អានតួអត្ថបទ
កម្ពុជា-វៀតណាម

វៀតណាមស្នើប្រធានរដ្ឋសភាកម្ពុជាថ្មី ជួយមើលថែពលរដ្ឋវៀតណាមដែលរស់នៅកម្ពុជា

មិនខុសពីរាល់ដង នៅរៀងរាល់ជំនួបរវាងមេដឹកនាំវៀតណាម និងមេដឹកនាំកម្ពុជា គឺភាគីវៀតណាមតែងតែផ្តាំផ្ញើឲ្យមេដឹកនាំកម្ពុជា ធ្វើយ៉ាងណាជួយមើលថែ និងយកចិត្តទុកដាក់ចំពោះពលរដ្ឋវៀតណាម ដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា។ ការផ្តាំផ្ញើជាថ្មីម្តងទៀតនេះ ធ្វើឡើងតាមរយៈជំនួបរវាង លោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាម និងលោកស្រី ឃួន សុដារី ដែលជាប្រធានរដ្ឋសភាថ្មីកម្ពុជា នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាថ្ងៃសុក្រនេះ។

លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា (ឆ្វេង) ចាប់ដៃលោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាម (ស្តាំ)
លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា (ឆ្វេង) ចាប់ដៃលោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាម (ស្តាំ) © National Asembly of Cambodia
ផ្សាយពាណិជ្ជកម្ម

ការមើលថែ ការយកចិត្តទុកចំពោះពលរដ្ឋវៀតណាម ដែលរស់នៅកម្ពុជា ជារបៀបវារៈមួយ ដែលត្រូវលើកមកនិយាយដោយមិនប្រកែកបាន នៅរៀងរាល់ជំនួបរវាងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជានិងវៀតណាម។ តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន Vietnam Plus គឺប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌិញហ្វេ បានស្នើដោយផ្ទាល់ចំពោះប្រធានរដ្ឋសភាកម្ពុជា លោកស្រី ឃួន សុដារី ដោយបន្តផ្តល់បរិយាកាសអំណោយផល សម្រាប់សហគមន៍វៀតណាមដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេស។

សម្រាប់ការឆ្លើយតបរបស់ប្រធានរដ្ឋសភាថ្មីកម្ពុជា ដែលជាស្រី្តវិញ គឺបានអះអាងប្រាប់ថ្នាក់ដឹកនាំវៀតណាម ថា កម្ពុជាតែងតែយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រដល់ជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា រួមទាំងប្រជាជនវៀតណាមផងដែរ។ បើតាមសារព័ត៌មាន Vietnam Plus លោកស្រី ឃួន សុដារី បានគូសបញ្ជាក់ពីជំហររបស់កម្ពុជាចំពោះពលរដ្ឋវៀតណាមទៀតថា សម្រាប់ពលរដ្ឋខ្មែរដើមកំណើតវៀតណាម ដែលនៅខ្វះឯកសារផ្លូវច្បាប់ កម្ពុជានឹងបន្តជួយពួកគេតាមរយៈច្បាប់ពាក់ព័ន្ធនឹងកិច្ចការរដ្ឋប្បវេណីជាបន្ត។

ក្រៅពីនេះ ភាគីវៀតណាម ក៏បានអបអរចំពោះជោគជ័យរបស់គណបក្សកាន់អំណាច ដោយរំពឹងថា ទំនាក់ទំនងបែបប្រពៃណីរបស់កម្ពុជា និងវៀតណាម នឹងកាន់តែល្អប្រសើរ។

គួរបញ្ជាក់ថា ការស្នើសុំរបស់ភាគីវៀតណាមយ៉ាងដូច្នេះ គឺធ្វើឡើងនាគ្រា ដែលលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានទៅបំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម នៅទីក្រុងហាណូយ ពីថ្ងៃទី៣០វិច្ឆិកា ដល់ថ្ងៃទី២ធ្នូ។

គួរកត់សម្គាល់ថា សម្រាប់របៀបវារៈនៃការស្នើសុំរបស់វៀតណាម អំពីការមើលថែពលរដ្ឋវៀតណាមរស់នៅកម្ពុជា គឺតែងតែកើតមានឡើង នៅរៀងរាល់ជំនួបនៃមេដឹកនាំកំពូលទាំងផ្នែកនីតិប្រតិបត្តិ និងផ្នែកនីតិបញ្ញត្តិ កម្ពុជានិងវៀតណាម។ ជាក់ស្តែង កាលពីលោក ហ៊ុន សែន នៅជានាយករដ្ឋមន្ត្រី ភាគីវៀតណាមក៏តែងតែផ្តាំផ្ញើ ធ្វើយ៉ាងណាជួយយកចិត្តទុកដាក់ចំពោះពលរដ្ឋវៀតណាមដែលរស់នៅកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ