អានតួអត្ថបទ

ម្ចាស់​បុរីពិភព​ថ្មី​ចេញ​មក​ការពារ​ភាព​ស្អាតស្អំ​នៅ​ពីក្រោយ​ការ​ចោទ​រឹប​អូស​ផ្ទះ​អតិថិជន

អ្នកឧកញ៉ា ហុង ពីវ ប្រធាន​ក្រុមហ៊ុន​បុរីពិភព​ថ្មី​បាន​ចេញ​មក​ការពារ​ភាព​ស្អាតស្អំ​នៅ​ពី​ក្រោយ​ការ​ចោទប្រកាន់​ថា ក្រុមហ៊ុន​លោក​រឹប​អូស​ផ្ទះ​អតិថិជន​ក្នុង​ករណី​អតិថិជន​ពុំ​មាន​លទ្ធភាព​បង់​ប្រចាំ​ខែ។ ការ​បំភ្លឺនេះ​ក៏​ធ្វើ​ឡើង​ស្របពេល​ដែល​អតិថិ​ជន​បន្ត​ជួបជុំ​ទាមទារ​រក​ដំណោះស្រាយ​នៅ​ខាង​មុខ​ការិយាល័យ​បុរីពិភព​ថ្មី​ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។ ​

អ្នកឧកញ៉ា ហុង ពីវ ប្រធានក្រុមហ៊ុនបុរីពិភពថ្មី
អ្នកឧកញ៉ា ហុង ពីវ ប្រធានក្រុមហ៊ុនបុរីពិភពថ្មី © FB ហុង ពីវ
ផ្សាយពាណិជ្ជកម្ម

មិន​ត្រឹម​តែ​ការពារ​ភាព​ស្អាតស្អំ ក្រុមហ៊ុន​ពិភព​ថ្មី​បាន​ចង្អុល​មុខ​បុគ្គល​ពីរ​រូប​ថា នៅ​ពី​ក្រោយ​ការ​ជួប​តវ៉ា​នេះរួម​មានៈ លោក ហេង តារា ដែល​ក្រុមហ៊ុន​អះអាង​ថា មាន​ផ្ទះ​ចំនួន​៣៩​ផ្ទះ និង​បច្ចុប្បន្ន​កំពុង​បង់​រំលោះ​៣ផ្ទះ​និង​ម្នាក់​ទៀត​ឈ្មោះ​ថា ឆាយ យាន ដែល​ក្រុមហ៊ុន​អះអាង​ថា មាន​ឋានៈ​ជារដ្ឋលេខាធិការ​មាន​ផ្ទះ​ចំនួន២០៣​ផ្ទះ​និង​កំពុង​បង់​រំលោះ​១០​ផ្ទះ។ បើតាម​ក្រុម​ហ៊ុន​បុរីពិភព​ថ្មី​ការ​តវ៉ា​នេះ​កើត​ឡើង​ដោយ​សារ​អ្នក​ទាំង​ពីរ​លក់​ផ្ទះ​មិន​ចេញ​ទើប​ដើរញុះញង់​អតិថិជន​មួយ​ចំនួន​ចេញ​មក​ជួប​ជុំតវ៉ា។ ក្រុមហ៊ុន​ភព​ថ្មី​បាន​បរិហាទៀ​ត​ថា លោក​ទាំង​ពីរ​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​យក​ទៅ​លក់​បន្ត​ចំណេញ​រាប់​រយ រាប់​ពាន់​ដុល្លា​ក្នុង​មួយ​ផ្ទះ។

នៅ​ចំពោះ​មុខ​សកម្មភាព​នេះ អ្នកឧកញ៉ា ហុង ពីវ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​វិធាន​ការ​តាម​ផ្លូវច្បាប់​រាល់​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​បំពាន​គោលការណ៍​ច្បាប់ រំលោភ​លើ​សិទ្ធិ​បុគ្គល​និងសណ្ដាប់​ធ្នាប់​សាធារណៈ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌​មាន​ថ្ងៃ​ទី​២៩​ខែ​តុលា​ឆ្នាំ២០២៣ ក្រុមហ៊ុន​បុរីពិភព​ថ្មី​បាន​អះអាង​ថា ទោះ​បីពេល​បច្ចុប្បន្ន​នេះ​មាន​បញ្ហា​សេដ្ឋកិច្ច​ជា​សកល ក្រុមហ៊ុន​នៅ​តែ​អនុវត្ត​តាម​កិច្ចសន្យា​ដោយ​ឥតកែប្រែ​និងកែប្រែ​លក្ខខណ្ឌ​បន្ថែម​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​អតិថិជន​ជាមួយ​លក្ខខណ្ឌ​បី​ចំណុច។ ទី១ ជា​កិច្ច​សន្យាទិញ​លក់​ផ្ទះ​និង​មាន​លក្ខខណ្ឌ​ទទួល​ទិញ​វិញ ទី២​ជា​កិច្ចសន្យា​ទិញ​លក់​ផ្ទះ​គ្មាន​លក្ខខណ្ឌ​ទទួល​ទិញ​វិញ ,ទី​៣​ជា​កិច្ច​សន្យា​ទិញ​លក់​ផ្ទះ គ្មាន​លក្ខខណ្ឌ​ទទួល​ទិញ​វិញ​សម្រាប់​អតិថិជន​មាន​២​ផ្ទះ។​  នៅ​ក្នុង​កិច្ចសន្យា​ត្រង់​ចំណុ​ចទី​៣​នេះ ក្រុមហ៊ុន​បាន​គូស​បញ្ជាក់​ថា អនុវត្ត​តែ​កិច្ចសន្យា​ណា​ដែល​ទិញ​ផ្ទះ​មុ​ន​ថ្ងៃ​ទី​៣០ខែ​តុលា​ឆ្នាំ​២០២២។

ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​បាន​គូស​បញ្ជាក់​ថា ក្នុង​ករណី ក្រុមហ៊ុន​ធ្វើតាម​នូវ​អ្វីៗ​ដែល​អតិថិជន​ទាមទារ​ក្រុម​ហ៊ុននឹង​ក្ស័យ​ធន។ដំណោះ​ស្រាយ​ដែល​ពួក​គេ​ចង់​បាន​ស៊ូ​ខាត​៥០​ភាគរយ​ដើម្បី​លក់​ផ្ទះ​ឲ្យ​ក្រុមហ៊ុន​វិញ និងទូទាត់​សំណង់​ខ្លះ​មក​អតិថិជន​ដែល​ត្រូវ​បាន​បុរី​កាត់​ផ្ទះ​យក។

ចំពោះការ​ចោទ លោក ហេង តារា និង លោក ឆាយ យាន ជា​អ្នក​ពី​ក្រោយ​ការ​តវ៉ា​អតិជន​មួយ​ចំនួន​ទៀតបាន​ចេញ​មុខ​ការពារ​និ​ងគាំទ្រ​របស់​លោក​ទាំង​២ថា បាន​ជួយ​រក​យុត្តិធម៌​ឲ្យ​ពួកគេ។ ពួកគេ​ថែម​ទាំង​បានប្រមូល​ស្នាម​មេដៃ​ក្នុង​នាម​ជា​សាក្សី​ការពារ​ការ​ចោទ​ប្រកាន់​នេះ។ នៅ​ក្នុង​លិខិត​បដិសេធ​ចុះ​ថ្ងៃ​ទី​១​វិច្ឆិកា​ឆ្នាំ២០២៣​នេះ​អតិថិជន​បាន​អះអាង​ថា ការ​ចូលរួម​ទាមទារ​គ្រប់សកម្មភាព​កន្លង​មក មិន​មាន​ការ​បង្ខិត​បង្ខំ​ពីអ្នកណា​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ