អានតួអត្ថបទ

ក្រសួងកសិកម្ម៖ការអភិវឌ្ឍវារីវប្បកម្មកម្ពុជាឆ្នាំ២០២៣បានថយចុះធៀបនឹងឆ្នាំ២០២២

ក្រសួងកសិកម្ម៖ការអភិវឌ្ឍវារីវប្បកម្មកម្ពុជាឆ្នាំ២០២៣បានថយចុះធៀបនឹងឆ្នាំ២០២២
ក្រសួងកសិកម្ម៖ការអភិវឌ្ឍវារីវប្បកម្មកម្ពុជាឆ្នាំ២០២៣បានថយចុះធៀបនឹងឆ្នាំ២០២២ © សេង បារាំង
ផ្សាយពាណិជ្ជកម្ម

នៅក្នុងឆ្នាំ២០២៣កន្លងទៅនេះ ការអភិវឌ្ឍវារីវប្បកម្មកម្ពុជាបានថយចុះគួរឲ្យកត់សម្គាល់ បើធៀបនឹងឆ្នាំ២០២២។ ក្នុងនោះ ការចិញ្ចឹមត្រីថយចុះចំនួន៥% ការចិញ្ចឹមក្រពើថយចុះចំនួន១៥% និងការភ្ញាស់កូនត្រីពូជបានថយចុះ ១៤លានក្បាល។ តាមអ្នកនាំពាក្យក្រសួងកសិកម្ម ការថយចុះនេះ គឺដោយសារការចិញ្ចឹមពុំបានប្រើតាមបច្ចេកទេសត្រឹមត្រូវ និងការចិញ្ចឹមលើសតម្រូវការទីផ្សារជាដើម។ ប៉ុន្តែប្រធានសមាគមវារីវប្បករកម្ពុជាបញ្ជាក់ថា មូលហេតុធំនៃការថយចុះគឺអ្នកចិញ្ចឹមជួបវិបត្តិសេដ្ឋកិច្ច និងការចិញ្ចឹមក្នុងស្រុកមិនអាចប្រកួតប្រជែងជាមួយទីផ្សារនាំចូលបាន។

របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទឲ្យដឹងថា  ការអភិវឌ្ឍវារីវប្បកម្មកម្ពុជាក្នុងឆ្នាំ ២០២៣ កន្លងទៅមានការថយចុះ បើធៀបនឹងឆ្នាំ២០២២។ ក្នុងការនោះការចិញ្ចឹមត្រីបានចំនួន ៣១៤ ០០០តោន ពោលថយចុះ ១៦ ៦០០តោន និងការចិញ្ចឹមក្រពើបានចំនួន ៣៣២ ៧០០ក្បាល ពោលថយចុះចំនួន ៥៨ ៧១៤ក្បាល។ ចំណែកការភ្ញាស់កូនត្រីពូជវិញទទួលបានចំនួន ២៦៩លានក្បាល ពោលថយចុះ ១៤លានក្បាល។ ក្រៅពីនេះ ការអភិវឌ្ឍវារីវប្បកម្មកម្ពុជាក៏មានការចិញ្ចឹម និងការធ្វើអ្វីផ្សេងៗទៀត ដូចជាការផលិតកូនត្រីឆ្ពង់ និងកូនក្ដាមជាដើម។

ការថយចុះនៃការអភិវឌ្ឍវារីវប្បកម្មកម្ពុជា ដូចជាការចិញ្ចឹមត្រី និងក្រពើនេះត្រូវបានកញ្ញា អ៊ឹម រចនា អ្នកនាំពាក្រសួងកសិកម្ម បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា ដោយសារអ្នកចិញ្ចឹមខ្វះបច្ចេកទេស និងការផលិតលើសពីតម្រូវការទីផ្សារជាដើម។ កញ្ញាបន្តថាការញ្ចឹមខ្វះបច្ចេកទេស និងការផលិតលើសពីតម្រូវការទីផ្សារជាហេតុធ្វើឲ្យអ្នកចិញ្ចឹមមិនអាចលក់បានថ្លៃ និងធ្វើឲ្យគាត់បោះបង់មុខរបរនេះចោល។ ការថយចុះនេះត្រូវបានកញ្ញា អ៊ឹម រចនាបញ្ជាក់ថា ក្រសួងនឹងសិក្សាពីតម្រូវការទីផ្សារឲ្យបានច្បាស់លាស់ដើម្បីពង្រឹងលើការអភិវឌ្ឍវារីវប្បកម្មកម្ពុជាបន្ថែមទៀត។

ប៉ុន្តែប្រធានសមាគមវារីវប្បករកម្ពុជាលោក សុខ រ៉ាដែនវិញថា មូលហេតុធំនៃការថយចុះគឺអ្នកចិញ្ចឹមជួបវិបត្តិសេដ្ឋកិច្ច និងការចិញ្ចឹមក្នុងស្រុកមិនអាចប្រកួតប្រជែងជាមួយទីផ្សារនាំចូលបាន។ តាមលោកសុខ រ៉ាដែន បញ្ហានេះបានកើតមានតាំងពីមានវិបត្តិជំងឺកូវីដ១៩ ពិសេសការនាំចូលពីប្រទេសជិតខាងដោយគ្មានការត្រួតពិនិត្យឲ្យបានច្បាស់លាស់។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៤ ក្រសួងកសិកម្មតាមរយៈរដ្ឋបាលជលផល បានដាក់គោលដៅសម្រេចឲ្យបានផលនេសាទទឹកសាបចំនួន ៤៥៤ ០០០តោន និងសមុទ្រចំនួន ១៣០ ០០០តោន។ ចំណែកវារីវប្បកម្មវិញត្រូវបានរដ្ឋបាលជលផលដាក់គោលដៅសម្រេចឲ្យបានចំនួន ៣៥ម៉ឺនតោន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ