អានតួអត្ថបទ

នាយក​រដ្ឋមន្ត្រី​កម្ពុជា​បញ្ជាក់​ពី​ជំហរ​នយោបាយ​មិន​ប្រែប្រួល​ជាមួយ​រុស្សី

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​បានថ្លែង​ថា​គោលនយោបាយ​ការបរទេស​របស់​កម្ពុជា​ចំពោះ​រុស្ស៊ី ​មិនមាន​ការ​ប្រែប្រួល​ឡើយ ​ជាពិសេស​នៅក្នុង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា-​រុស្ស៊ី​។ ការ​បញ្ជាក់​របស់​លោក ​ហ៊ុន ម៉ាណែត ​ដូច្នេះ ​បានធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា ​លោក ​Anatoly BOROVIK ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ ​នៅ​ទីក្រុង​ភ្នំពេញ​។

ជំនួបរវាងឯកអគ្គរដ្ឋទូតរុស្ស៊ី និងលោក ហ៊ុន ម៉ាណែត
ជំនួបរវាងឯកអគ្គរដ្ឋទូតរុស្ស៊ី និងលោក ហ៊ុន ម៉ាណែត © STPM
ផ្សាយពាណិជ្ជកម្ម

បន្ថែមពីលើ​ការអះអាង​ជាថ្មី​ពីជំហរ​របស់កម្ពុជា​ចំពោះរុស្ស៊ី ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​និង​លោក Anatoly BOROVIK ​ឯកអគ្គរដ្ឋទូត​រុស្ស៊ីប្រចាំកម្ពុជា ​បានរំលឹកពីទំនាក់ទំនង​ទ្វេភាគីរវាងប្រទេស​ទាំងពីរកន្លងមក ​ដោយឯកអគ្គរដ្ឋទូត​រុស្សីបានធ្វើការសាទរ​ និង​គាំទ្រដល់លោក​ ហ៊ុន ម៉ាណែត ដែលបាន​ក្លាយជានាយក​រដ្ឋមន្ត្រីកម្ពុជាក្រោយ​ការបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រឆ្នាំ ​២០២៣នេះ​។

រុស្ស៊ីសម្តែងនូវ​ការជឿជាក់ថា​ ចំណងមិត្តភាពរុស្សី-កម្ពុជា ​នឹងកាន់តែរីកចម្រើនរឹងមាំ ​បន្ថែមពីលើ​កិច្ចសហប្រតិបត្តិការ​ល្អជាប្រវត្តិសាស្ត្រ​ ផ្នែកការទូតដែល​មានរយៈពេលជាង ៦០​ឆ្នាំកន្លងទៅ។​ បន្ថែមពីនេះ​ រុស្ស៊ីក៏បានមើលឃើញ​ពីការលើកស្ទួយ​ទំនាក់ទំនង​កិច្ចសន្ទនាអាស៊ាន​-រុស្ស៊ី បន្ថែម​មួយកំរិតទៀត​ ខណៈដែលកម្ពុជា​បំពេញតួនាទីជា​ប្រទេសសម្របសម្រួល​អាស៊ាន-រុស្ស៊ី​។

ក៏ប៉ុន្តែនៅដំណាក់កាល​យុគសម័យថ្មីនេះ ​ទំនាក់ទំនងរវាង​កម្ពុជា និងរុស្ស៊ី ​ត្រូវគេមើលឃើញថា​ហាក់ដូចជាមិនសូវ​រលូនទៅតាមការអះអាង​បែបការទូតនោះទេ។​ មិនសូវល្អូកល្អឺន ​គឺតាមរយៈសង្គ្រាម​ឈ្លានពានរបស់រុស្សី ​ទៅលើអ៊ុយក្រែន​។

ជាការកត់សម្គាល់ ​កម្ពុជាបានក្លាយជា​ប្រទេស Co-sponsors​ នៅក្នុងការបោះឆ្នោតរៀបចំ​ដោយអង្គការសហប្រជាជាតិ​ចំនួន៣លើក​កាលពីឆ្នាំ២០២២​ កន្លងទៅ ដោយកម្ពុជា​បានបោះឆ្នោត​ថ្កោលទោស​រុស្ស៊ី២លើក និងបោះឆ្នោត​អនុបវាទ១លើក​ទាក់ទងទៅនឹងសំណើរ​របស់សហរដ្ឋអាមេរិក​ស្នើសុំឲ្យបញ្ឈរជើង​រុស្ស៊ីនៅក្រុមប្រឹក្សា​សិទ្ធិមនុស្សអង្គការ​សហប្រជាជាតិ​។

ទោះយ៉ាងណា​ តាមរយៈជំនួបរវាង​លោក ហ៊ុន ម៉ាណែត និង​ឯកអគ្គរដ្ឋទូតរុស្ស៊ី​នៅពេលនេះ​ ក្រៅពីនយោបាយ ​ភាគីទាំងពីរក៏បាន​លើកឡើង និងបន្ត​កិច្ចសហប្រតិបត្តិការ​រវាងគ្នាលើវិស័យ​សំខាន់ៗមួយចំនួន​ជាពិសេសវិស័យ​ឧស្សាហកម្មរថយន្ត ​និង​គ្រឿងចក្រ ​គ្រឿងយន្តកសិកម្ម ​បរិក្ខារសុខាភិបាល​ និងបច្ចេកវិទ្យា​ព័ត៌មានជាដើម​។

សូមរំលឹកថា ​រុស្ស៊ី ដែលកាលពីមុន​ជាអតីតសហភាពសូវៀត ​ជាអ្នកជួយឧបត្ថម្ភ​គាំទ្រកម្ពុជា​ដ៏ធំបំផុត​លើការស្តារ​ និងកសាង​ប្រទេសកម្ពុជាឡើងវិញ ​បន្ទាប់ពីការដួលរលំ​នៃរបបប្រល័យ​ពូជសាសន៍​។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ​ចិនត្រូវគេមើលឃើញថា​ជាប្រទេសដែលកម្ពុជា​ស្និទ្ធជាងគេ ដោយចិន-​កម្ពុជា បានកសាង​នូវទំនុកចិត្តរវាងគ្នា​ទៅវិញទៅមក ​រហូតក្លាយជា​មិត្តភាពដែកថែប ​និងកិច្ចសហប្រតិបត្តិការ​ត្បូងពេជ្រ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ