អានតួអត្ថបទ

ការ​បរទេស​៖ ​ការ​ឈ្នះ​ពានរង្វាន់​នៃ​សៀវភៅ​«​កេរដំណែល​ស្នាដៃ​ម្ហូបខ្មែរ​» ​ជា​មោទនភាព ​និង​កិត្តិយស​សម្រាប់​កម្ពុជា

សៀវភៅ​«​កេរដំណែល​ស្នាដៃ​ម្ហូបខ្មែរ​» (The Taste​ of Angkor)​ កាលពី​ថ្ងៃ​ទី​២៩ ​ខែ​វិឆ្ឆិកា ​ត្រូវបាន​ប្រកាសថា​ទទួល​ជ័យលាភី​ជាថ្មី​នៃ​«ពានរង្វាន់​ទូរទស្សន៍​ម្ហូបអាហារ​ល្អដាច់គេ​លើ​ពិភពលោក​»​នៅក្នុង​កម្មវិធី​ប្រកួត​ពានរង្វាន់​សៀវភៅ​មុខម្ហូប​ពិភពលោក​ប្រចាំ​ឆ្នាំ​២០២៣នេះ​ នៅទីក្រុង​រីយ៉ាត ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​។​ ការ​ទទួល​ជ័យលាភីនេះ ​គឺ​បន្ទាប់ពី​វិទ្យាស្ថាន​ការទូត​កម្ពុជា​នៃ​ក្រសួង​ការបរទេស​បាន​ផលិត​វីដេអូឃ្លីប ​ដែលបង្ហាញ​ពី​ការ​ចម្អិន​ម្ហូប​ខ្មែរ​៧​មុខ​ និង​បង្អែម​២​មុខ ​ដកស្រង់​ពី​សៀវភៅ​ស្នាដៃ​ម្ហូបខ្មែរ​។

សៀវភៅ«កេរដំណែលស្នាដៃម្ហូបខ្មែរ»ឈ្នះពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក
សៀវភៅ«កេរដំណែលស្នាដៃម្ហូបខ្មែរ»ឈ្នះពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក © FB
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ការបរទេស​កម្ពុជា​បានប្រកាស​ថា​សៀវភៅ«​កេរដំណែល​ស្នាដៃ​ម្ហូបខ្មែរ»​ ដែលរៀបរៀង ​និង​ចងក្រង​ដោយ​ក្រសួងនេះ​ផ្ទាល់​ ពិតជា​បានឈ្នះ​«ពានរង្វាន់​ទូរទស្សន៍​ម្ហូបអាហារ​ល្អដាច់គេ​លើ​ពិភពលោក​»​នៅក្នុង​កម្មវិធី​ប្រកួត​ពានរង្វាន់​សៀវភៅ​មុខម្ហូប​ពិភពលោក​ប្រចាំឆ្នាំ(​The Gourmand World Cookbook Awards) ​ខណៈដែល​កម្មវិធី​ប្រកួតប្រជែង​នេះ​ បានធ្វើឡើង​ដំណាលគ្នា​នឹង​បុណ្យ​អាហារនៅក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​។

ការឈ្នះ​ពានរង្វាន់​ពិភពលោក​នៃ​សៀវភៅ​ម្ហូបខ្មែរ​នៅពេលនេះ ​គឺជា​លើកទី​៣​ហើយ​ ចាប់តាំង​ពី​ឆ្នាំ២០២១​មក ​ដែល​កម្ពុជា​ទទួលបាន​ពាន ​ពោលគឺ​នៅឆ្នាំ ​២០២១ ​និង​ឆ្នាំ​២០២២ ​សៀវភៅ«​កេរដំណែល​ស្នាដៃ​ម្ហូបខ្មែរ​»បានទទួល​ជ័យលាភី​ជាសៀវភៅ​មុខម្ហូប​អាស៊ី​ដែលល្អ​ផ្តាច់គេ ​និង​សៀវភៅ​មុខម្ហូប​សម្រាប់​ប្រមុខ​រដ្ឋ​។

ក្រសួង​ការបរទេស​កម្ពុជា​បានបញ្ជាក់​តាម​សេចក្តីប្រកាស​របស់ខ្លួន​ថា​ការឈ្នះ​ពានរង្វាន់​ទូរទស្សន៍​ម្ហូបអាហារ​ល្អ​ដាច់គេ​លើ​ពិភពលោក ​បានឆ្លុះបញ្ចាំង​ពី​នយោបាយ​ការបរទេស​របស់​ក្រសួងនេះ ​ក្នុងការ​លើកស្ទួយ​ម្ហូបអាហារ​ខ្មែរ​ដ៏ពិតប្រាកដ​ទៅដល់​ពិភពលោក ​និង​ជា​មោទនភាព​ផង ​កិត្តិយស​ផង​សម្រាប់​កម្ពុជា ​ក្នុងការ​ផ្សព្វផ្សាយ​ឲ្យពិភពលោក​ស្គាល់ ​និង​ផ្តល់តម្លៃ​ចំពោះ​មរតក​ដ៏មហិមា​នៃ​ម្ហូបខ្មែរ​ ដែល​មាន​អាយុកាល​រាប់ពាន់ឆ្នាំ​មកហើយ​។

ការទទួលបាន​ពានរង្វាន់​នេះ ​ត្រូវ​ក្រសួង​ការបរទេស​ចាត់ទុក​ថា​ជា​ជោគជ័យ​មួយ​នៃ​ការទូត​អាហារ ​តាមរយៈ​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច ​ដែលបាន​ចាប់ផ្តើម​កាលពី​ឆ្នាំ​២០២១ ​សំដៅ​លើកស្ទួយ​កិត្យានុភាព​កម្ពុជា​នៅលើ​ឆាកអន្តរជាតិ ​និង​ជាផ្នែកមួយ​ជួយដល់​រដ្ឋាភិបាល​ក្នុងការ​សម្រេច​ចក្ខុវិស័យ​ឆ្នាំ​២០៣០ ​ជាប្រទេស​មានប្រាក់ចំណូល​មធ្យម​កំរិតខ្ពស់ ​និង​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅឆ្នាំ​២០៥០​។

សូមរំលឹក​ថា​កម្មវិធី​ប្រកួត​ពានរង្វាន់​សៀភៅ​មុខម្ហូប​ពិភពលោក ​បានបង្កើត​ឡើង​នៅឆ្នាំ ​១៩៩៥ ​ដោយជនជាតិ​បារាំង​មួយរូប ​គឺ​លោក​ Edouard Cointreau ​ក្នុង​គោលបំណង​គាំទ្រ​នូវ​ប្រពៃណី​ចម្អិន​អាហារ​ពីគ្រប់​ទិសទី​នៃ​ពិភពលោក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ