អានតួអត្ថបទ

សារមន្ទីរក្នុងក្រុងញូវយ៉ក បញ្ជូនវត្ថុបុរាណខ្មែរ១៤រូបមកកម្ពុជាវិញ

ក្រោយការចរចាអស់ជាច្រើនឆ្នាំ សារមន្ទីរMetropolitan Museum(MET)ក្នុងក្រុងញូវយ៉ក នៅថ្ងៃទី១៥ខែធ្នូ បានព្រមព្រៀងបញ្ជូនមកកម្ពុជាវិញនូវវត្ថុបុរាណចំនួន​១៤​​ដែលត្រូវបានលួចក្នុងសម័យសង្គ្រាម។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសាទរការព្រមព្រៀងនេះ ដោយចាត់ទុកថាជាការព្យាបាលរបួសផ្លូវចិត្តសម្រាប់ប្រជាជាតិកម្ពុជា។

ព្រះកេសព្រះលោកេសូរដែលធ្វើពីសំរឹទ្ធក្នុងសតវត្សរ៌ទី១០
ព្រះកេសព្រះលោកេសូរដែលធ្វើពីសំរឹទ្ធក្នុងសតវត្សរ៌ទី១០ © FB
ផ្សាយពាណិជ្ជកម្ម

សារមន្ទីរMetropolitan Museum (MET)ដែលស្ថិតនៅក្នុងក្រុងញូវយ៉ក បានសន្យាប្រគល់វត្ថុបុរាណខ្មែរសរុបចំនួន១៤មកប្រទេសដើមកំណើតវិញ ក្រោយមានភស្តុតាងគ្រប់គ្រាន់ថា ជាវត្ថុបុរាណខ្មែរ​ដែលត្រូវបានលួចយកក្នុងសម័យសង្គ្រាមមែន។

ការព្រមព្រៀងគ្នានេះ ធ្វើឡើងនៅថ្ងៃសុក្រទី១៥ខែធ្នូម្សិលមិញនេះ ក្រោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយរដ្ឋអាជ្ញាអាមេរិក បានចរចាជាមួយសារមន្ទីរនេះអស់ជាច្រើនឆ្នាំ តាមរយៈការបង្ហាញភស្តុតាងនិងព័ត៌មាននានា ស្ដីពីវត្ថុបុរាណខ្មែរដែលមានក្នុងសារមន្ទីរនេះ។ យ៉ាងណា ក្រៅពីព្រមព្រៀងបញ្ជូនវត្ថុបុរាណចំនួន១៤មកកម្ពុជាវិញនេះ សារមន្ទីរនេះ ក៏អនុញ្ញាតឲ្យមន្រ្តីជំនាញរបស់កម្ពុជា ធ្វើកោសល្យវិច្ច័យសម្បត្តិវប្បធម៌ខ្មែរដទៃទៀត ដែលមាននៅក្នុងសារមន្ទីរផងដែរ។

សូមជម្រាបថា ក្នុងចំណោមវត្ថុបុរាណទាំង១៤ដែលនឹងប្រគល់ឲ្យកម្ពុជាវិញនោះ រួមមានទាំងស្នាដៃឯកមួយចំនួនដូចជា រូបចម្លាក់ទេពស្រី(ព្រះនាងឧមា)ដែលធ្វើពីថ្មភក់ និងព្រះកេសព្រះលោកេសូរដែលធ្វើពីសំរឹទ្ធក្នុងសតវត្សរ៌ទី១០ ព្រមទាំងបដិមាព្រះលោកេសូរ ដែលធ្វើពីសំលោហៈ។ល។

វត្ថុបុរាណទាំងនេះ ត្រូវបានសារមន្ទីរMETទិញពីឈ្មួញជនជាតិអង់គ្លេស លោក ឌូគ្លាស ឡាដហ្វដ(Douglas Latchford) ក្នុងឆ្នាំ១៩៩២ ដែលក្រោយមកក៏ត្រូវបានចោទប្រកាន់ពីបទជួញដូរវត្ថុបុរាណខុសច្បាប់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០១៩ ។ ដោយឡែក ក្នុងចំណោមវត្ថុបុរាណទិញពីលោក ឌូគ្លាស ឡាដហ្វដ ដែលនឹងប្រគល់នឹងប្រទេសកំណើតវិញនេះ ក៏រួមមានវត្ថុបុរាណរបស់ថៃចំនួន២ផងដែរ។

លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសាទរនឹងការត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ជាតិរបស់ខ្មែរនេះ ដោយគូសបញ្ជាក់ថាមានអត្ថន័យមិនអាចពណ៌នាបាន ដែលជាការព្យាបាលរបួសផ្លូវចិត្តសម្រាប់ប្រជាជាតិកម្ពុជា។

គួររម្លឹកថា ក្នុងឆ្នាំ២០២៣នេះ កម្ពុជាបានទទួលការព្រមព្រៀងបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណយ៉ាងតិច៤៧រូបពីអាមេរិក និងគ្រឿងអលង្ការបុរាណយ៉ាងតិច៧៧គ្រឿងពីចក្រភពអង់គ្លេស។ ជាសម្បត្តិវប្បធម៌បុរាណខ្មែរ ដែលត្រូវបានឈ្មួញនាំចេញដោយខុសច្បាប់ អំឡុងអសន្តិសុខនៃសង្គ្រាមកម្ពុជានាពេលកន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ