អានតួអត្ថបទ

អ្នកជំនាញព្រមានពីការកើនឡើងកម្តៅខ្លាំង និងមានរយៈពេលយូរនៅឆ្នាំ២០២៤

នៅថ្ងៃទី១២ ខែមករា ២០២៤ ក្រសួងធនធានទឹក បានចេញសេចក្តីជូនដំណឹងបន្ថែមពីស្ថានភាពកាសធាតុនៅកម្ពុជានារដូវប្រាំងឆ្នាំនេះ។ បើតាមក្រសួងជំនាញ កម្តៅផែនដីនៅរដូវប្រាំងនេះនឹងកើនឡើងខ្លាំងជាងឆ្នាំមុន ពោលកើនឡើងចន្លោះពី៣៧អង្សាសេទៅ៤១អង្សាសេ នៅអំឡុងខែមេសា និងដើមខែឧសភា២០២៤។  

ការប្រែប្រួល​កម្តៅ​ផែនដី
ការប្រែប្រួល​កម្តៅ​ផែនដី @time
ផ្សាយពាណិជ្ជកម្ម

ជាមួយនឹងការកើនឡើងកម្តៅខ្លាំងបែបនេះ ភ្លៀងកក់ខែមានតិចតួចដែលធ្វើឲ្យរដូវវស្សាចាប់ផ្តើមយឺតជាងឆ្នាំ២០២៣  ខណៈដែលបាតុភូត ផ្គរ រន្ទះនឹងកើតឡើងច្រើននៅខែមេសា និងខែឧសភា២០២៤។ 

នៅចំពោះមុខស្ថានភាពបែបនេះ ក្រសួងធនធានទឹក បានអំពាវនាវឲ្យមានការប្រើប្រាស់ទឹកដោយសន្សំសំចៃឲ្យបានខ្ពស់ ពិសេសក្នុងតំបន់ដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក។ បើតាមក្រសួងដដែលនេះ ប្រជាពលរដ្ឋក៏ត្រូវមានការប្រុងប្រយ័ត្នពីបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើន។ 

 

ដោយសារតែបញ្ហាប្រែប្រួលអាកាសធាតុបែបនេះ អាជ្ញាធរនៅខេត្តមួយចំនួនដែលនៅជាប់បឹងទន្លេសាប ដូចជា ខេត្តពោធិ៍សាត់ និងស្រុកខ្លះនៃខេត្តបាត់ដំបង បានចេញបំរាមរួចហើយ មិនឲ្យកសិករធ្វើស្រែប្រាំងជាលើកទី២នៅឆ្នាំនេះ ដើម្បីជៀសវាងការខាតបង់ដោយសារតែខ្វះស្រោចស្រព។ 

ឆ្លើយតបនឹងការឡើងកម្តៅផែនដីនេះ ក្រសួងបរិស្ថានកម្ពុជាបានដាក់ចេញនូវយុទ្ធនាការផ្តល់កូនឈើ ចំនួន១លានដើម ជូនប្រជាពលរដ្ឋដាំ ដោយឥតថ្លៃ ចាប់ពីឆ្នាំ២០២៤នេះ ដើម្បីបង្កើនគម្របព្រៃឱ្យបាន៦០% នៅឆ្នាំ២០៥០។ 

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ កម្ពុជាក៏ធ្លាប់ជួបប្រទះនឹងការកើនឡើងកម្តៅផែនដីចន្លោះពី៤០-៤១អង្សាសេ នៅក្នុងខែមេសា រួមទាំងមានបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ កើតមានឡើងជាញឹកញាប់។ 

កាលណោះ ដោយសារតែកម្ពុជា ទទួលរង បាតុភូតអ៊ែលនីណូ (El Nino) ដែលមានឥទ្ធិពល ដណ្ដប់លើប្រមាណពាក់កណ្ដាល នៃភពផែនដីទាំងមូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ