អានតួអត្ថបទ

រដ្ឋាភិបាលកាត់ដី៦៣៩ហិកតានៅស្ទឹងហាវឲ្យក្រុមហ៊ុនឯកជន

រដ្ឋា​ភិបាល​កម្ពុជា បាន​ធ្វើ​អនុប្ប​យោគដី​សាធារណៈ​របស់​រដ្ឋ​ទំហំ ​៦៣៩ហិកតា នៅឃុំ​ទំនប់​រលក​ ស្រុកស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ ​ឱ្យជា​ដីឯកជន​របស់​រដ្ឋ ​ដើម្បី​ប្រគល់​ឲ្យ​ក្រុម​ហ៊ុន​ធ្វើការ​អភិវឌ្ឍ​ជា​តំបន់​ពាណិជ្ជកម្ម ។ នេះ​បើ​តាម​អនុក្រឹត្យ​លេខ ​ចុះ​ថ្ងៃ​ទី​២៣ ​ខែ​មិថុនា​ ឆ្នាំ​២០២៣​ដែល​ទើប​ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​។

ផ្ទះអ្នកនេសាទនៅឃុំទំនប់រលក
ផ្ទះអ្នកនេសាទនៅឃុំទំនប់រលក © FB
ផ្សាយពាណិជ្ជកម្ម

ក្នុងអនុក្រឹត្យនេះ ​បង្ហាញថា ផ្ទៃដីសរុបដែលបានធ្វើអនុប្បយោគ មានទំហំ ៧៩៩ហិកតា ក្នុង​នោះ​ផ្ទៃដីចំនួន ២០ភាគរយ ស្មើនិងទំហំ ១៥៩ហិកតា ៨០អា ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ។

ចំណែក​ ផ្ទៃដីចំនួន ៨០ភាគរយ ស្មើនិងទំហំ ៦៣៩ហិកតា ២០អា ត្រូវបានផ្តល់ជាកម្មសិទ្ធិឯកជនជូនក្រុមហ៊ុន C99 international investment (Cambodia) Co., Ltd សម្រាប់ធ្វើការអភិវឌ្ឍជាសណ្ឋាគារ វីឡាទំនើប អគារស្នាក់នៅរួម ផ្សារទំនើប ភោជនីយដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម តំបន់សេវាកម្មនានា និងឃ្លាំងដាក់សម្ភារ។

ការ​បន្ត​កាត់​ដីរបស់រដ្ឋ​ប្រគល់ឲ្យឯកជន​បន្តបន្ទាប់ក្រោម​រូបភាព​អភិវឌ្ឍន៍នេះ បាន​ធ្វើ​ឲ្យ​​មន្ត្រី​អង្គការ​សង្គមស៊ីវិលខ្លះ​ព្រួយបារម្ភ​ពីការ​បាត់​បង់​ធនធានធម្មជាតិ ដោយ​​កត់សំគាល់ថា ការ​ផ្តល់​ដី​សម្បទាន​មួយចំនួន​កន្លងមកមិនសូវបាន​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជនមូលដ្ឋានឡើយ។ អ្នក​ដែល​រង​ផល​ប៉ះពាល់គឺត្រូវ​ធ្វើ​ចំណាក​ស្រុកទាំង​ប្រថុយ​ប្រថាន ដោយ​សារតែ​បាត់​បង់​ដី​បង្កបង្កើនផល។ នេះបើតាម លោក វណ្ណ សូផាត មន្ត្រី​សម្រប​សម្រួល​ផ្នែក​ធុរកិច្ច និង​សិទ្ធិមនុស្ស​ របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។

មន្ត្រី​សិទ្ធិមនុស្សរូបនេះ​ស្នើឲ្យមានការ​សិក្សាពីផល​ប៉ះពាល់ទៅលើ​សហគមន៍​មូលដ្ឋាន លើ​គម្រោង​អភិវឌ្ឍន៍មួយនេះ ខណៈកន្លងទៅ​ក៏ធ្លាប់​ទំនាស់​ដីធ្លីយ៉ាងក្តៅគគុកកើត​ឡើង​ដែរនៅតំបន់ក្បែរនោះ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ