អានតួអត្ថបទ

អភិបាលខេត្តកែប៖អភិបាលនិងនាយករដ្ឋបាលក្រុងកែបនៅធ្វើការជាធម្មតា

អភិបាលខេត្តកែប នៅព្រឹកថ្ងៃពុធទី៣ខែមករានេះ បានគូសបញ្ជាក់យ៉ាងខ្លីប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា អភិបាលក្រុងកែបនិងនាយករដ្ឋបាលក្រុងកែប កំពុងធ្វើការជាធម្មតានោះទេ។ ការអះអាងពីអភិបាលខេត្តយ៉ាងដូច្នេះ គឺបន្ទាប់ពីការផ្ទុះព័ត៌មានស្ដីពីការឃាត់ខ្លួនមន្រ្តីជាន់ខ្ពស់ក្រុងកែបទាំងពីរ ដោយអង្គភាពប្រឆាំងអំពើពុករលួយ(ACU) នៅព្រឹកថ្ងៃអង្គារ ទី២ មករាម្សិលមិញ។ 

អភិបាលខេត្តលោកសោម ពិសិដ្ឋ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ផ្តល់យោបល់ និងកែសម្រួលលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆាំ្នរំកិល(២០២៤-២០២៦) របស់រដ្ឋបាលខេត្ត​កែប ថ្ងៃទី៣ មករា ២០២៤
អភិបាលខេត្តលោកសោម ពិសិដ្ឋ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ផ្តល់យោបល់ និងកែសម្រួលលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆាំ្នរំកិល(២០២៤-២០២៦) របស់រដ្ឋបាលខេត្ត​កែប ថ្ងៃទី៣ មករា ២០២៤ © FB/រដ្ឋបាលខេត្តកែប
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFI  នៅថ្ងៃពុធទី៣ខែមករានេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប សុំមិនអត្ថាធិប្បាយអ្វីឡើយ ចំពោះព័ត៌មានជុំវិញការឃាត់ខ្លួន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប។ យ៉ាងណាអភិបាលខេត្តរូបនេះ បានគូសបញ្ជាក់ថា មន្រ្តីទាំងពីរកំពុងតែបម្រើការងារជាធម្មតាទេ នៅព្រឹកថ្ងៃពុធទី៣ខែមករានេះ។

ដោយឡែក បើតាមការស្រង់សម្ដីផ្សាយដោយសារព័ត៌មានផ្សេងទៀត អភិបាលខេត្តរូបនេះ បានគូសបញ្ជាក់ថា ការឃាត់ខ្លួនមន្រ្តីក្រុងកែបទាំងពីរកាលពីថ្ងៃអង្គារទី២ខែមករាគឺគ្រាន់តែជាភាន់ច្រឡំប៉ុណ្ណោះ។

ទន្ទឹមគ្នានេះ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោកសយ ច័ន្ទវិចិត្រ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី៣ខែមករានេះថា លោកក៏មិនទាន់មានព័ត៌មានច្បាស់លាស់ស្ដីពីការឃាត់ខ្លួនមន្រ្តីក្រុងកែបទាំងពីរដែរ ព្រោះលោកមិនទាន់ទទួលបានព័ត៌មានផ្លូវការជុំវិញករណីឃាត់ខ្លួនមន្រ្តីក្រុងកែបទាំងពីរនេះ។

សូមបញ្ជាក់ថា យោងតាមប្រភពពីស្នងការខេត្តកែប សារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានចុះផ្សាយថា អភិបាលក្រុងកែបនិងនាយករដ្ឋបាលក្រុងកែប ត្រូវបានឃាត់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ(ACU) នៅថ្ងៃទី២ខែមករាម្សិលមិញ។ សេចក្ដីរាយការណ៍ទាំងនេះ ក៏បានឲ្យដឹងបន្ថែមថា មន្រ្តីក្រុងកែបទាំងពីរត្រូវបានACUឃាត់ខ្លួននៅសាលាក្រុងកែបតែម្ដង ក្រោយមន្រ្តីទាំងពីរចប់កិច្ចប្រជុំនៅវេលាម៉ោងប្រមាណ១១ព្រឹក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ