អានតួអត្ថបទ

ខួប​៧០​ឆ្នាំ​ឯករាជ្យ​ជាតិ​៖ ​លោក ​សម រង្ស៊ី ​រំលេច​ពី​គុណ​បំណាច់​របស់​ឪពុក​លោក

នៅក្នុង​ឱកាស​ខួប​៧០​ឆ្នាំ នៃ​បុណ្យ​ឯករាជ្យ​ជាតិ​លោក​ សម រង្ស៊ី ​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះជាតិ ​បាន​ឆ្លៀត​សរសេរ​នៅលើ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ​ដោយ​ស្នើឲ្យ​កូនខ្មែរ​ចងចាំ​នូវ​ប្រវត្តិសាស្ត្រ​ពិត​នៃ​ប្រទេស​កម្ពុជា​ស្តីពី​ព្រះរាជ​បូជនីយកិច្ច​របស់​សម្តេច​ព្រះនរោត្តម សីហនុ​ ក្នុងការ​ទាមទារ​ឯករាជ្យ​ពី​បារាំង​កនៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៥០ ​ដោយមាន​ការ​ចូលរួម​ពី​ឪពុក​របស់​លោក​។ តែ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់អំណាច​យល់ថា​ឪពុក​លោក ​សម​ រង្ស៊ី ​មិនមែន​ជា​បុគ្គល​សំខាន់​នៃ​ការ​ទទួលបាន​ឯករាជ្យ​ពី​បារាំង​ទេ។

រូបភាពសម្តេចឪ និងមន្ត្រីលោកជំនាន់សង្គមរាស្ត្រនិយម
រូបភាពសម្តេចឪ និងមន្ត្រីលោកជំនាន់សង្គមរាស្ត្រនិយម © FB
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​០៩ វិច្ឆិកា ឆ្នាំ២០២៣ ​គឺជាខួប៧០ឆ្នាំនៃ​ឯករាជ្យជាតិកម្ពុជា ​បន្ទាប់ពីប្រទេសនេះ​ទទួលបាន​សិទ្ធិគ្រប់បែប​យ៉ាងពី​អាណានិគមបារាំង​កាលពីឆ្នាំ​១៩៥៣ ​ដឹកនាំដោយ​អតីតព្រះមហាក្សត្រខ្មែរ​ព្រះបាទ ​សម្តេចព្រះ នរោត្តម សីហនុ​។ ដោយរៀបរាប់ពី​ការបំភ្លៃប្រវត្តិសាស្ត្រ​ពីសំណាក់​មេដឹកនាំ​បក្សកាន់អំណាច​បច្ចុប្បន្ន ​លោក សម រង្ស៊ី ​ប្រធានស្តីទី​អតីតគណបក្សសង្គ្រោះជាតិ​ក៏បាន​ឆ្លៀតលើកយក​គុណសម្បត្តិរបស់​ឪពុកលោក ​គឺលោក សម សារី​ ដែលជាមន្ត្រីជាន់ខ្ពស់​សម័យ​សង្គមរាស្ត្រនិយម​មករំលេច​។

ដោយ​ដកស្រង់ពី​ឯកសារចាស់ៗ ​ព្រឹត្តិប័ត្រ«Le Sangkum» ​កាលពីខែសីហា ​ឆ្នាំ១៩៦៥ លោក ​សម រង្ស៊ី បានលើកយក​មកបង្ហាញនូវ​វីរភាពរបស់ឳពុកលោក ​ដែលបានចូលរួម​នៅក្នុង​បុព្វហេតុទាមទារ​ឯករាជ្យពីប្រទេស​បារាំង​។

លោក ​សម រង្ស៊ី បានដកស្រង់​ព្រះរាជសារ​ខ្លីតាមសារទូរលេខ​ជាភាសាបារាំង​របស់​អតីតព្រះមហាក្សត្រ ​នរោត្តម សីហនុ ​កាលពីថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​១៩៥៣ ទៅកាន់​លោក ប៉ែន នុត​ ជានាយករដ្ឋមន្ត្រី ​ពីទីក្រុងបាងកក​ប្រទេសថៃ ដែលមាន​ខ្លឹមសារបកប្រែ​ជាភាសាខ្មែរថា​លោក សម សារី​ តែម្នាក់គត់ ​ក្នុងការការពារ​បុព្វហេតុរបស់ប្រទេស​កម្ពុជាយ៉ាងត្រចះត្រចង់​នៅប្រទេស​បារាំង លោកសមនឹង​បានទទួលការ​តម្លើងឋានៈ​ជារដ្ឋមន្ត្រី​ដោយមិនទុក​ពន្យាពេល​បន្ថែមទៀត​។

ក៏ប៉ុន្តែ​លោក សុខ ឥសាន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា ​ដែលកាន់អំណាច​បច្ចុប្បន្ន បានបន្ត​ហៅលោក ​សម រង្ស៊ី ថាជា​មេឧទ្ទាមក្រៅច្បាប់​ ហើយថា​សំដីលោក ​សម រង្ស៊ី ​គ្រាន់តែ​ជាមតិយោបល់​លើកតម្កើង​ត្រកូលរបស់ខ្លួន​ តែជាក់ស្តែង​រឿងនេះបាន​ចារនៅក្នុងប្រវត្តិសាស្ត្រ​រួចហើយ​។ អ្នក​នយោបាយវ័យចំណាស់​រូបនេះ​បន្តថា​ឪពុកលោក សម រង្ស៊ី ​មិនមែនជា​ឥស្សរជនដើរតួ​សំខាន់នៅក្នុងការ​ទាមទារឯករាជ្យ​ពីបារាំង ដែលដឹកនាំ​ដោយព្រះករុណា ​សីហនុ ​នោះទេ​។ គឺគ្រាន់ជា​អ្នកហែរហម ​ហើយក្រោយមក​មានកំហុស​ ត្រូវបានដក​មកប្រទេសវិញ។​ នេះបើតាម​លោក​ សុខ ឥសាន​។

សូមរំលឹកថា ​ប្រទេសកម្ពុជា​បានស្ថិតនៅ​ក្រោមអាណាព្យាបាល​បារាំងអស់រយៈពេល​ជិត១​សតវត្ស គឺ​ចាប់ពីថ្ងៃទី​១១ ខែសីហា​ ឆ្នាំ១៨៦៣ ​ដល់ថ្ងៃទី០៩ ខែ​វិច្ឆិកា ឆ្នាំ១៩៥៣​។ ក្រោមព្រះរាជ​បូជនីយកិច្ច​ទាមទារឯករាជ្យ​ពីបារាំងរបស់​សម្តេច នរោត្តម សីហនុ ​បារាំងក៏បានទទួលស្គាល់​ដែរថា​ឯករាជ្យរបស់ប្រទេស​កម្ពុជាគឺ​ធ្វើឡើងដោយ​មិនមាន​ការបង្ហូរឈាម​មួយដំណក់​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ