អានតួអត្ថបទ

គណបក្សប្រឆាំងស្នើដោះលែងលោក កឹម សុខា និងអ្នកទោសមនសិកា

គណ​បក្ស​កម្លាំង​ជាតិ​ ដែល​ជា​គណ​បក្ស​ប្រឆាំង​ទើប​បង្កើត​ថ្មី​ បាន​ចេញ​មុខ​ស្នើ​ឲ្យ​ដោះ​លែង​ លោក ​កឹម​ សុខា​ លោក ​ថាច់​ សេដ្ឋា ​និង​អ្នក​ជាប់​ឃុំ​ជា​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស ​និង​មេដឹក​នាំ​សហជីព​ផ្សេង​ទៀត​។​ នេះ​បើតាម​លិខិត​របស់​គណ​បក្ស​កម្លាំង​ជាតិ​ដាក់​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​ម៉ាណែត​ ចុះ​ថ្ងៃ​ទី​២២​ធ្នូ២០២៣​។​

អ្នកនយោបាយ និងអ្នកការពារសិទ្ធិមនុស្ស ដែលជាប់ឃុំ
អ្នកនយោបាយ និងអ្នកការពារសិទ្ធិមនុស្ស ដែលជាប់ឃុំ © RFI
ផ្សាយពាណិជ្ជកម្ម

 

ក្រៅពី លោក កឹម សុខា ​និង​លោក ​ថាច់ សេដ្ឋា ​ជា​មេដឹក​នាំ​គណ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ ​គណ​បក្ស​កម្លាំង​ជាតិ​ក៏ស្នើ​ឲ្យ​ពិនិត្យ​លទ្ធភាព​ដោះ​លែង​លោក​ កាក់ កុម្ភារ ​លោក ​សៀម ​ភ្លុក​ លោក​ តូច​ ថឹង​ លោក​ រឿន​ វីរ៉ាត់​ លោកស្រី ​នូ សុទ្ធារី​ លោក ចៅ វាសនា កញ្ញា សេង ធារី និង​កញ្ញា ឈឹម ស៊ីថរ ​ជា​ប្រធាន​សហជីព​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​។​ ស្ត្រី​ជាសកម្មជន​សហជីព​រូប​នេះ ​ត្រូវ​បាន​កាត់​ទោស​ដោយ​តុលាការ​ក្រុង​ភ្នំពេញ ​កាលពី​ខែ​ឧសភា​ ឲ្យ​ពន្ធនាគារ​២ឆ្នាំ​ពី​បទ​ញុះញង់​។​ ការ​កាត់​ទោស​នេះ​ធ្វើ​ឡើង​ បន្ទាប់ពី​កញ្ញា​ ឈឹម ស៊ីថរ​ ដឹក​នាំ​សមាជិក​សហជីព​តវ៉ា​ប្រឆាំង​នឹង​ការ​បញ្ឈប់​បុគ្គលិក​ពី​សំណាក់​ក្រុម​ហ៊ុនណា​ហ្គាវើលដ៍​។

ចំណែក​ លោក កឹម​ សុខា ​ជា​ប្រធាន​អតីត​គណ​បក្ស​សង្គ្រោះជាតិ​ ត្រូវ​បាន​តុលា​ការ​ក្រុង​ភ្នំពេញ​កាត់​ទោសកាលពី​ថ្ងៃ​ទី​៣​មីនា​២០២៣​ ដាក់​ឃុំ​ក្នុង​ផ្ទះ​២៧​ឆ្នាំ​ពី​បទ​សន្ទិ​ដ្ឋិ​ភាព​ជា​មួយ​រដ្ឋ​បរទេស​ឬឃុបឃិត​ជាមួយ​បរទេស។​ ដោយឡែក ​លោក ថាច់ សេដ្ឋា ជា​អនុប្រធាន​គណបក្សភ្លើង​ទៀន ​ត្រូវ​បាន​តុលា​ការ​កាត់​ទោស​៣ ឆ្នាំ ​ពីបទ​ញុះញង់​ឱ្យ​មាន​ការ​អើសរើង​តាម​សុន្ទរកថារបស់​លោកជាមួយអ្នកគាំទ្រ​អតីត​គណ​បក្ស​សង្គ្រោះជាតិ​កាលពី​ដើម​ឆ្នាំ២០២៣​នៅកូរ៉េខាង​ត្បូង​។​ នេះ​ជា​ការ​កាត់​ទោស​បន្ថែមពី​លើ​សំណុំរឿង​ទី១ ​ដែល លោក សេដ្ឋា ត្រូវបាន​ជាប់​ពន្ធនាគារ ​មួយ​ឆ្នាំ​កន្លះ ​ពី​បទ​ទូទាត់​សង​ប្រាក់​មិន​ប្រក្រតី​ ឬ​ចេញ​សែក​ស្អុយ​។

ក្រៅពី​នោះ​អ្នក​នយោបាយ​ផ្សេង​ទៀត​ រួមមាន លោក តូច ថឹង លោក ស្រី នូ សុទ្ធារី  លោក ខឿន វីរ៉ាត់ និងលោក សៀម ភ្លុក ជាស្ថាបនិកគណបក្សបេះដូង ត្រូវបាន​កាត់ទោសកាលពីចុងខែមីនា២០២៣ ដាក់ពន្ធនាគារម្នាក់ៗ២ឆ្នាំ ពីបទក្លែង​បន្លំ​ស្នាមមេដៃ​សុំបង្កើតគណបក្សបេះដូងជាតិ។ រីឯ កញ្ញា សេង ធារី ត្រូវបានកាត់ទោស៦ឆ្នាំពីញុះញង់ទាក់ទងការគាំទ្រដំណើរវិលចូល​ស្រុក​វិញ​របស់លោក សម រង្ស៊ី។

បើតាមគណបក្សកម្លាំងជាតិ ការចាប់ខ្លួន និងការកាត់ទោសអ្នកនយោបាយ និងសកម្មជនទាំងនេះគឺធ្វើ​ឲ្យ​កម្ពុជា​ត្រូវរង​កាត់​ផ្តាច់​ប្រព័ន្ធអនុគ្រោះពន្ធEBA ២០%ពីសហភាពអឺរ៉ុប និង​មិនបន្ត​ផ្តល់​GSPរបស់​អាមេរិក​តាំងពីឆ្នាំ២០២០។ ដើម្បីបានការអនុគ្រោះនេះមកវិញ គណបក្សប្រឆាំងនេះ លើកឡើងថាមានដំណោះស្រាយ ដោះលែងអ្នកដែលជាប់ឃុំទាំងអស់នោះឲ្យមានសេរីភាពវិញ។

ទោះជាយ៉ាងណា លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ប្រាប់វិទ្យុបារាំង​អន្តរជាតិRFIថា តាមគោលការណ៍នាយករដ្ឋមន្ត្រីមិនអាចលូកដៃចូលកិច្ចការតុលាការដោយបញ្ជាឲ្យដោះលែងអ្នកដែលជាប់ឃុំណាមួយបានឡើយ។ ប៉ុន្តែលោកពន្យល់ថា បើចង់ជួយអ្នកដែលជាប់ទោសទាំងនោះ គឺចូល​រួម​តាម​នីតិវិធី​របស់តុលាការ ដោយប្រើសិទ្ធិតាម​ផ្លូវច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ