អានតួអត្ថបទ

ADHOC ស្នើឱ្យគោរពត្រេឹមត្រូវនូវវិធានការនៃការអនុវត្តឃុំខ្លួនជនជាប់ចោទបណ្តោះអាសន្ន

សមាគមអាដហុក (ADHOC) ស្នើឱ្យក្រសួងយុត្តិធម៌ដាក់វិធានការចំពោះការអនុវត្តន៍របស់ចៅក្រមនិងតំណាងអយ្យការទាំងឡាយដែលសម្រេចកំណត់ថិរវេលាឃុំខ្លួនជនជាប់ចោទបណ្តោះអាសន្ន ផ្ទុយគោលបំណងនៃនិតិវិធីច្បាប់។ ការស្នើនេះធ្វើឡើង បន្ទាប់ពីសមាគមអាដហុកបានចូលរួមឃ្លាំមើលសវនាការនៅកម្ពុជាចំនួន១៧៥ករណី និងរកឃើញថាមាន៨០ករណីត្រូវបានតុលាការសម្រេចឃុំខ្លួនជនជាប់ចោទបណ្តោះអាសន្នលើសពី៦ខែដល់២៤ខែ។

ADHOC ស្នើឱ្យដាក់វិធានការណ៍ចំពោះការអនុវត្តឃុំខ្លួនជនជាប់ចោទបណ្តោះអាសន្នផ្ទុយនឹងច្បាប់
ADHOC ស្នើឱ្យដាក់វិធានការណ៍ចំពោះការអនុវត្តឃុំខ្លួនជនជាប់ចោទបណ្តោះអាសន្នផ្ទុយនឹងច្បាប់ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ក្នុងលទ្ធផលសង្ខេបការឃ្លាំមើលសវនាការរបស់សមាគមអាដហុក ដែលបានចេញផ្សាយនៅថ្ងៃទី២ខែមករាឆ្នាំ២០២៤បង្ហាញថា មានជនជាប់ចោទ១៤២ករណី ត្រូវតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន។ ហើយបើគិតដល់ថ្ងៃបើកសវនាការជំនុំជម្រះ មានជនជាប់ចោទ៨០ករណី ត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នលើសពី៦ខែរហូតដល់២៤ខែ។ នេះជាលទ្ធផលនៃការចូលរួមឃ្លាំមើលសវនាការរបស់អាដហុកចំនួនសរុប​​១៧៥ករណី ស្ថិតនៅក្នុង២០រាជធានី-ខេត្ត ក្នុងនោះ មានករណីសិទ្ធិមនុស្ស៤៥.១% ករណីសិទ្ធិដីធ្លី១៨.៣% និងករណីស្ត្រី-កុមារ៣៦.៦%។

យោងតាមលទ្ធនៃការឃ្លាំមើលសវនាការដដែល សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC) ស្នើឱ្យក្រសួងយុត្តិធម៌ដាក់វិធានការច្បាស់លាស់ ចំពោះការអនុវត្តន៍របស់ចៅក្រម និងតំណាងអយ្យការទាំងឡាយណាដែលសម្រេចកំណត់ថិរវេលាឃុំខ្លួនជនជាប់ចោទបណ្តោះអាសន្នផ្ទុយគោលបំណងនៃនិតិវិធីច្បាប់។

គួរជម្រាបជូនថា ការឃុំខ្លួនបណ្ដោះអាសន្ន ជានីតិវិធីមួយដែលធ្វើឡើងនៅមុនពេលជម្រះក្ដី ក្នុងពេលដែលសំណុំរឿងព្រហ្មទណ្ឌស្ថិតនៅក្នុងដំណាក់កាលរបស់ចៅក្រមស៊ើបសួរ។ ការឃុំខ្លួនបណ្ដោះអាសន្នអាចធ្វើឡើងបានក្នុងករណីចោទប្រកាន់ពីបទឧក្រិដ្ឋឬមជ្ឃិម ដែលច្បាប់កំណត់ផ្តន្ទាទោសដាក់ពន្ធនាគារស្មើ  ឬលើសពី ១(មួយ) ឆ្នាំឡើងទៅ។

តាមរយៈវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី៣មករា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន យល់ថា របាយការណ៍របស់សមាគមអាដហុកស្តីពីការឃ្លាំមើលសវនាការនេះ គ្មានគុណភាពនិងគ្មានភាពច្បាស់លាស់យកជាការបាន។ លោក ជិន ម៉ាលីន បានរិះគន់របាយការណ៍ខាងលើថាជារបាយការណ៍ដែលអង្កេតនិងវាយតម្លៃខ្វះការយល់ដឹងពីនិតិវិធីច្បាប់ និងខ្វះការផ្ទៀងផ្ទាត់ជាមួយមន្ត្រីអនុវត្តច្បាប់និងអ្នកពាក់ព័ន្ធ។

ក្រមនីតិវិធីព្រហ្មទណ្ឌ ក្នុងមាត្រា២០៨ ចែងថា ចំពោះនីតិជនដែលត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋ ការឃុំខ្លួនបណ្តោះអាសន្នមិនលើសពី៦ខែ ប៉ុន្តែនៅពេលជិតផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារការឃុំខ្លួនបណ្ដោះអាសន្នម្ដងបាន៦ខែ ហើយការសម្រេចពន្យារនេះអាចធ្វើបានតែ២ដងគត់។ រីឯក្នុងមាត្រា២០៩ ចែងថា ចំពោះនីតិជនដែលត្រូវចោទប្រកាន់ពីបទមជ្ឈិម ការឃុំខ្លួនមិនអាចលើសពី៤ខែ ប៉ុន្តែនៅពេលដែលជិតផុតថិរវេលា ចៅក្រមស៊ើបសួរអាចពន្យារពេលការឃុំខ្លួនបណ្តោះអាសន្នបានម្តងគត់ ដោយមិនអាចលើសពី២ខែ។  តែយ៉ាងណា ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នមិនត្រូវលើសពីពាក់កណ្តាលនៃអប្បបរមានៃទោសដែលច្បាប់បានកំណត់ឡើយ។   

តែយ៉ាងណា លោក ជិន ម៉ាលីន លើកឡើងថាក្រសួងយុត្តិធម៌អាចពិនិត្យនិងដាក់វិធានការដោះស្រាយណាមួយ ប្រសិនបើវាជារបាយការណ៍មានមូលដ្ឋានច្បាស់លាស់។ ស្របពេលជាមួយគ្នានេះ លោក ជិន ម៉ាលីន ស្វាគមន៍ចំពោះការផ្តល់ដំណឹងមកកាន់ក្រសួងយុត្តិធម៌ បើពិតជារកឃើញថាចៅក្រម ក្រឡាបញ្ជី ព្រះរាជអាជ្ញាណាដែលប្រព្រឹត្តិខុសនិតិវិធីក្រមសិលធម៌វិជ្ជាជីវៈមែន។

សូមជម្រាបបន្ថែមថា ការឃ្លាំមើលសវនាការទាំងជាង១៧០ករណីត្រូវបានសមាគមអាដហុករិះគន់ពីភាពយឺតយាវនៃការបើកសវនាការ ភាពយឺតយ៉ាវក្នុងការចេញលិខិតអញ្ជើញមេធាវីតំណាងគូភាគីដើម្បីចូលរួមនិតិវិធីនៅដំណាក់កាលព្រះរាជអាជ្ញា ដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ និងរិះគន់ផងដែរចំពោះភាពមិនប្រក្រតីក្នុងការដោះស្រាយករណីវិវាទដីធ្លីរវាងសហគមន៍ជាមួយនឹងអ្នកមានទ្រព្យអំណាចជាដើម។ល។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ