អានតួអត្ថបទ

អតីតអភិបាលក្រុងកែបត្រូវបានចោទប្រកាន់ទាក់ទងអំពើពុករលួយ

ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួន លោក ខេង យ័ន អតីតអភិបាលក្រុងកែប ក្រោមការចោទពីបទរំលោភអំណាច និងបទសម្អាតប្រាក់។ គឺជាបទល្មើស ទាក់ទងនឹងការប្រព្រឹត្តិអំពើពុករលួយក្នុងមុខងារជាអ្នកកាន់ការងាររាជការ។ ការសម្រេចចោទប្រកាន់ និងឃុំខ្លួនមន្ត្រីជាន់ខ្ពស់នៅខេត្តកែបរូបនេះ គឺធ្វើឡើងតែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេចដកតំណែង លោក ខេង យ័ន ចេញពីអភិបាល​ក្រុង​កែប កាលពីថ្ងៃទី១២មករា២០២៤។

លោក ខេង យ័ន ត្រូវបានចោទប្រកាន់ទាក់ទងអំពើពុករលួយ
លោក ខេង យ័ន ត្រូវបានចោទប្រកាន់ទាក់ទងអំពើពុករលួយ © Fresh News
ផ្សាយពាណិជ្ជកម្ម

នៅក្រោមបទចោទប្រកាន់ទាំងពីរនេះ លោក ខេង យ័ន  ប្រឈមនឹងមុខនឹងការផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល ពីបទចោទ បទរំលោភអំណាច ខណៈដែលបទចោទមួយទៀត គឺសម្អាតប្រាក់ ប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០លានរៀល ទៅ ៥០០លានរៀល ឬ រហូតស្មើតម្លៃកម្មវត្ថុនៃការសម្អាតប្រាក់។

សូមបញ្ជាក់ថា ចំណាត់ការនេះ គឺបន្ទាប់អង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនលោក ខេង យ័ន បញ្ជួនទៅតុលាការនៅរសៀលថ្ងៃទី១៣មករា២០២៤។

បើតាមការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត អតីតអភិបាលក្រុងរូបនេះ បានប្រើប្រាស់អំណាចជិះជាន់រាស្ត្រ និងបំផ្លាញប្រយោជន៍រដ្ឋ។

គួរជម្រាបថា មុនចេញអនុក្រឹត្យបញ្ចប់តំណែងនេះ មានការចុះផ្សាយ ដោយព័ត៌មានក្នុងស្រុកពីការឃាត់ខ្លួនលោក ខេង យ័នដោយអង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី២ខែមករាកន្លងទៅ។ តែព័ត៌មាននោះត្រូវបានលោក សោម ពិសិដ្ឋ អភិបាលខេត្តកែបច្រានចោល និងថាជាការភាន់ច្រលំទៅវិញ។

បន្ទាប់ពីដកតំណែងអភិបាលក្រុងកែប នាយករដ្ឋមន្ត្រីកម្ពុជាក៏បានព្រមានបណ្តេញមន្ត្រីរដ្ឋផ្សេងទៀតដែលប្រព្រឹត្តិអំពើខុសឆ្គងប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិនិងប្រយោជន៍ប្រជាជន។ លោក ហ៊ុន ម៉ាណែត ក៏ទទូចឱ្យមន្ត្រីទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥របស់រដ្ឋាភិបាលរួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ