អានតួអត្ថបទ

លោក ហ៊ុន សែន៖ ការជួយសិស្សនិទ្ទេសA ម្នាក់គឺជាករណីពិសេស

អតីត​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ លោក​ ហ៊ុន​ សែន​ បាន​អះអាង​ថា​ ការ​ជួយ​សិស្ស​និទ្ទេស​A​ ម្នាក់​មក​ពី​ខេត្ត​កំពតគឺ​ជា​ករណី​ពិសេស​ដែល​លោក​ត្រូវ​ជួយ​ឲ្យ​យុវសិស្ស អន ផានិត ទទួលបានការរៀនសូត្រនៅភ្នំពេញ និង ជួយ​ដល់​ជីវភាព​ឪពុក​ម្តាយ​របស់​គេ​នៅ​ឯ​ស្រុក​កំណើត​ផង​។​ ការ​គូស​បញ្ជាក់​យ៉ាង​ដូច្នេះ ​របស់​ប្រមុខ​បក្សកាន់​អំណាច​ គឺ​បន្ទាប់ពី​លោក​បាន​អនុញ្ញាត​ឲ្យ​ឪពុក​ ម្តាយ​របស់​ អន ផានិត​ដែល​ជាជន​ពិការ​ទាំង​ពីរ​នាក់ ​និង​កូន​ស្រី​ម្នាក់​ បាន​ចូល​ជួប​លោក​ ហ៊ុន ​សែន ​ដល់​គេហ​ដ្ឋាន​របស់​លោក​នៅ​ថ្ងៃ​ទី​២៥​ខែ​ធ្នូ​។

លោក ហ៊ុន សែន និងគ្រួសារ សិស្សនិទ្ទេសA អន ផានិត
លោក ហ៊ុន សែន និងគ្រួសារ សិស្សនិទ្ទេសA អន ផានិត © Hun Sen
ផ្សាយពាណិជ្ជកម្ម

បើ​តាម​លោក​ ហ៊ុន​ សែន​ ឆ្លង​កាត់​ការ​សន្ទនា​រវាង​លោក ​និង​ក្រុម​គ្រួសារ​ អន​ ផានិត​ លោក​ពិនិត្យ​ឃើញ​ថា​ឪពុក ម្តាយ​របស់​ផានិត​ដែល​ជាជន​ពិការ​ទាំង​ពីរ​នាក់​ពិត​ជា​មនុស្ស​គួរ​ឱ្យគោរព​សម្រាប់​ការ​លះ​បង់​ដើម្បីកូន​និងក្រុមគ្រួសារ។

កាលពីថ្ងៃទី២៩វិច្ឆិកា លោក ​ហ៊ុន សែន ​​បានប្រាប់ឲ្យមន្ត្រីរបស់​លោក​យក​សិស្សនិទ្ទេស​ A ​អន ផានិត ពីខេត្តកំពតឲ្យស្នាក់នៅ​ជាមួយ​​ទីតាំង​​អង្គរក្ស ដោយ​ផ្គត់ផ្គង់​ការរៀនសូត្រ​បន្ត ​មធ្យោបាយ​ធ្វើដំណើរ​ ផ្តល់ថវិកា១លានរៀល​ប្រចាំខែដល់​គ្រួសារ​ និង​ជួយ​បង់សង​ប្រាក់ជំពាក់​ធនាគារ​​ផងដែរ​។

​ការជួយរបស់លោក ហ៊ុន សែន បន្ទាប់ពីមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​បណ្តាញ​សង្គម​នានា ​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ព្រោងព្រាធ​ពីការ​តស៊ូរៀនសូត្រ​របស់​យុវសិស្ស​រូបនេះ ​ដោយ​បង្ហាញពី​ការ​ខ្វះខាត​សព្វបែបយ៉ាង​។

សូមបញ្ជាក់ថា សិស្សជាប់បាក់ឌុបទទួលបាននិទ្ទេសAនៅឆ្នាំ២០២៣នេះ គឺមានចំនួន​១​៦​៧​៣​នាក់ ក្នុងនោះក៏មានសិស្សនិទ្ទេសAមួយចំនួនជាកូនកំព្រា និងមានជីវភាពក្រីក្រផង តួយ៉ាង យុវនារី សាំ ស្រីថន នៅខេត្តព្រៃវែង។

អ្នក​តាម​សង្គម យល់ថា ការជួយដល់សិស្សពូកែគួរតែធ្វើឡើងជាប្រព័ន្ធ ជាជាងជួយតែមួយ ឬពីរករណី ពីព្រោះ​ក្រសួងអប់រំនៅ​ឆ្នាំនេះ​ទទួលបានថវិកាជាតិ កើនដល់ជិត១ពាន់លានដុល្លារ​គឺច្រើនជាងគេបង្អស់ក្នុងចំណោមក្រសួង​និងស្ថាបនរដ្ឋ។

ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងអប់រំ លោកស្រី ឃួន វិច្ឆិកា ធ្លាប់ប្រាប់​វិទ្យុ​បារាំងអន្តរជាតិRFIថា ក្រសួងបាន​ផ្តល់អាហារូបករណ៍ដល់​សិស្ស​ដែលទើបជាប់​បាក់ឌុបនៅឆ្នាំ​២០២៣ ជាង៨៨០០កន្លែង សម្រាប់ការ​សិក្សានៅឧត្តមសិក្សាដើម្បីជ្រើសជំនាញរបស់ពួកគេទៅអនាគត។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៣នេះ គឺ​សិស្ស​ប្រឡង​ជាប់​មាន​ចំនួន​ ​៩៨ ៤៦០​នាក់​ ​ឬ​ស្មើនឹង​៧​២​.​៨​៩​ភាគរយ​។ អ្នកជាប់​និទ្ទេស​A​មាន​ចំនួន​១​៦​៧​៣​នាក់​ ​​និទ្ទេស​B​ ចំនួន​៦៩៦៤​នាក់​ ​និទ្ទេស​C​ ​ចំនួន១៨៣០៨​នាក់​ ​ ​និទ្ទេស​D​ ​ចំនួន៣​៤​២​៤​៦​នាក់​ ​និង​និទ្ទេស​E​មាន​ចំនួន​៣​៧​២​៦​៩​នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ