អានតួអត្ថបទ

លោក ហ៊ុន ម៉ាណែត បញ្ចប់តំណែងអភិបាលក្រុងកែបដែលប្រើអំណាចជិះជាន់រាស្ត្រ

នៅថ្ងៃទី១២មករាឆ្នាំ២០២៤នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបណ្តេញអភិបាលក្រុងកែប លោក ខេង យ័ន ចេញពីតំណែង។ ការបញ្ចប់មុខតំណែងអភិបាលក្រុងកែបនេះ គឺបន្ទាប់អង្គភាពប្រឆាំងអំពើពុករលួយរកឃើញថា លោក ខេង យ័ន បានប្រើប្រាស់អំណាចជិះជាន់រាស្ត្រនិងបំផ្លាញប្រយោជន៍រដ្ឋ។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត។

លោក ហ៊ុន ម៉ាណែតបញ្ចប់តំណែងអភិបាលក្រុងកែបដែលប្រើអំណាចជិះជាន់រាស្ត្រ
លោក ហ៊ុន ម៉ាណែតបញ្ចប់តំណែងអភិបាលក្រុងកែបដែលប្រើអំណាចជិះជាន់រាស្ត្រ © រដ្ឋបាលខេត្តកែប
ផ្សាយពាណិជ្ជកម្ម

ក្នុងទំព័រហ្វេសប៊ុកនៅថ្ងៃទី១២មករា លោក ហ៊ុន ម៉ាណែត គូសបញ្ជាក់បន្ថែមថា  ការសម្រេចនេះគឺដោយផ្អែកទៅលើមូលដ្ឋានច្បាស់លាស់នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ គួរជម្រាបថា មុនចេញអនុក្រឹត្យបញ្ចប់តំណែងនេះ មានការចុះផ្សាយព័ត៌មានក្នុងស្រុកពីការឃាត់ខ្លួនលោក ខេង យ័នដោយអង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី២ខែមករាកន្លងទៅ។ តែព័ត៌មាននោះត្រូវបានលោក សោម ពិសិដ្ឋ អភិបាលខេត្តកែបច្រានចោល និងថាជាការភាន់​ច្រលំទៅវិញ។

បន្ទាប់ពីដកតំណែងអភិបាលក្រុងកែប នាយករដ្ឋមន្ត្រីកម្ពុជាក៏បានព្រមានបណ្តេញមន្ត្រីរដ្ឋផ្សេងទៀតដែលប្រព្រឹត្តិអំពើខុសឆ្គងប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិនិងប្រយោជន៍ប្រជាជន។ លោក ហ៊ុន ម៉ាណែត ទទូចឱ្យមន្ត្រីទាំងអស់ត្រូវប្រកាន់ខ្ជាប់អភិក្រមទាំង៥របស់រដ្ឋាភិបាលរួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់។

ពាក់ព័ន្ធរឿងនេះ មហាជនជាច្រើនបានលើកឡើងតាមបណ្តាញសង្គមថា រដ្ឋាភិបាលកម្ពុជាគួរចាត់វិធានការដាក់ទោសទណ្ឌតាមផ្លូវច្បាប់បន្ថែមពីលើចំណាត់ការរដ្ឋបាលដែលមានត្រឹមការដកចេញពីតំណែង។ មហាជនជឿជាក់ថា ការណ៍នោះនឹងអាចធ្វើឱ្យមន្ត្រីផ្សេងទៀតមិនសូវហ៊ានយកអំណាចតួនាទីទៅប្រព្រឹត្តិអំពើពុករលួយបំផ្លាញជាតិ។

ចំណែកអ្នកវិភាគសង្គម លោកបណ្ឌិត ប៉ា ច័ន្ទរឿនយល់ថា កម្ពុជាបច្ចុប្បន្នចាំបាច់ត្រូវពង្រឹងការធ្វើកំណែទម្រង់ក្នុងស្ថាប័នសាធារណៈ ប្រកបដោយតម្លាភាពនិងយុត្តិធម៌។ បើកំណែទម្រង់នោះនៅតែមិនអាចអនុវត្តបានទៅលើមន្ត្រីខិលខូចដោយសារមានអ្នកមានអំណាចនៅពីក្រោយខ្នង នោះសង្គមជាតិនឹងកាន់តែជួបវិបត្តិធ្ងន់ធ្ងរឡើងជាមិនខាន។ នេះជាការបន្ថែមរបស់លោកបណ្ឌិត ប៉ា ច័ន្ទរឿន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ