អានតួអត្ថបទ

ពុទ្ធបដិមាចំនួន២អង្គក្នុងសតវត្សរ៍ទី៧ត្រូវបានរកឃើញកប់ក្នុងដីស្រែខេត្តតាកែវ

កាលពីថ្ងៃទី៣ខែមករា ពលរដ្ឋក្នុងខេត្តតាកែវបានប្រទះឃើញពុទ្ធបដិមាចំនួន២អង្គ ដែលបានកប់ក្នុងដីស្រែរបស់ពួកគាត់។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី៤មករា បានបញ្ជាក់ថា ពុទ្ធបដិមាទាំងពីរអង្គនេះជាវត្ថុបុរាណពិតប្រាកដដែលមានអាយុកាលតាំងពីសតវត្សរ៍ទី៧មកម្ល៉េះ។ 

ពលរដ្ឋឈរថតជាមួយពុទ្ធបដិមា ដែលត្រូវបានរកឃើញកាលពីថ្ងៃទី៣ខែមករាឆ្នាំ២០២៤ ក្នុងដីស្រែខេត្តតាកែវ
ពលរដ្ឋឈរថតជាមួយពុទ្ធបដិមា ដែលត្រូវបានរកឃើញកាលពីថ្ងៃទី៣ខែមករាឆ្នាំ២០២៤ ក្នុងដីស្រែខេត្តតាកែវ © FB/ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ផ្សាយពាណិជ្ជកម្ម

យោងតាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គិតត្រឹមថ្ងៃព្រហស្បត្តិ៍ទី៤ខែមករា ពុទ្ធបដិមាទាំងពីរអង្គនេះ ត្រូវបានយកមករក្សាទុកនៅសារមន្ទីរជាតិរួចរាល់ហើយ។

តាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈដដែល ពុទ្ធបដិមាទាំងពីរអង្គ មានមួយអង្គជាប្រភេទព្រះពុទ្ធសមាធិ ដែលមានកម្ពស់ប្រហែល៨០ស.ម និងព្រះភ្នែនប្រហែល៦៧ស.ម។ ចំណែកបដិមាមួយអង្គទៀត គឺជាប្រភេទព្រះពុទ្ធទីបង្ករ ដែលមានកម្ពស់ប្រហែល១៥០ស.ម និងជើងទម្រប្រហែល៦៧ស.ម។

តាមការពិនិត្យនិងវាយតម្លៃពីមន្រ្តីជំនាញនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ពុទ្ធបដិមា២អង្គដែលពលរដ្ឋបានប្រទះឃើញក្នុងឆ្នាំ២០២៤នេះ គឺជាពុទ្ធបដិមាបុរាណសាងពីថ្មភក់ ក្នុងរចនាបទភ្នំដា តាំងពីកំឡុងឆ្នាំទី៦០០និង៦៩៩នៃគ្រឹស្តសករាជ ពោលគឺជាពុទ្ធបដិមាដែលត្រូវបានសាងសង់ឡើងតាំងពីប្រមាណ១៤០០ឆ្នាំមុនមកម្ល៉េះ។

តាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ពុទ្ធបដិមាទាំងពីរអង្គ មានស្ថានភាពបែកបាក់ និងមានការចាំបាច់ក្នុងការសម្អាតអភិរក្សទៅតាមបច្ចេកទេស។

នៅចំពោះមុខនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសម្ដែងក្ដីអំណរគុណជាពន់ពេកដល់ពលរដ្ឋខ្មែរ ដែលមានភាពស្មោះត្រង់ក្នុងការរាយការណ៍ពីការរកឃើញវត្ថុបុរាណដ៍ចំណាស់នេះជូនមន្រ្តីអាជ្ញាធរ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈប្ដេជ្ញាសិក្សា និងអភិរក្សជួសជុលវត្ថុបុរាណទាំងនេះបន្ថែមទៀតដើម្បីដាក់បង្ហាញជូនសាធារណជននាពេលអនាគត។

គួរបញ្ជាក់ថា ពុទ្ធបដិមាទាំងពីរអង្គនេះ ត្រូវបានរកឃើញក្នុងភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ