អានតួអត្ថបទ

លោក ឃុន លាងម៉េង៖ សាលាឧទ្ធរណ៍នឹងបើកសវនាការរឿងក្ដីលោកកឹម សុខា នៅចុងខែមករា

លោក កឹម សុខា
លោក កឹម សុខា © សេង បារាំង
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤នេះថា សំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ នឹងត្រូវលើកទៅជំនុំជម្រះនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ តែគេនៅពុំទាន់ដឹងថា តើលោក កឹម សុខានឹងមានមេធាវីការពារក្ដីឬក៏អត់។ ចំណែកលោកស្រី ម៉េង សុភារី អតីតសហមេធាវីម្នាក់របស់លោកកឹម សុខាបានបញ្ជាក់ថា សហមេធាវីពុំអាចជួបពិភាក្សាជាមួយលោក កឹម សុខា ដែលជាកូនក្ដីបានទេ គិតចាប់តាំងពីសាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមផ្ដន្ទាទោសលោក កឹម សុខា។ មូលហេតុ គឺមកពីសាលក្រមនេះ បានហាមមិនឲ្យលោក កឹម សុខា ជួបអ្នកណាទាំងអស់ ក្រៅពីក្រុមគ្រួសាររបស់លោក។ នេះបើតាមលោកស្រី ម៉េង សុភារី។

សូមបញ្ជាក់ថា លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដាក់ពន្ធនាគាររយៈពេល២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ ក៏ប៉ុន្តែ លោក កឹម សុខា ត្រូវបានបញ្ជូនទៅឃុំខ្លួននៅក្នុងផ្ទះ។ ទន្ទឹមគ្នានេះ តុលាការក៏បានបង្គាប់ឱ្យដកសិទ្ធិនយោបាយជាអចិន្រ្តៃយ៍ពី លោក កឹម សុខា ដោយហាមការឈរឈ្មោះ ឬចូលរួមបោះឆ្នោត ដែលជាទណ្ឌកម្មបន្ថែមតាមមាត្រា៤៥០នៃក្រមព្រហ្មទណ្ឌ។ តែចាប់តាំងពីចុងខែមីនា ឆ្នាំ២០២៣មក សំណុំរឿងលោក កឹម សុខា ត្រូវបានអូសបន្លាយជាច្រើនខែ។ ការអូសបន្លាយនេះ ត្រូវបានអតីតក្រុមមេធាវីការពារសិទ្ធិលោក កឹម សុខា តែងធ្វើអត្ថាធិប្បា​យថាជាការរំលោភលើសិទ្ធិកូនក្តី។

ប៉ុន្តែអ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង ពន្យល់ថា សំណុំរឿងនេះ មិនមានភាពយឺតយូរនោះទេ។ លោកអះអាងថា សំណុំរឿងដែលទាក់ទងទៅនឹងលោក កឹម សុខា មានភាពស្មុគ្រស្មាញ និងមានឯកសារច្រើន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ