អានតួអត្ថបទ

រដ្ឋាភិបាល​ចាត់ទុក​យន្តការ​អ្នករាយការណ៍​ពិសេស ​UN​ ជាដៃគូ​សន្ទនា​ស្តីពី​សិទ្ធិមនុស្ស ​និង​ប្រជាធិបតេយ្យ

ក្នុងថ្ងៃ​ទី​៧ ​ធ្នូ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​លោក ​ហ៊ុន ម៉ាណែត ​និង​លោក វិទិត មុនតាប៊ន​(Vitit Muntarborn) ​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា​បានលើកយក​បញ្ហាមួយចំនួន​មក​ជជែកគ្នា ​ដែលក្នុងនោះ​បញ្ហាសិទ្ធិមនុស្ស ​និងលទ្ធិ​ប្រជាធិបតេយ្យ​ត្រូវបាន​រំលេចឡើង​ជាចំបង​។ ជំនួបរវាង​លោកនាយក​រដ្ឋមន្ត្រី និង​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ (UN)​លើកនេះ ​ធ្វើឡើង​នាឱកាស​ទស្សនកិច្ច​រយៈពេល ​៥ថ្ងៃ​របស់​លោក ​វិទិត​នៅកម្ពុជា​។

ជំនួបរវាងអ្នករាយការណ៍ពិសេសUN និងលោក ហ៊ុន ម៉ាណែត អំឡុងពេលទស្សនកិច្ច៥ថ្ងៃរបស់លោក វិតទិ នៅកម្ពុជា
ជំនួបរវាងអ្នករាយការណ៍ពិសេសUN និងលោក ហ៊ុន ម៉ាណែត © STPM
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួបជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ លោកសាស្ត្រាចារ្យ​ វិទិត មុនតាប៊ន(Vitit Muntarborn) អ្នករាយការណ៍​ពិសេសរបស់អង្គការ​សហប្រជាជាតិទទួលបន្ទុក​សិទ្ធិមនុស្សនៅ​កម្ពុជា បានលើកឡើង​នូវបញ្ហាសំខាន់ៗ​មួយចំនួន ដែលក្នុងនោះ​ បញ្ហាសិទ្ធិមនុស្ស​ និងលទ្ធិប្រជាធិបតេយ្យ ​ជារបៀបវារៈ​នយោបាយ​ដ៏សំខាន់​។

ដោយមិនបាន​បង្ហាញពីសំណួរ ​និង​សំណើផ្តើមចេញពី​អ្នករាយការណ៍ពិសេស​អង្គការសហប្រជាជាតិ​ សេចក្តីប្រកាស​របស់រដ្ឋាភិបាល​បានឲ្យដឹងថា​រដ្ឋាភិបាលតែងបានចាត់ទុក​យន្តការអ្នករាយការណ៍​ពិសេសរបស់អង្គការ​សហប្រជាជាតិ​ ជាដៃគូនៅក្នុង​កិច្ចសន្ទនាអំពី​បញ្ហាពាក់ព័ន្ធនឹង​សិទ្ធិមនុស្ស ​និង​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា​។

ជាមួយនឹង​ការថ្លែងអំណរគុណ​ចំពោះការទទួលស្គាល់​របស់លោក​ វិទិត មុនតាប៊ន ​នូវសមិទ្ធិផល​ការងារសំខាន់ៗ​ ដែលកម្ពុជា​សម្រេចបាន​នៅក្នុង​វិស័យសិទ្ធិមនុស្ស​ លោក ហ៊ុន ម៉ាណែត ​ក៏បាន​លើកទឹកចិត្តដល់​អ្នករាយការណ៍​ពិសេសឲ្យធ្វើ​យ៉ាងណាចូលរួមចំណែក​ជួយលើកកម្ពស់​ការយល់ដឹង​របស់ប្រជាពលរដ្ឋ​ និងបណ្តា​អង្គការសង្គមស៊ីវិល​មួយចំនួន ពាក់ព័ន្ធនឹង​ការប្រើប្រាស់​សិទ្ធិសេរីភាព​ប្រកបដោយ​ការទទួល​ខុសត្រូវ និង​នៅក្នុងក្របខ័ណ្ឌ​ដែនកំណត់របស់​ច្បាប់ជាធរមាន​។ នេះបើតាម​ការចេញផ្សាយ​របស់ក្រុមការងារ​នាយករដ្ឋមន្ត្រី​។

សូមរំលឹកថា​ទស្សនកិច្ច​លើកទី២រយៈ​ពេល៥ថ្ងៃនៅកម្ពុជា​ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ធ្នូនេះ​ លោក វិទិត មុនតាប៊ន បានជួបជាមួយ​អង្គការសង្គម​ស៊ីវិល អ្នកការពារ​សិទ្ធិមនុស្ស អ្នក​សារព័ត៌មាន ក្រុមយុវជន​ ជនជាតិដើមភាគតិច ​និងសមាជិកនៃ​ក្រុមអ្នកនយោបាយ​នានា ដើម្បីពិភាក្សាពី​ស្ថានភាពថ្មីៗ​នៃបញ្ហាសិទ្ធិ​មនុស្សនៅក្នុងអាណត្តិ​រដ្ឋាភិបាលថ្មី និង​គោលដៅទៅអនាគត​។

ក៏ប៉ុន្តែ​អ្នករាយការណ៍ពិសេស​របស់អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្សនៅ​កម្ពុជាសញ្ជាតិថៃ​រូបនេះ​ បានប្រាប់វិទ្យុ​បារាំងអន្តរជាតិ​ RFI កាលពី​ថ្ងៃទី៧ ធ្នូថា​ ទស្សនកិច្ចរបស់​លោកនៅកម្ពុជា​លើកនេះ ​គឺគ្រាន់តែជាការ​ជួបពិភាក្សាជាមួយ​ភាគីពាក់ព័ន្ធទាំង​រដ្ឋាភិបាល និង​អង្គការសង្គមស៊ីវិល ​ដើម្បីចងក្រងជា​របាយការណ៍ដោយមិន​មានធ្វើជាសន្និសីទ​កាសែតនៅទីបញ្ចប់​ ឬចេញសេចក្តី​ថ្លែងការណ៍អ្វីទេ​។ លោកថា ៣ខែ​ទៀត​ លោកនឹងត្រលប់មក​កម្ពុជាជាថ្មី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ