមវិញក៏សកម្មជនផ្នែកសិកម្មរូបនេះមិនទាន់ដឹងច្បាស់ដែរថា តើតុលាការតម្រូវឱ្យរំលាយចោល ឬបន្តទុកទេ។  

សូមបញ្ជាក់ថា លោក ថេង សាវឿនត្រូវបានសាលាដំបូងខេត្តរតនៈគិរីចោទប្រកាន់លោកពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិអំពើបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បន្ទាប់ពីលោកបានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលសមត្ថភាពបុគ្គលិកសមាគមកាលពីថ្ងៃទី១៣-១៤ ខែឧសភា ឆ្នាំ២០២៣។

ក្រោយបិទបញ្ចប់សិក្ខាសាលានៅពេលនោះ លោក ថេង សាវឿន និងសហការី២នាក់ផ្សេងទៀតរួមមានលោក ថាន់ ហាច និងលោក ចាន់ វិបុលត្រូវបានអាជ្ញាធរចោទពីបទមានផែនការធ្វើបដិវត្តន៍កសិករ និងសម្រេចឃាត់ខ្លួននៅល្ងាចថ្ងៃទី១៧ ខែឧសភា ក្នុងគ្រាលោកនិងក្រុមការងារត្រឡប់មកភ្នំពេញវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ