អានតួអត្ថបទ

លោកសម រង្ស៊ីវាយប្រហារលោកហ៊ុន សែននិងចាត់ទុកលោក កឹម សុខាជានិមិត្តរូបនៃអំពើអយុត្តិធម៌

លោក សម រង្ស៊ី បានចាត់ទុកដៃគូរបស់លោក គឺលោក កឹម សុខា ជានិមិត្តរូបនៃអំពើអយុត្តិធម៌តែមួយគត់នៅកម្ពុជា។ ក្រៅពីលើកឡើងបែបនេះ លោក សម រង្ស៊ី ក៏ឆ្លៀតវាយប្រហារលើលោក ហ៊ុន សែន ដែលជាដៃគូប្រកួតប្រជែងនយោបាយរបស់លោកផងដែរ។ បើតាមលោក សម រង្ស៊ី មូលហេតុពិតប្រាកដនៃការផ្តន្ទាទោស កឹម សុខា ឲ្យជាប់ពន្ធនាគារចំនួន ២៧ឆ្នាំ គឺការភ័យខ្លាច ដែលលោក ហ៊ុន សែន មានចំពោះអតីតគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនបានច្រានចោលរាល់ការវាយប្រហាររបស់លោក សម រង្ស៊ីទៅលើគណបក្សប្រជាជន។

លោក សម រង្ស៊ី
លោក សម រង្ស៊ី © Internet
ផ្សាយពាណិជ្ជកម្ម

ក្រោយខកខានបញ្ចេញទស្សនៈនយោបាយដោយភ្ជាប់លោក កឹម សុខា ជាមួយខ្លួន លោក សម រង្ស៊ី នៅលើទំព័រហ្វេសប៊ុក នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានលើកឡើងថា មានមនុស្សម្នាក់ជានិមិត្តរូបនៃអំពើអយុត្តិធម៌នៅកម្ពុជានោះ គឺលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងពិតប្រាកដតែមួយគត់។ ជាមួយនឹងការលើកឡើងបែបនេះ លោកសម រង្ស៊ីក៏បានឆ្លៀតវាយប្រហារលោក ហ៊ុន សែន ដោយនិយាយថា មូលហេតុពិតប្រាកដនៃការផ្តន្ទាទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគារចំនួន ២៧ឆ្នាំ គឺការភ័យខ្លាច ដែលលោក ហ៊ុន សែន មានចំពោះគណបក្សប្រឆាំង។

ឆ្លើយតបចំពោះការវាយប្រហារនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសានបានបញ្ជាក់ថា ការលើកឡើងនេះមិនបានឆ្លុះបញ្ចាំងពីការពិតនោះឡើយ។ សម្រាប់លោក សុខ ឥសាន ការផ្ដន្ទាទោសលោក កឹម សុខា គឺតុលាការផ្អែកលើអង្គហេតុ និងអង្គច្បាប់របស់កម្ពុជា មិនមែនដូចការលើកឡើងរបស់លោក សម រង្ស៊ីនោះទេ។ បើតាមលោក សុខ ឥសាន លោក សម រង្ស៊ី ជាមនុស្សម្នាក់មិនដែលទទួលស្គាល់នូវអ្វីដែលរដ្ឋាភិបាលបានធ្វើនោះឡើយ ពោលតែងតែប្រឆាំងជានិច្ច។ ដូច្នេះហើយទើបគណបក្សប្រជាជនហៅក្រុមលោក សម រង្ស៊ី ជាក្រុមជ្រុលនិយម។

ក្រៅពីវាយប្រហារគណបក្សប្រជាជន និងរូបលោកហ៊ុន សែន លោកសម រង្ស៊ីក៏ឆ្លៀតរំលេចពីកកើតគណបក្សសង្រ្គោះជាតិដំបូងដែលមានលោក និងលោក កឹម សុខា ជាអ្នករួមគ្នាបង្កើតកាលពីឆ្នាំ២០១២។ លោកថា គណបក្សសង្គ្រោះជាតិ ជាគណបក្សមុនគេបង្អស់ ដែលបង្រួបបង្រួមកម្លាំងប្រជាធិបតេយ្យខ្មែរ ក្នុងគោលបំណងបញ្ចប់របបផ្តាច់ការ តែគោលដៅនេះមិនបានសម្រេច។ បើតាមលោក សម រង្ស៊ី គោលដៅនេះស្ទើរតែបានសម្រេចទៅហើយក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ ដែលកាលនោះ គណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងជិតពាក់កណ្តាលនគរ ទោះជាមានការលួចសន្លឹកឆ្នោតក៏ដោយ។

គួររម្លឹកថា ផ្អែកតាមលទ្ធផលបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ដែលគណបក្សសង្គ្រោះជាតិទទួលបាន គឺនាំឲ្យមានការភ្ញាក់ផ្អើលមួយយ៉ាងខ្លាំង និងការរំជើបរំជួលផ្ទៃក្នុងរដ្ឋអំណាច។ តាមលោក សម រង្ស៊ី លោក ហ៊ុន សែនដឹងច្បាស់ថា បើការបោះឆ្នោតកាលណោះមានលក្ខណៈសុក្រឹតតែបន្តិច គាត់ច្បាស់ជាបាត់អំណាច។ លោក សម រង្ស៊ី បន្តថា សម្រាប់លោក ហ៊ុន សែន អំណាច គឺជានិទណ្ឌភាព ដែលការពារគាត់ មិនឲ្យនរណាយកគាត់ទៅកាត់ទោសក្នុងបទឧក្រិដ្ឋជាច្រើនដែលគាត់បានប្រព្រឹត្តក្នុងអតីតកាល។ ករណីនេះត្រូវបានលោកសម រង្ស៊ីបន្ថែមថា លោក ហ៊ុន សែន ត្រូវតែកម្ទេចគណបក្សសង្គ្រោះជាតិដើម្បីការពារជិវិតនយោបាយរបស់គាត់។

ប៉ុន្តែការលើកឡើងនេះត្រូវបានលោក សុខ ឥសាន ឆ្លើយបកវិញថា គណបក្សប្រឆាំងដែលចាញ់ឆ្នោតមិនដែលទទួលស្គាល់លទ្ធផលបោះឆ្នោតទេ តែងតែធ្វើការតវ៉ា និងធ្វើពហិកាជានិច្ចចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់ឆ្នាំ២០១៣។ ចំណែកការចោទប្រកាន់ថា មានការលួចសន្លឹកឆ្នោតវិញ ត្រូវបានលោក សុខ ឥសានឆ្លើយថា ជាការចោទគ្មានអ្វីសំអាងទាល់តែសោះ។ បើតាមលោក សុខ ឥសាន ការលើកឡើង និងការវាយប្រហារដែលគ្មានការពិតនេះហើយ ដែលនាំឲ្យឈានដល់ការរំលាយគណបក្សសង្រ្គោះជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ