អានតួអត្ថបទ

ក្រសួងមហាផ្ទៃប្រគល់បណ្ដឹងលោកគឹមជាតិទៅអគ្គស្នងការដោយថាជារឿងព្រហ្មទណ្ឌ

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនៅថ្ងៃទី៨ខែធ្នូ បានឲ្យដឹងថា ពាក្យបណ្ដឹងទៅលើលោកគឹម ជាតិ ត្រូវបានបញ្ជូនទៅអគ្គស្នងការនគរបាលជាតិដើម្បីស៊ើបអង្កេតវិញ ដោយសារជាសំណុំរឿងកម្រិតព្រហ្មទណ្ឌ។ ការបង្វែរនេះ គឺបន្ទាប់ពីអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងមួយ ដែលចោទថា ក្រុមលោក គឹម ជាតិ អនុប្រធានគណៈកម្មាធិការ ប្រឆាំងផលិតផលក្លែងក្លាយ បានជំរិតប្រាក់១០ម៉ឺនដុល្លារ ក្នុងពេលចុះត្រួតពិនិត្យឃ្លាំងស្រាមួយកន្លែងកាលពីខែវិច្ឆិកា ជាថ្នូរនឹងការមិនបិទផ្អាកអាជីវកម្ម។ ដោយឡែក ការចុះត្រួតពិនិត្យផលិតផលក្លែងក្លាយរបស់គណៈកម្មាធិការនេះ ត្រូវបានក្រសួងមហាផ្ទៃសម្រេចឲ្យផ្អាកតាំងពីខែកញ្ញាមកម្ល៉េះ។ 

លោកគឺម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
លោកគឺម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ © FB
ផ្សាយពាណិជ្ជកម្ម

ក្រសួងមហាផ្ទៃ តាមរយៈអ្នកនាំពាក្យរងលោក ទូច សុខៈ នៅថ្ងៃទី៨ខែធ្នូបានឲ្យដឹងថា ក្រសួងបានសម្រេចប្រគល់ឲ្យអគ្គស្នងការនគរបាលជាតិ ស៊ើបអង្កេតពាក្យបណ្ដឹងទៅលើលោកគឹមជាតិវិញ ព្រោះជាសំណុំរឿងមួយក្នុងកម្រិតព្រហ្មទណ្ឌ។ បើតាមលោក ទូច សុខៈជាដំណើររឿងក្នុងកម្រិតព្រហ្មទណ្ឌ គឺដោយសារមានការពាក់ព័ន្ធនឹងការជំរិតទារប្រាក់ ដែលអគ្គស្នងការមានដែនសមត្ថកិច្ចគ្រប់គ្រាន់ក្នុងការអន្តរាគមន៍ ។ 

បណ្ដឹងនេះ ធ្វើឡើងដោយលោកមេធាវី អ៊ូច សុភត្រា ដែលបានចោទក្រុមលោក គឹម ជាតិ បានទារប្រាក់កូនក្ដី១០ម៉ឺនដុល្លារ ជាថ្នូរនឹងការមិនបិទផ្អាកអាជីវកម្ម ក្នុងពេលចុះត្រួតពិនិត្យក្រុមហ៊ុនស្រាកូនក្ដីរបស់ខ្លួនដែលលោកអះអាងថាជាក្រុមហ៊ុនស្របច្បាប់។ ក្រៅពីនេះ ក្នុងពាក្យបណ្ដឹង មេធាវីរូបនេះក៏បានចោទក្រុមលោកគឹម ជាតិ ពីការដកហូតស្រាចំនួន៤៨ដប យកទៅត្រួតពិនិត្យផងដែរ។

មិនតែប៉ុណ្ណោះ លោកមេធាវី អ៊ូច សុភត្រា បន្ថែមថា បន្ទាប់ពីប្រគល់ប្រាក់រួច ក្រុមលោកគឹម ជាតិ ក៏បង្គាប់ឲ្យអ្នកតំណាងក្រុមហ៊ុនផ្ដិតមេដៃលើកិច្ចសន្យាកែប្រែកំហុសថែមទៀត។ 

ក្រោយទទួលបានពាក្យបណ្ដឹងនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា តើលោកគឹម ជាតិ ពិតជាបានប្រព្រឹត្តដូចមានរៀបរាប់ក្នុងពាក្យបណ្ដឹងនេះ មែនឬក៏យ៉ាងណានោះ គឺត្រូវរង់ចាំលទ្ធផលស៊ើបអង្កេតពីអគ្គស្នងការដ្ឋាននគរបាលជាតិជាមុនសិន។ គួរបញ្ជាក់ដែរថា ក្រសួងមហាផ្ទៃបានសម្រេចឲ្យគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនេះ ផ្អាកធ្វើសកម្មភាពចុះបង្ក្រាប តាំងពីខែកញ្ញាមកម្ល៉េះ។

ទន្ទឹមគ្នានេះ ក្រសួងមហាផ្ទៃបានអំពាវនាវឲ្យម្ចាស់ក្រុមហ៊ុនឬឃ្លាំងដែលរងអំពើ អយុត្តិធម៌ពីការចុះត្រួតពិនិត្យផលិតផលក្លែងក្លាយនេះ មកដាក់ពាក្យបណ្ដឹងទៅកាន់អគ្គាធិការដ្ឋាន។ តាមលោកទូច សុខៈ គិតត្រឹមថ្ងៃទី៨ខែធ្នូ ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងពាក់ព័ន្ធនឹងបញ្ហានេះចំនួន២ច្បាប់ជាលាយលក្ខណ៍អក្សរ ខណៈបណ្ដឹងចំនួន២ទៀតធ្វើឡើងតាមទូរសព្ទដៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ