អានតួអត្ថបទ

លោក គឹម ជាតិ ជ្រុះតំណែងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

លោក គឹម ជាតិ បានរបូតតំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃតាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី១៥ខែធ្នូឆ្នាំ២០២៣។ ការបញ្ចប់មុខតំណែងរបស់លោក គឹម ជាតិ ធ្វើឡើងទន្ទឹមនឹងសំណុំរបស់លោកស្ថិតនៅក្នុងដៃអគ្គស្នងការនគរបាលជាតិពាក់ព័ន្ធនឹងការជំរិតទារប្រាក់​១០ម៉ឺនដុល្លារ អំឡុងពេលចុះត្រួតពិនិត្យឃ្លាំងស្រាមួយកន្លែងកាលពីខែវិច្ឆិកាជាថ្នូរមិនបិទផ្អាកអាជីវកម្ម។

លោក គឹម ជាតិ ដែលជ្រុះតំណែងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
លោក គឹម ជាតិ ដែលជ្រុះតំណែងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ © rfi
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៦ធ្នូនេះលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា បើទោះបីជាលោក គឹម ជាតិ ត្រូវបានបញ្ចប់មុខតំណែងជាអនុរដ្ឋលេខាធិការក៏ដោយ ដំណើរការស៊ើបអង្កេតសំណុំរឿងព្រហ្មទណ្ឌរបស់លោក គឹម ជាតិ នៅតែដំណើរការ។ បើតាមលោក ទូច សុខៈ សំណុំរឿងលោក គឹម ជាតិ ត្រូវការពេលវេលាក្នុងការស៊ើបអង្កេតឲ្យបានដិតដល់ជាមួយនឹងការប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ឲ្យស្របតាមនីតិវិធីច្បាប់ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលា​ការ។

ប៉ុន្តែយ៉ាងណាមិញអ្នកនាំពាក្យរងរូបនេះសន្និដ្ឋានថា  ការបញ្ចប់មុខតំណែងលោក គឹម ជាតិ អាចដោយសារគេរកឃើញបុគ្គលរូបនេះបានប្រព្រឹត្តកំហុសផ្នែករដ្ឋបាលដូចជាៈ ការរំលោភអំណាច បំពេញការងារមិនតាមឋានានុក្រមដែលមិនស្របទៅតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ។ ម្ល៉ោះហើយទើបមានសំណើស្នើសុំបញ្ចប់មុខតំណែង លោក គឹម ជាតិ ទៅកាន់ព្រះមហាក្សក្សត្រ។

គួរជម្រាបជូនថា លោក គឹម ជាតិ អនុប្រធានគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ ត្រូវមេធាវីតំណាងម្ចាស់អាជីវកម្មប្ដឹងក្នុងសំណុំរឿងទារប្រាក់១០ម៉ឺនដុល្លារជាថ្នូរមិនបិទផ្អាកអាជីវកម្ម ក្នុងពេលចុះត្រួតពិនិត្យក្រុមហ៊ុនស្រា។ ក្នុងពាក្យបណ្ដឹងមេធាវីក៏បានចោទក្រុមលោកគឹម ជាតិ ពីការដកហូតស្រាចំនួន៤៨ដបយកទៅត្រួតពិនិត្យផងដែរ។  

ជុំវិញការបញ្ចប់មុខតំណែងរបស់លោក គឹម ជាតិ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលបណ្ដាលមកពីកំហុសអំឡុងពេលបំពេញការងារទទួលបានការស្វាគមន៍ពីអ្នកប្រើប្រាស់បណ្ដាញសង្គម ជាមួយនឹងសំណូមពរយ៉ាងទទូចបើកការស៊ើបអង្កេតសំណូកសូកប៉ាន់ករណីផ្សេងទៀតដែលវាក្លាយជាទម្លាប់របស់មន្ត្រីអនុវត្តច្បាប់មួយចំនួន។ ជាក់ស្ដែងករណីនាំចូលសាច់បង្កកដល់កណ្ដាលក្រុងនាពេលថ្មីៗនេះជាដើម៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ