អានតួអត្ថបទ

សាលា​ឧទ្ធរណ៍៖​សំណុំរឿង​លោក​ កឹម សុខានឹងត្រូវ​លើកទៅជំនុំជម្រះ​នៅដើម​ឆ្នាំ​២០២៤

​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ លោក ឃុន លាងម៉េង ​បានបញ្ជាក់​ប្រាប់វិទ្យុ​បារាំងអន្តរជាតិ ​RFI នៅថ្ងៃ​ព្រហស្បតិ៍នេះថា ​សំណុំរឿងលោក​ កឹម សុខា ​នឹងត្រូវលើកមក​ជំនុំជម្រះនៅដើមឆ្នាំ២០២៤ ខាងមុខនេះ។ លោកអះអាងថា ​សំណុំរឿង​ដែលទាក់ទងទៅនឹង​លោក កឹម សុខា ​មានភាពស្មុគ្រស្មាញ​ និង​មានឯកសារ​ច្រើន។ ​ការពន្យាពេល​សវនាការឧទ្ធរណ៍​លើសំណុំរឿង​លោក កឹម សុខា ​នេះត្រូវបាន​ក្រុមអ្នកច្បាប់មួយចំនួន​លើកឡើងថា ​វាមាន​ចរិក​នយោបាយ ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​ឆាប់រហ័ស​របស់​លោក កឹម សុខា​ ដែលមាន​ចែងនៅក្នុង​ច្បាប់​។ ក៏ប៉ុន្តែ​មន្ត្រី​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​យល់ឃើញថា​សំណុំរឿងនេះ ​មិនមាន​ភាពយឺតយូរ​នោះទេ​ ខណៈតុលាការ​បានផ្តល់​អាទិភាព​ទៅលើសំណុំរឿង​អនីតិជន​ជាបន្តបន្ទាប់​។សូម​រំលឹកថា​ លោក កឹម សុខា​ ប្រធានអតីត​គណបក្ស​សង្គ្រោះជាតិ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញផ្តន្ទាទោស​កាល​ពីថ្ងៃទី៣ ខែមីនា ​ឆ្នាំ២០២៣ ដាក់​ពន្ធនាគារ​រយៈពេល​២៧ឆ្នាំ ពីបទ​សន្ទិដ្ឋិភាពជាមួយ​បរទេស តាមមាត្រា​៤៣៩ និងមាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ។​ ក៏ប៉ុន្តែលោក កឹម សុខា ​ត្រូវបានបញ្ជូន​ទៅឃុំខ្លួន​នៅក្នុងផ្ទះ​។ តុលាការ ​ក៏បាន​បង្គាប់​ឱ្យ​ដក​សិទ្ធិ​នយោបាយ​ជា​អចិន្រ្តៃយ៍​ចំពោះ​លោក​ កឹ​ម​ ​សុខា​ ក្នុង​ការ​ឈរឈ្មោះ ​ឬ​ចូលរួម​បោះឆ្នោត ​ដែល​ជា​ទណ្ឌកម្ម​បន្ថែម​តាមមាត្រា​៤៥០​នៃ​ក្រមព្រហ្មទណ្ឌ​។ក៏ប៉ុន្តែ​ចាប់តាំងពី​ចុងខែ​មីនា ឆ្នាំ២០២៣​មក សំណុំរឿង​លោក កឹម សុខា ​ត្រូវបានអូសបន្លាយ​ជាច្រើនខែរហូតមក​ដល់បច្ចុប្បន្ន​នេះ  ​ដែលក្រុម​មេធាវីការពារ​សិទ្ធិលោក កឹម សុខា​ តែងធ្វើ​អត្ថាធិប្បាយ​ថាជាការ​រំលោភ​លើសិទ្ធិ​កូនក្តី​របស់​ពួកគេ​។ សូមស្តាប់​ការលើកឡើង​របស់​លោក ឃុន លាងម៉េង៖

សំណុំរឿងលោក កឹម សុខា នឹងត្រូវលើកយកមកជំនុំជម្រះនៅដើមឆ្នាំ២០២៤
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ © សហការី
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ