អានតួអត្ថបទ

លោកទេព អស្នារិទ្ធ៖អ្នកកាសែត ១៩២នាក់មកពី១០៧អង្គភាពចូលខ្លួនបំភ្លឺរឿងសុំលុយពីកាស៊ីណូ top diamond

អ្នកសារព័ត៌មានចំនួន១៩២រូបមកពី១០៧អង្គភាពបានចូលខ្លួនមកផ្ទៀងផ្ទាត់ឈ្មោះ និងឆ្លើយបំភ្លឺនៅក្រសួងព័ត៌មាន ក្នុងចំណោម ៨២៨រូបដែលក្រសួងបានបង្ហាញឈ្មោះពាក់ព័ន្ធនឹងករណីសុំលុយកាក់ពីក្រុមហ៊ុនកាស៊ីណូ ថបដាយម៉ិន (top diamond) នៅខេត្តតាកែវ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ។ ចំណែកអ្នកសារព័ត៌មានដែលនៅសេសសល់មិនព្រមចូលខ្លួន ក្រសួងព័ត៌មាននឹងចាត់វិធានការតាមច្បាប់។

អ្នកសារព័ត៌មានចំនួន១៩២រូបមកពី១០៧អង្គភាពបានចូលខ្លួនមកផ្ទៀងផ្ទាត់ឈ្មោះ និងឆ្លើយបំភ្លឺនៅក្រសួងព័ត៌មាន
អ្នកសារព័ត៌មានចំនួន១៩២រូបមកពី១០៧អង្គភាពបានចូលខ្លួនមកផ្ទៀងផ្ទាត់ឈ្មោះ និងឆ្លើយបំភ្លឺនៅក្រសួងព័ត៌មាន © សេង បារាំង
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា ក្រោយឱសានវាទថ្ងៃទី២០ ធ្នូ ឆ្នាំ២០២៣ មានអ្នកសារព័ត៌មានចំនួន ១៩២​រូប មកពី ១០៧អង្គភាពសារព័ត៌មាន ក្នុងនោះប្រុស ១៧០រូប និងស្រី ២២រូប បានចូលខ្លួនមកផ្ទៀងផ្ទាត់ឈ្មោះ និងឆ្លើយបំភ្លឺនៅក្រសួងព័ត៌មាន។ តាមលោក ទេព អស្នារិទ្ធ បច្ចុប្បន្ននេះ ក្រសួងព័ត៌​មាន​កំពុងរៀបនិងឈានទៅដាក់ដំណើរការនីតិវិធី និងរបៀបរបបពាក់ព័ន្ធសម្រាប់កិច្ចការនេះ ដើម្បីឲ្យអ្នកដែល​ពាក់ព័ន្ធចូលឆ្លើយបំភ្លឺ។

ចំនួនអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានដែលបានចូលផ្ទៀងផ្ទាត់ឈ្មោះ និងបំភ្លឺខាងលើស្ថិតក្នុងចំណោម ៨២៨រូបដែលក្រសួងបានបង្ហាញឈ្មោះពាក់ព័ន្ធនឹងករណីសុំលុយកាក់ពីក្រុមហ៊ុនកាស៊ីណូ ថបដាយម៉ិន។ ដូច្នេះមានន័យថា នៅមានអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនទៀតដែលមិនព្រមចូលខ្លួនផ្ទៀងផ្ទាត់ឈ្មោះ និងបំភ្លឺ ខណៈការដាក់ឱសាទវាទរបស់ក្រសួងព័ត៌មានឲ្យចូលខ្លួនផ្ទៀងផ្ទាត់ឈ្មោះ និងបំភ្លឺ បានផុតកំណត់តាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

បើតាមលោក ទេព អស្នារិទ្ធ អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានដែលមិនព្រមចូលផ្ទៀងផ្ទាត់ឈ្មោះ និងបំភ្លឺតាមការកំណត់នឹងត្រូវក្រសួងចាត់វិធានការទៅតាមច្បាប់ជាធរមាន។

សូមបញ្ជាក់ថា នៅថ្ងៃទី១៦វិច្ឆិកា ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានចេញសេចក្ដីប្រកាសព័ត៌មានដោយបង្ហាញចំនួនតួលេខអ្នកសារព័ត៌មានដែលពាក់ព័ន្ធនឹងករណីសុំលុយកាក់ពីក្រុមហ៊ុនកាស៊ីណូ ថបដាយម៉ិន ដែលមានចំនួន៨២៨រូប។ បើតាមការបញ្ជាក់របស់ក្រសួងព័ត៌មាន តួលេខចំនួន៨២៨ គឺជាចំនួនអ្នកសារព័ត៌មានបុគ្គល ពោលមិនមែនជាចំនួនអង្គភាពសារព័ត៌មាននោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ