អានតួអត្ថបទ

មន្ទីរសុខាភិបាលក្រុងភ្នំពេញស្នើឲ្យឃាត់ខ្លួនក្រុមម៉ូតូនាំមុខរថយន្តសង្គ្រោះ

មន្ទីរសុខាភិបាលនៃសាលាក្រុងភ្នំពេញ តាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃទី៥មករា បានស្នើឲ្យសមត្ថកិច្ចឃាត់ខ្លួនក្រុមឆ្លៀតឱកាសជិះម៉ូតូនាំមុខរថយន្តគិលានសង្គ្រោះ។ សំណើនេះធ្វើឡើងក្រោយមន្ទីរសុខាភិបាលនៃសាលាក្រុងភ្នំពេញកត់សម្គាល់ឃើញថា សកម្មភាពនេះ បានបង្កអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ និងបង្កឲ្យមានការភាន់ច្រលំមកលើមន្ទីរសុខាភិបាល។ 

ម៉ូតូដែលបើកនាំមុខរថយន្តគិលានសង្គ្រោះ
ម៉ូតូដែលបើកនាំមុខរថយន្តគិលានសង្គ្រោះ © Internet
ផ្សាយពាណិជ្ជកម្ម

មន្ទីរសុខាភិបាលនៃសាលាក្រុងភ្នំពេញ គូសបញ្ជាក់ថា សកម្មភាពបើកម៉ូតូនាំមុខរថយន្តសង្គ្រោះដែលជាធម្មតាបើកក្នុងល្បឿនយ៉ាងប្រញ៉ាប់មួយនេះ ពិតជាផ្ដល់ហានិភ័យយ៉ាងខ្ពស់មួយក្នុងការបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុផ្សេងៗ។ តាមមន្ទីរសុខាភិបាលដដែល ក្រៅតែពីបង្កបញ្ហាផ្នែកសុវត្ថិភាពនេះ ក្រុមម៉ូតូនេះក៏បង្កឲ្យអ្នកជំងឺមានបញ្ហាសុខភាពធ្ងន់ធ្ងរបន្ថែមទៀត តាមរយៈការតាំងខ្លួនជាភ្នាក់ងារសង្គ្រោះ ហើយធ្វើសកម្មភាពសង្គ្រោះដោយគ្មានវិជ្ជាជីវៈ។ 

មន្ទីរសុខាភិបាលនៃសាលាក្រុងភ្នំពេញ បន្តដោយសង្កត់ធ្ងន់ថា ក្រុមអ្នកបើកម៉ូតូទាំងនេះ មិនមែនជាភ្នាក់ងារសង្គ្រោះរបស់មន្ទីរសុខាភិបាលឡើយ ហើយក៏មិនត្រូវបានទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានដែរ។ នៅចំពោះមុខនេះ មន្ទីរសុខាភិបាលនៃសាលាក្រុងភ្នំពេញ ក៏បានសំណូមពរឲ្យអ្នកបើកមុខរថយន្តគិលានសង្គ្រោះបញ្ឈប់សកម្មភាពនេះជាបន្ទាន់ដើម្បីចៀសវាងការរាយការណ៍ឲ្យមានការឃាត់ខ្លួនពីកម្លាំងសមត្ថកិច្ច។ 

គួរជម្រាបថា កន្លងមកមានក្រុមអ្នកបើកម៉ូតូមួយចំនួន ត្រូវបានគេសង្កេតឃើញថា តែងតែឆ្លៀតឱកាសក្នុងការបើកពីមុខរថយន្តគិលានសង្គ្រោះ ក្នុងរូបភាពបើកជួយសុំផ្លូវ ដើម្បីទទួលបានថ្លៃសេវាពីសាច់ញាតិអ្នកជំងឺឬជនរងគ្រោះ។ ក្រុមអ្នកបើកម៉ូតូទាំងនេះមួយចំនួន ក៏ត្រូវបានគេកត់សម្គាល់ឃើញថា បើកក្នុងល្បឿនដ៏លឿន និងត្រៀបត្រាពីមុខរថយន្តគិលានសង្គ្រោះ ព្រមទាំងស៊ីផ្លេយ៉ាងញាប់ឆ្មេរផងដែរ។ 

សូមរម្លឹកថា កាលពីខែវិច្ឆិកាឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនក្រុមអ្នកបើកម៉ូតូចំនួន៥នាក់ ដោយគូសបញ្ជាក់ថា ពួកគេបានបំពាក់ស៊ីរ៉ែនកែច្នៃលើម៉ូតូដោយខុសបច្ចេកទេសច្បាប់ និងបើកមុខរថយន្តសង្គ្រោះដោយគ្មានការអនុញ្ញាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ