អានតួអត្ថបទ

ក្រុមគ្រួសារថា តុលាការបន្តឃុំខ្លួន លោក ថាច់ សេដ្ឋា ទាំងកំពុងមានជំងឺធ្ងន់

ក្រុម​គ្រួសារ​លោក ​ថាច់​ សេដ្ឋា ​បាន​សំដែង​ការខក​ចិត្ត ​បន្ទាប់ពី​តុលាការ​កំពូល​នៅថ្ងៃ​ទី​២២​ធ្នូ ​បាន​បដិសេធ​បណ្ដឹង​សុំ​នៅក្រៅ​ឃុំ​របស់​អនុ​ប្រធាន​គណ​បក្ស​ប្រឆាំង​រូប​នេះ​។​តាម​ការ​អះអាង​ថា​ របស់​ភរិយា​លោក ​ថាច់ ​សេដ្ឋា ​គឺ​ បុរស​មក​ពី​ខ្មែរ​កម្ពុជា​ក្រោម​រូប​នេះ ​កំពុង​ធ្លាក់​ខ្លួន​ឈឺធ្ងន់​និង​ត្រូវ​ការ​ព្យាបាល​ជា​ចាំបាច់​។ ​លោក ​ថាច់ ​សេដ្ឋា ​ត្រូវ​បាន​ក្រុម​គ្រួសារ​អះអាង​ថាកំពុង​មាន​ជំងឺ​ច្រើន​មុខ​ ដូចជា​ ជំងឺ​លើសឈាម​ ជំងឺ​បេះដូង ​លើស​ជាតិ​ស្ករ ​និង​ឡើង​ជាតិ​អាស៊ីត​។

លោក ថាច់ សេដ្ឋា អង្គុយក្នុងរថយន្តដឹកអ្នកទោស
លោក ថាច់ សេដ្ឋា អង្គុយក្នុងរថយន្តដឹកអ្នកទោស © សហការី
ផ្សាយពាណិជ្ជកម្ម

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា បានកាត់ទោស លោក សេដ្ឋា ពីបទទូទាត់សងប្រាក់មិនប្រក្រតី ក្រោមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ ការផ្តន្ទាទោសនេះធ្វើឡើងក្រោយទទួលបានបណ្តឹងរបស់ ឈ្មោះ រិន ឆាយ ម្ចាស់ហាងបញ្ចាំមួយ ដែលបានអះអាងថា លោក សេដ្ឋា បានចេញសែកស្អុយចំនួនប្រាំដើម្បីសងប្រាក់កម្ចីក្នុងឆ្នាំ២០១៩។ សំណុំរឿងនេះ តុលាការក្រុងភ្នំពេញ បានកាត់ទោសលោក សេដ្ឋា ឱ្យជាប់ពន្ធនាគារ មួយឆ្នាំកន្លះ និងពិន័យជាទឹកប្រាក់ចំនួន ៣ លានរៀល ឬប្រហែល ៧៥០ ដុល្លារអាមេរិក។ លោក សេដ្ឋា ក៏ត្រូវបានតុលាការបញ្ជាឱ្យសងប្រាក់ទៅឈ្មោះ រិន ឆាយ ចំនួន ១៣៣.៦ លានរៀល ឬប្រហែល ៣៣,៤០០ ដុល្លារអាមេរិក ជាចំនួនប្រាក់ដែលគាត់ជំពាក់។ ជាមួយគ្នានោះ តុលាការបង្គាប់ឲ្យបង់ចូលរដ្ឋចំនួន ៥ លានរៀនបន្ថែមទៀត។ នេះបើតា​មការចុះផ្សាយរបស់អង្គការលីកាដូ។

ប្រធានអង្គជំនុំជម្រះនៃតុលាការកំពូល លោក និល ណុន នៅព្រឹកថ្ងៃទី២២ ធ្នូ សម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល ហើយអះអាងថា ការសម្រេចរបស់សាលាឧទ្ធរណ៍លើសំណុំរឿងនេះជារឿងត្រឹមត្រូវ។

ក្រៅពីបទចោទប្រកាន់ពាក់ព័ន្ធនឹងការទទូទាត់សងប្រាក់មិនប្រក្រតី អនុប្រធានបក្សប្រឆាំងរូបនេះក៏ត្រូវបានចោទប្រកាន់លើមួយករណីទៀតពាក់ព័ន្ធនឹងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបទញុះញុង់ឱ្យមានការអើសរើងតាមសុន្ទរកថារបស់លោកជាមួយអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិកាលពីដើមឆ្នាំ២០២៣។ នៅក្នុងសំណុំរឿងនេះ នៅថ្ងៃទី១៨ ខែតុលា សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសលោក ថាច់ សេដ្ឋា ជាប់ពន្ធនាគារកម្រិតអប្បបរមាចំនួន បីឆ្នាំ និងផាកពិន័យជាទឹកប្រាក់ចំនួន ៤ លានរៀល តាមមាត្រា ៤៩៤ ៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ ។

ទោះជាយ៉ាងណា ក្រុមគ្រួសារ និងអ្នកឃ្លាំមើលមួយចំនួន យល់ថា ការ​កាត់ទោស លោក ថាច់ សេដ្ឋា លើសំណុំ​រឿង​បន្ថែមទៀតនេះគឹជាប់ទាក់ទងនឹងរឿងនយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ