អានតួអត្ថបទ

ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត​សុំទោសលោក​ ហ៊ុន សែន ក្រោយបរិហារ​​អភិបាលខេត្តបន្ទាយមានជ័យ

ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត លោក សាន ស៊ាងហូ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បាន​​ចេញលិខិតសុំទោស លោក ហ៊ុន សែន ក្រោយលោក សាន ស៊ាងហូ បាននិយាយបរិហារនិង​រិះគន់អភិបាលខេត្តបន្ទាយមានជ័យ​។ លោក អ៊ុំ​ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ​កំពុងត្រូវបានក្រសួងមហាផ្ទៃបន្តការ​ស៊ើបអង្កេត​​ ក្រោយពលរដ្ឋ​ស្នើឱ្យដកលោក​ចេញពីតំណែង។ អ្នក​តាមដានសង្គម​ចង់ឱ្យមានការដោះស្រាយបញ្ហានេះទៅតាមនិតិវិធី ដោយគ្មានឥទ្ធិពលនយោបាយលូកឡំ។

ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែតសុំទោសលោក ហ៊ុន សែន ក្រោយបរិហារអភិបាលខេត្តបន្ទាយមានជ័យ
ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែតសុំទោសលោក ហ៊ុន សែន ក្រោយបរិហារអភិបាលខេត្តបន្ទាយមានជ័យ © FB
ផ្សាយពាណិជ្ជកម្ម

ដោយដឹងខ្លួនថាបានបំពានលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងបក្ស លោក សាន ស៊ាងហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងជា​សមាជិកគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី​១៩ ខែធ្នូ បានសរសេរលិខិតសុំការអភ័យ​ទោសពី ​លោក ហ៊ុន សែន ដែលជាប្រធានគណបក្ស។ សម្រាប់លោក​ សាន​ ស៊ាងហូ ការ​និយាយរិះគន់អភិបាលខេត្តបន្ទាយមានជ័យ គឺជាការបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់​​លោក អ៊ុំ រាត្រី ដែលប៉ះពាល់ដល់ថ្នាក់ដឹកនាំ និងសង្គមជាតិ។

លោក សាន ស៊ាងហូ បានទទួលស្គាល់កំហុសខ្លួន នៅក្រោយនិយាយបរិហារនិង​រិះគន់ប្រសិទ្ធភាពការងាររបស់អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី។ ​តាមរយៈបទសម្ភាសន៍ជាមួយ​សារព័ត៌មានក្នុងស្រុក និងតាម​​បណ្តាញសង្គមផ្ទាល់ខ្លួនផង​ លោក សាន ស៊ាងហូ បានទម្លាយពីភាពមិនចុះសម្រុងគ្នានិងភាពចម្រូងចម្រាស់ជាច្រើនរវាងលោកនិងលោក អ៊ុំ រាត្រី។

គួរជម្រាបជូនថា លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កំពុងត្រូវក្រសួងមហាផ្ទៃបន្តនិតិវិធីស្រាវជ្រាវ ក្រោយពលរដ្ឋស្នើឱ្យដកលោកចេញពីតំណែង ដោយយោងហេតុផលថាលោកអភិបាលខេត្ត អសមត្ថភាពក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ និងឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើទុក្ខបុកម្នេញ ចាប់ប្រជាពលរដ្ឋដាក់ពន្ធនាគារ និងធ្វើសកម្មភាពបំពានច្បាប់ជាដើម។ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនៅថ្ងៃទី​២០ធ្នូ​ លើកឡើងថា ក្រសួងមហាផ្ទៃ​កំពុង​បន្តស៊ើបអង្កេតស្រាវជ្រាវ​សំណុំរឿងនេះដែលអាចត្រូវការពេលវេលាយូរព្រោះជារឿង​ស្មុគ្រស្មាញ​និង​ចាក់ស្រេសយូរឆ្នាំ​។

អ្នក​តាមដានសង្គម លោក យ៉ង់ គឹមអ៊េង ចង់ឱ្យមានការដោះស្រាយបញ្ហានេះទៅតាមនិតិវិធី ដោយគ្មានការ​លូកឡំជាមួយ​​ឥទ្ធិពលនយោបាយ។ ​ចំពោះ​លោក យ៉ង់ គឹមអ៊េង ប្រសិន​បើការដោះស្រាយសំណុំរឿងនេះ ច្របូកច្របល់ចែកមិនដាច់​រវាងការងារបក្សនិងការងារមន្ត្រី​ នោះបង្ហាញឱ្យឃើញ​ថា​​​ការងារបម្រើពលរដ្ឋក៏គ្មានប្រសិទ្ធភាពដែរ។

គួរដឹងដែរថា ​នៅក្នុងខេត្តបន្ទាយមានជ័យ​ ករណី​ស្នើឱ្យដកថ្នាក់ដឹកនាំនៅតាមស្ថាប័នរដ្ឋបាន​កើតមានផ្ទួនៗក្នុងរយៈពេល​​ចុងក្រោយនេះ។ ក្នុងនោះមាន​សំណុំររឿងលោក អ៊ុំ រាត្រី អភិបាលខេត្ត និងលោក ង៉ោ ម៉េងជ្រួន អភិបាលរង ដែលត្រូវពលរដ្ឋជាង​១០០គ្រួសារ​ស្នើទៅក្រសួងមហាផ្ទៃ​ឱ្យដក​លោកទាំងពីរចេញពីតំណែង ​ដោយឈរលើមូលហេតុភាពអសកម្មបំពេញ​​ការងារ​បម្រើរាស្ត្រ។ ទន្ទឹមគ្នានេះ ប្រធានមន្ទីរសូរិយោដី លោក អាង ណារិទ្ធ ក៏ទើប​ត្រូវបាន​​មន្ត្រីក្រោមឱវាទប្រមាណ៣០នាក់ ស្នើទៅក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​​ឱ្យផ្លាស់លោកចេញពីតំណែង ព្រោះអនុវត្តការងារមិនប្រក្រតី និងប្រព្រឹត្តអំពើពុករលួយផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ