អានតួអត្ថបទ

សង្គមស៊ីវិលនៅកម្ពុជា៖ ថៃផ្តល់ទីតាំងឲ្យក្រុមប្រឆាំងរបស់កម្ពុជាធ្វើសកម្មភាព

សង្គម​ស៊ីវិល​នៅ​កម្ពុជា​ចោទ​ប្រកាន់​គណ​បក្ស​ប្រឆាំង​ថៃ​ថា ​ផ្តល់​ទឹក​ដី​របស់​ខ្លួន​ឲ្យក្រុម​ប្រឆាំង​របស់​កម្ពុជា​ធ្វើសកម្មភាព​ប្រ​ឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​។​ ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​តាម​រយៈ​លិខិត​ក្នុង​ទម្រង់​ដូចៗ​គ្នា ដែល​ចេញ​ផ្សាយ​នៅថ្ងៃ​ទី​២៥​ធ្នូ​២០២៣ ​ដោយ ​សមាគម សហជីព និង​អង្គការ​មួយ​ចំនួន​ ដែល​ត្រូវ​បាន​គេស្គាល់​ថា ​មាន​ទំនោរ​ទៅ​រក​រដ្ឋាភិបាល​កម្ពុជា​។

សកម្មភាពរបស់អ្នកនយោបាយខ្មែរនៅថៃ
សកម្មភាពរបស់អ្នកនយោបាយខ្មែរនៅថៃ © Fresh News
ផ្សាយពាណិជ្ជកម្ម

ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ បានស្នើឲ្យ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ ត្រួតពិនិត្យមើលសកម្មភាពរបស់ គណបក្ស Move Forward (គណបក្សកៅក្លៃ) របស់ថៃ ដែលកំពុងធ្វើសកម្មភាពគាំទ្រ និងបណ្តុះបណ្តាលដល់ ក្រុមអ្នកយោបាយប្រឆាំងរបស់កម្ពុជា។

ក្នុងលិខិតតវ៉ានោះ ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ បានលើកឡើងដោយយោងតាមច្បាប់ស្តីពីកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសទាំងពីរ និងលក្ខន្តិកៈរបស់សមាគមអាស៊ាន ។ លក្ខន្តិកៈរបស់សមាគមអាស៊ាន​ដែលចែងថា ប្រទេសជាសមាជិកអាស៊ានទាំងអស់ មិនអាចជ្រែតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាពណាមួយប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសសមាជិកមួយទៀតបានឡើយ។ ជាងនេះទៅទៀត ច្បាប់នៅក្នុងអង្គការសហប្រជាជាតិ ក៏បានបញ្ជាក់ផងដែរថា ប្រទេសមួយមិនអាចធ្វើនយោបាយរំលោភ ឬបំផ្លាញប្រទេសមួយដែលប្រជាពលរដ្ឋកំពុងរស់នៅប្រកបរបរចិញ្ចឹមជីវិតយ៉ាងសុខដុមរមនា និងប្រកបដោយសុខសន្តិភាព និងប្រជាធិបតេយ្យនោះទេ។

ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ បានចាត់ទុកថា សកម្មភាពនយោបាយរបស់ គណបក្សកាវក្លៃ ហាក់បីដូចជាកំពុងធ្វើសកម្មភាពឲ្យប៉ះពាល់ដល់នយោបាយការទូតរវាង ប្រទេសកម្ពុជា-ថៃ​ និងព្រមានថា សកម្មភាពនេះក៏ប៉ះពាល់ផងដែរ ទាំងវិស័យសេដ្ឋកិច្ច និងនយោបាយ ពិសេសធ្វើឲ្យប៉ះពាល់ច្បាប់ប្រទេសថៃ ដែលមិនអនុញ្ញាតឲ្យបរទេសណាមួយយកទឹកដីខ្លួន ធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ប្រទេសផ្សេងៗ​ ពិសេសប្រទេសអាស៊ាន។

អ្នកតាមដានសភាពការណ៍បារម្ភថា ការដាក់លិខិតតវ៉ាបែបនេះ អាចជាការបង្កើតព្រឹត្តិការណ៍ដើម្បីកម្ទេចគណបក្សនយោបាយណាមួយនៅកម្ពុជា ខណៈដែលរូបភាពនៃគណបក្សភ្លើងទៀន ក៏ត្រូវបានភ្ជាប់ទៅនឹងសកម្មភាពនៅទឹកដីថៃដែរ។ នេះបើតាម លោក មាជ សុវណ្ណរ៉ា ប្រធានបេសកម្មនៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ។

តាមអតីតជនភៀសខ្លួនរូបនេះ ប្រទេសថៃធ្លាប់បានជួលទឹកដីខ្លួនឲ្យអង្គការសហប្រជាជាតិដើម្បីផ្តល់ទីតាំងស្នាក់នៅដល់ជនភៀសខ្លួនខ្មែរកាលពីសម័យសង្គ្រាម។ ចំណែកការផ្តល់ទឹកដីថៃឲ្យអ្នកនយោបាយកម្ពុជាដែលភៀសខ្លួនពេលនេះធ្វើសកម្មភាពនយោបាយត្រូវបានលោកមាជ សុវណ្ណរ៉ាបញ្ជាក់ពីការត្រូវរង់ចាំមើលបន្តទៀត។ ប៉ុន្តែលោកយល់ថា រដ្ឋាភិបាលថៃនឹងមិនល្ងង់ឲ្យអ្នកនយោបាយខ្មែរប្រើប្រាស់ទឹកដីខ្លួន ធ្វើសកម្មភាពណាមួយដែលនាំឲ្យខាតប្រយោជន៍របស់ប្រទេសថៃនោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ