អានតួអត្ថបទ

ក្រុមសហជីពស្នើឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា ធានាសេរីភាពសហជីពឡើងវិញ

ចាប់តាំងពីឆ្នាំ២០១៦មក ការធ្វើសកម្មភាពរបស់សហជីពមានបញ្ហាប្រឈមច្រើន ពិសេសក្រោយពេលដែលច្បាប់ស្តីពីសហជីពត្រូវបានអនុម័ត។ នេះជាការគូសបញ្ជាក់នៅក្នុងលិខិតរបស់ក្រុមសហជីពដែលអះអាងមានជំហឯករាជ្យ។ ក្នុងលិខិតចុះថ្ងៃទី២៥ធ្នូ២០២៣ ក្រុមសហជីពទាំងនេះបានសរសេររៀបរាប់ប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពីបញ្ហាប្រឈមរបស់ពួកគេក្នុងការចុះបញ្ជិកាសហជីព ការរើសអើសអើងពីសំណាក់ថៅកែ និងមន្ត្រីខិលខូចដែលកាងឲ្យក្រុមហ៊ុនជាដើម។

សហជីព​បាន​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព​នៅ​ខាង​ក្រៅ​រដ្ឋសភា នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៦។​
សហជីព​បាន​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព​នៅ​ខាង​ក្រៅ​រដ្ឋសភា នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៦។​ Facebook
ផ្សាយពាណិជ្ជកម្ម

ក្រោយឆ្នាំ២០១៦ ការចុះបញ្ជិការសហជីពមានភាពស្មុគស្មាញខ្លាំង ស្ថាបនិកសហជីពប្រឈមនឹងការគំរាមកំហែង រងបណ្តឹងព្រហ្មទណ្ឌ ការរើសអើង និងត្រូវបញ្ឈប់ពីការងារ។

លើសពីនេះ បើតាម​សហជីព បញ្ហាប្រឈមនៃការដោះស្រាយវិវាទការងារត្រូវបានប្តូរពីវិវាទរួមទៅជាវិវាទបុគ្គលវិញ នៅពេលទៅដល់តុលាការ ខណៈភាគីវិវាទជាថ្នាក់ដឹកនាំសហជីព ទោះជានៅដំណាក់កាលក្រុមប្រឹក្សាអាជ្ញាកណ្តាលចាត់ទុកជាវិវាទរួមក៏ដោយ។ ចំពោះសិទ្ធិធ្វើកូដកម្មវិញ កម្មករ និយោជិត ប្រឈមនឹងការចោទប្រកាន់ពីតុលាការថាជាកូដកម្មខុស ហើយមេដឹកនាំកូដកម្មត្រូវបញ្ឈប់ពីការងារ និងត្រូវរងបណ្តឹងព្រហ្មទណ្ឌថែមទៀត ទោះជាកូដកម្មនោះមិនទាន់កើតឡើងក្តី។ ទាំងនេះគឺជាការគូសបញ្ជាក់នៅក្នុងលិខិតរបស់ក្រុមសហជីពដដែលនេះ។

ទោះជាយ៉ាងណា លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារធ្លាប់បានប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា ក្រោយមានច្បាប់ស្តីពីសហជីព ចំនួនសហជីពដែលបានចុះបញ្ចិកាមានការកើនឡើង។ លោកថាគិតត្រឹមឆ្នាំ២០២២ សហជីពបានកើនសរុបដល់ជាង៦០០០សហជីព ពោលកើនចំនួន២៦៨សហជីព។

ចំណែកអ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊នបានបន្ថែមដោយបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅថ្ងៃទី២៧ធ្នូ២០២៣ថា ចំនួនសហជីពជាង៦០០០នេះបង្ហាញថានៅកម្ពុជា គឺគ្មានការរឹតត្បិតសេរីភាពសហជីពនោះទេ។

ទោះជាយ៉ាងនេះក្តី ក្រុមសហជីពការងារលើកឡើងថា កម្មករ និយោជិត រឹតតែជួបបញ្ហាប្រឈមខ្លាំងបន្ថែមទៀតនៅអំឡុងពេលកូវីដ១៩ ចន្លោះពីឆ្នាំ២០១៩ ដល់២០២២។ កម្មករ និយោជិត ជាច្រើនត្រូវបានព្យួរកិច្ចសន្យាដោយគ្មានប្រាក់ឈ្នួល ការបិទក្រុមហ៊ុនដោយគ្មានហេតុផល និងខុសនីតិវិធី រួមទាំងការគិតប្រាក់បំណាច់កិច្ចសន្យាមិនត្រឹមត្រូវតាមច្បាប់។ ករណីទាំងនេះត្រូវបានសហជីពអះអាងថា ដោយសារតែក្រសួងការងារបានចេញសេចក្តីណែនាំគាំទ្រថៅកែ និងកាត់បន្ថយប្រយោជន៍កម្មករ។ ជាលទ្ធផល ក្រុមប្រឹក្សាអាជ្ញាកណ្តាលក៏បដិសេធចំណុចទាមទាររបស់កម្មករដែលមានចែងក្នុងច្បាប់។

គួរបញ្ជាក់ថានារយៈពេលចុងក្រោយនេះ អង្គការពលកម្មអន្តរជាតិ (ILO) បានកត់សំគាល់ពីស្ថានភាពសិទ្ធិការងារនៅកម្ពុជា ដោយបានជំរុញឲ្យខាងតែបាននូវការធានាសេរីភាពសហជីព តាមរយៈការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធ ពិសេសច្បាប់ សហជីព និងច្បាប់ព្រហ្មទណ្ឌ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ