អានតួអត្ថបទ

ព្រឹត្តិ​ការណ៍​សំខាន់​ៗ​ ៤​កើត​ឡើង​នៅ​ឆ្នាំ​២០២៣

នៅ​ឆ្នាំ​២០២៣ ​មាន​ព្រឹត្តិការណ៍​សំខាន់​ៗ​យ៉ាង​តិច​៤ ​បាន​កើត​ឡើង​ គឺ​ការ​ចាប់​ខ្លួន​ លោក​ ថាច់​ សេដ្ឋា​ អនុប្រ​ធាន​គណ​បក្ស​ភ្លើង​ទៀន​ នៅ​ពាក់​កណ្តាល​ខែ​មករា​។ ​បន្ទាប់​មក​ មាន​ការ​កាត់​ទោស​ លោក​ កឹម​ សុខា ​ដាក់​ឃុំ​២៧​ឆ្នាំ ​នៅ​ដើម​ខែ​មីនា​។​ ក្រៅ​ពី​រឿង​នយោបាយ​ ក៏​មាន​ដែរ ​ការ​រៀប​ចំព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី៣២​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ នៅ​ខែ​ឧសភា​។​ ចំណែក​ព្រឹត្តិការណ៍​ធំ​មួយ​ទៀត​ គឺ​ការ​រៀប​ចំ​បោះឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ខែ​កក្កដា​។

ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២
ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ © Internet
ផ្សាយពាណិជ្ជកម្ម

ដើមឆ្នាំ២០២៣ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានចាប់ខ្លួន

បុរសមកពីខ្មែរកម្ពុជាក្រោមរូបនេះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៦មករាឆ្នាំ២០២៣ក្រោមបទចោទ«​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរបាន​» ឬចេញ​សែក​ដោយ​គ្មាន​សាច់​ប្រាក់​កាលពីឆ្នាំ ​២០១៩។​

ប៉ុន្តែ​គណបក្ស​ភ្លើងទៀន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយថ្កោលទោស ​និង​ស្នើឲ្យដោះលែង​លោក ​ថាច់ សេដ្ឋា ​អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន​ដោយ​ឥតលក្ខខណ្ឌ។ ទោះជាយ៉ាងណាមកដល់ពេលនេះ លោក ថាច់ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ក្នុងពន្ធនាគារចំនួន ៣ ឆ្នាំ ពីបទញុះញង់ឱ្យមានការអើសរើងតាមសុន្ទរកថារបស់លោកជាមួយអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិកាលពីដើមឆ្នាំ២០២៣នៅកូរ៉េខាងត្បូង។ នេះជាការកាត់ទោសបន្ថែមពីលើសំណុំរឿងទី១ ដែល លោក សេដ្ឋា ត្រូវបានជាប់ពន្ធនាគារ មួយឆ្នាំកន្លះ ពីបទទូទាត់សងប្រាក់មិនប្រក្រតី ឬចេញសែកស្អុយ។

នៅខែមីនា តុលាការកាត់ទោស លោក កឹម សុខា ២៧ឆ្នាំ

នៅថ្ងៃទី៣មីនា២០២៣ តុលាការក្រុងភ្នំពេញបានប្រកាស​សាលក្រម​កាត់​ទោស​ លោក ​កឹម សុខា​ អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ ​ដាក់​ពន្ធនាគារ​ចំនួន ​២៧​ឆ្នាំ ពីបទ​សន្ទិដ្ឋិភាព​ជាមួយ​រដ្ឋ​បរទេស​។ ក៏ប៉ុន្តែ​តុលាការ​តម្រូវ​ឲ្យ​សមត្ថកិច្ច​ឃុំ​ខ្លួន​លោក​ កឹម សុខា ​នៅ​ក្នុង​ផ្ទះ ​ដោយ​ដក​ហូត​សិទ្ធិ​ពលរដ្ឋ​ សិទ្ធិ​នយោបាយ​ជា​ស្ថាពរ​។​

ការកាត់ទោសមេដឹកនាំបក្សប្រឆាំងរូបនេះ បានទាញការចាប់ពីអារម្មណ៍ពីសារព័ត៌មានធំៗលើពិភពលោក តួយ៉ាង សារព័ត៌មានបារាំង France24 និង កាសែត Le Monde។សារព័ត៌មានរបស់កាតា Al Jazeera សារព័ត៌មានរបស់អង់គ្លេស The Guardian សារព័ត៌មានរបស់អាឡឺម៉ង់ DW សារព័ត៌មានអាមេរិក ABC News CNN International និងសារព័ត៌មានរបស់ឥណ្ឌា India Today សារព័ត៌មានអង់គ្លេស BBC និងសារព័ត៌មានជប៉ុន Kyodo ជាដើម។ ប្រតិកម្មពីសំណាក់ប្រទេសលោកខាងលិច បានហៅការកាត់ទោសនេះថាជារឿងនយោបាយ។

នៅខែឧសភា កម្ពុជារៀបចំព្រឹត្តិការណ៍ស៊ីហ្គេមជាប្រវត្តិសាស្ត្រ

ព្រឹត្តិការណ៍កីឡា អាស៊ី អាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ ដែល​កម្ពុជាជាម្ចាស់​ផ្ទះបាន​បើក​ជាផ្លូវការ​នៅថ្ងៃទី៦ឧសភា២០២៣ និងបិទបញ្ចប់នៅថ្ងៃទី១៧ឧសភា។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ កម្ពុជាទទួលបានមេដាយសរុបចំនួន ២៨២គ្រឿង ក្នុងនោះ មេដាយមាស៨១គ្រឿង ប្រាក់៧៤គ្រឿង និងសំរឹទ្ធ១២៧គ្រឿង។

៦៤ឆ្នាំ ទើបមានឱកាសរៀបចំព្រឹត្តការណ៍អន្តរជាតិ​បែបនេះបានម្តង រដ្ឋាភិបាលកម្ពុជាបានប្រកាសពីភាពជោគជ័យ និង​ផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក ខណៈកម្ពុជា ផ្តល់ជូនកន្លែងស្នាក់នៅ អាហារ ដោយ​មិនគិត​ថ្លៃដល់ប្រតិភូកីឡាដែលចូលរួមទាំងអស់។

ការរៀបចំព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២នេះ កម្ពុជាចំណាយអស់ទឹកប្រាក់ប្រមាណជិត ២០០ លានដុល្លារ។

ព្រឹត្តិការណ៍ស្រដៀងគ្នានេះ ក៏ត្រូវបានកម្ពុជារៀបចំផងដែរ គឺការប្រកួតកីឡា ជនពិការអាស៊ី ​អាគ្នេយ៍ ឬអាស៊ាន ប៉ារ៉ាហ្គេម។អាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ។ អាស៊ានប៉ារ៉ាហ្គេមនេះ កម្ពុជាឈ្នះមេដាយសរុប ៧០ គ្រឿង ក្នុងនោះ មេដាយមាស ៩ គ្រឿង ប្រាក់ ១៨ គ្រឿង និងសំរឹទ្ធ ៤៣ គ្រឿង ។

នៅខែកក្កដា កម្ពុជារៀបចំការបោះឆ្នោតថ្នាក់ដោយគ្មានវត្តមានគណបក្សប្រឆាំង

ការបោះឆ្នោត​កាលពីថ្ងៃទី២៣​កក្កដា២០២៣ គឺមានគណបក្សចូលរួមចំនួន១៨។ ប៉ុន្តែ​មិនមានវត្តមានគណបក្សភ្លើងទៀននោះឡើយ។ គណបក្សជំទាស់នេះ ត្រូវបាន គជប បដិសេធមិនឲ្យចូលរួម ក្រោម​ហេតុ​ផល មិនមានឯកសារដើមបញ្ជាប់​សំបុត្រកំណើតរបស់គណបក្ស ខណៈគណបក្សអះអាងថា បានបាត់​នៅពេលអាជ្ញាឬចូលទីស្នាក់បក្សប្រឆាំងនៅឆ្នាំ២០១៧។

ជាលទ្ធផលនៃការបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជាបន្តកាន់អំណាចដោយ​សំឡេង​ឆ្នោត​ច្រើន​លើសលប់ ដោយទទួលបានកៅអីតំណាងរាស្ត្រចំនួន១២០ លើ១២៥។ នៅសល់៥កៅអីបានទៅលើគណបក្ស​ហ្វ៊ុនស៊ិនប៉ិច បន្ទាប់ពីគណបក្សរាជានិយមមួយនេះ របូតកៅអីតំណាងរាស្ត្រចំនួន១០ឆ្នាំមកនោះ។

លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជានេះ មិនត្រូវបានសារទពីបណ្តាប្រទេសប្រកាន់​លទ្ធិប្រជាធិបតេយ្យសេរីនោះឡើយ។ តែសម្រាប់ប្រទេសមួយចំនួនដែលមិនមែនជាប្រទេសប្រជាធិបតេយ្យពួកគេបានមកអបអរសារទ។

បន្ទាប់ពីចេញផលទ្ធផលបោះឆ្នោត លោក ហ៊ុន សែន បានប្រកាសប្រគល់តំណែងជានាយក​រដ្ឋមន្ត្រីទៅឲ្យលោក ហ៊ុន ម៉ាណែត​ ជាកូនប្រុសច្បងរបស់លោក ទោះជាពេលឃោសនាបោះឆ្នោត លោក ហ៊ុន សែន គឺជាបេក្ខជននាយករដ្ឋមន្ត្រី។

ជាការកត់សំគាល់ តាំងពីមុនពេលបោះឆ្នោត និងក្រោយការបោះឆ្នោត មានអ្នកនយោបាយបក្សប្រឆាំងជាច្រើន​ត្រូវបានចាប់ខ្លួន។ ក្រោយមកពួកគេមួយចំនួនបានចុះចូលជាមួយបក្សកាន់អំណាចជាបន្តបន្ទាប់។ ប៉ុន្តែ​ក្នុង​នោះក៏មានលោក គង់ រ៉ៃយ៉ា និងលោក គង់ ជិ បានរត់ចេញវិញ ដោយបានសិទ្ធិរស់នៅក្រៅប្រទេស។

ចំណែក លោក គង់ គាំ ជាអតីតទីប្រឹក្សាគណបក្សភ្លើងទៀន ត្រូវបានលោក ហ៊ុន សែន បញ្ជាឲ្យប្រគល់ដីដែល​ធ្លាប់រស់នៅប្រមាណ៤០ឆ្នាំមកនោះ ទៅឲ្យរដ្ឋវិញ។ ការដកហូតដីធ្លីពីអ្នកនយោបាយ​ប្រឆាំងរូបនេះនេះ ធ្វើ​ឡើង​នៅមុនការបោះឆ្នោត ខណៈលោក គង់ គាំ ប្រើវោហាសាសន៍ រិះគន់ខ្លាំងៗលើគណបក្សប្រជាជនកម្ពុជា ដែលលោកធ្លាប់ជាសមាជិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ