អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ម៉ូន ពេជ្រ ប្រកាសផ្តល់ថវិកាប្រចាំខែដល់ម្តាយសកម្មជនលោក កង សារ៉នរហូតដល់ដង្ហើមចុងក្រោយ

លោក ម៉ូន ពេជ្រ ដែលជានិសិ្សតបញ្ចប់ការសិក្សាផ្នែកយោធាពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point បានប្រកាសថា លោកនឹងផ្តល់ថវិកាប្រចាំខែដល់ម្តាយលោក កង សារ៉នរហូតដល់ជីវិតចុងក្រោយ។ ការប្រកាសផ្តល់ថវិកានេះ គឺធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានចុះមកចាប់ខ្លួនលោក កង សារ៉ន ដាក់ពន្ធនាគាររយៈពេល៣ឆ្នាំពីបទជេរប្រមាថ បទញុះញង់ និងប្រមាថព្រះមហាក្សត្រតាមអំណាចសាលក្រមតុលាការខេត្តបន្ទាយមានជ័យ។

ក្រុមគ្រួសាររបស់លោក កង សារ៉ន
ក្រុមគ្រួសាររបស់លោក កង សារ៉ន © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈសំណេរខ្លីមួយបង្ហោះនៅលើបណ្តាញសង្គមអមនឹងរូបភាពម្តាយលោក កង សារ៉ន អតីតនិសិ្សតផ្នែកយោធាលោក ម៉ូន ពេជ្រអះអាងថា ការជួយរបស់លោកនាពេលនេះ មិនមែនបង្ហាញពីការគាំទ្រ ឬប្រឆាំងទៅនឹងសកម្មភាពណាមួយឡើយ។ ក៏ប៉ុន្តែ ការផ្តល់ថវិកាប្រចាំខែបន្តិចបន្តួចទៅកាន់ស្ត្រីវ័យ១០២ឆ្នាំដែលត្រូវជាម្តាយរបស់លោក កង សារ៉ន គឺលោកខ្លួនឯងផ្ទាល់ ចង់ឃើញស្ត្រីវ័យចំណាស់រូបនេះទទួលបានការមើលថែ និងមានអាហារហូបចុកគ្រប់គ្រាន់។

បន្ថែមពីនេះ លោក ម៉ូន ពេជ្រ អះអាងថា លោកក៏នឹងទូរស័ព្ទសួរសុខទុក្ខម្តាយរបស់លោក កង សារ៉នជាប្រចាំខែផងដែរ ដើម្បីតាមដានបញ្ហាសុខភាព និងជីវភាពរស់នៅបន្ត។​

កាលពីថ្ងៃទី២៥ វិច្ឆិកា សមត្ថកិច្ចបានចុះមកចាប់ខ្លួនលោក កង សារ៉នដល់ផ្ទះដែលមានទីតាំងស្ថិតនៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យតាមអំណាចសាលក្រមរបស់តុលាការខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២២ វិច្ឆិកា។ ក្នុងនោះ លោក កង សារ៉នត្រូវបានតុលាការសម្រេចឱ្យជាប់ពន្ធនាគារ៣ឆ្នាំ ពីបទជេរប្រមាថ ញុះញង់ និងប្រមាថព្រះមហាក្សត្រ។

លោក កង សារ៉ន ក៏ជាបុគ្គលមួយរូបដែលតែងរិះគន់មិនសំចៃមាត់មកលើរដ្ឋាភិបាលកម្ពុជា ពិសេសរិះគន់ទៅលើរឿងពលរដ្ឋវៀតណាមកំពុងរស់នៅក្នុងប្រទេសកម្ពុជា បូករួមនឹងការស្រែកសួរទៅកាន់ក្បួនឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាកាលពីខែកក្កដាថា បើជាប់ឆ្នោតហ៊ានដេញយួនចេញពីស្រុកខ្មែរទេ។  

គួរ​ឱ្យកត់សម្គាល់ដែរថា ការចេញមកប្រកាសផ្តល់ថវិកាប្រចាំខែដល់ម្តាយរបស់លោក កង សារ៉ននេះ លោក ម៉ូន ពេជ្រក៏ទទួលបានការសាទរពីសាធារណជនផងដែរ ជុំវិញក្តីមេត្តាចំពោះគ្រួសាររបស់លោក កង សារ៉ន៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ