អានតួអត្ថបទ

ចិនឈរលេខរៀងទី១ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០២៣

លំហូរទុនវិនិយោគឯកជននៅកម្ពុជាមានការកើនឡើងចំនួន ២២%នៅឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២។ ក្នុងនោះមានគម្រោងវិនិយោគសរុបចំនួន ២៦៨ ដែលមានទុនវិនិយោគប្រមាណជិត ៥ពាន់លានដុល្លារ។ ក្នុងចំណោមគម្រោងវិនិយោគសរុប ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន២៤៧ ទើបអនុម័តនៅឆ្នាំ២០២៣។ ភាគច្រើនគម្រោងវិនិយោគនេះ គឺចិនបានឈរនៅលំដាប់លេខរៀងទី១ មានប្រមាណ ៦៦% ចំណែកក្នុងស្រុកមានប្រមាណ២៤% ក្រៅពីនេះគឺបន្ទាប់បន្សំ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា (CDC) ចេញផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤។

ចិនឈរលេខរៀងទី១ក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា
ចិនឈរលេខរៀងទី១ក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា © សេង បារាំង
ផ្សាយពាណិជ្ជកម្ម

ក្នុងឆ្នាំ២០២៣មានគម្រោងវិនិយោគសរុបចំនួន២៦៨ ដែលមានទុនវិនិយោគសរុបប្រមាណជិត ៤.៩ពាន់លានដុល្លារអាមេរិក និងបង្កើតការងារបានប្រមាណ ៣០៧,០០០កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប ក្នុងនោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តគម្រោងថ្មីចំនួន២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន២១ ក្នុងនោះគម្រោងវិនិយោគចំនួន៧១ ត្រូវបានបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ បន្ថែមពីនេះទៀត ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ចំនួនគម្រោងវិនិយោគ​ក្នុង​វិស័យឧស្សាហកម្ម បានចូលរួមចំណែកដល់ទៅប្រមាណ ៩២% នៃចំនួនគម្រោងវិនិយោគសរុប ១៦៦.៨​លានដុល្លារ ខណៈទុនវិនិយោគប្រមាណ ៤៦% បានមកពីវិស័យនេះ។

ទោះបីគម្រោងវិស័យឧស្សាហកម្មបានចូលរួមចំណែកច្រើន ប៉ុន្តែការវិនិយោគប្រើដើមទុនតិចជាងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ។ ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗប្រមាណ ២,៦% បានចូលរួមចំណែកប្រមាណ ៤៤%ប៉ុណ្ណោះ ក្នុងចំណោមគម្រោងវិនិយោគសរុប២៦៨ ។ មូលហេតុដោយសារចរិតនៃការវិនិយោគក្នុងវិស័យនេះ ត្រូវការទុនវិនិយោគច្រើនក្នុង១គម្រោង។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងនោះការវិនិយោគលើវិស័យទេសចរណ៍មានទាបជាងគេបំផុតក្នុងចំណោមវិស័យផ្សេងៗ ពោលមានចំនួន៣៧លានដុល្លារ  ខណៈដែលវិស័យនេះត្រូវរដ្ឋរំពឹងមានការរីកចម្រើនក្នុងឆ្នាំ២០២៣ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ។

ចំណែកវិស័យកសិកម្មវិញក៏មានការវិនិយោគតិចដែរ គឺមានប្រមាណ ១០៩លានដុល្លារប៉ុណ្ណោះ ខណរដ្ឋរំពឹងថាវិស័យនេះនឹងជួយជំរុញដល់សេដ្ឋកិច្ចជាតិ ដោយសារប្រទេសកម្ពុជាមានអំណោយផលធ្វើកសិកម្ម ក្នុងពេលពិភពលោកបាននិងកំពុងជួបនូវបញ្ហាខ្វះស្បៀង។

ទោះបីជាវិស័យសំខាន់ៗដូចជាទេសចរណ៍ និងកសិកម្មមានការវិនិយោគតិច តែ CDC ថាជារួមរំហូរទុនវិនិយោគឯកជននៅឆ្នាំ២០២៣ មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរង្វង់ប្រមាណ ២២% បើធៀបនឹងឆ្នាំ២០២២។ ក្នុងនោះគម្រោងវិនិយោគភាគច្រើន គឺប្រទេសចិនឈរនៅលំដាប់លេខរៀងទី១ មានប្រមាណ ៦៦% ចំណែកក្នុងស្រុកមានប្រមាណ២៤%។ ក្រៅពីនេះសិង្ហបុរី២% ម៉ាឡេស៊ី២% និងបន្ទាប់បន្សំមាន៦%។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងចំនួន ១៦៥គម្រោង ដែលទុនវិនិយោគប្រមាណជាង ៣ ៧៧៩លានដុល្លារអាមេរិក បង្កើតការងារបានចំនួន ១៦១ ៩៩៥កន្លែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ