អានតួអត្ថបទ

លោក ​ស៊ី ជិនពីង ​ស្នើឲ្យ​រក្សា​ទំនាក់ទំនង​ជាយុទ្ធសាស្ត្រ​កំរិត​ខ្ពស់ ​ចិន-​កម្ពុជា

ប្រធានាធិបតី​ចិន​លោក ​ស៊ី ជិនពីង ​បាន​ប្រាប់​លោក ​ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថា​ចិន​ត្រៀម​ខ្លួនរួច​ជាស្រេច ​ដើម្បី​ច្របាច់បញ្ជូល​គ្នា​រវាង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ និង​ផ្លូវ​ ជាមួយនឹង​យុទ្ធសាស្ត្រ​បញ្ចកោណ​កម្ពុជា ​ខណៈ​ការ​អភិវឌ្ឍន៍​របស់​ចិន ​នឹង​នាំមក​នូវ​អត្ថប្រយោជន៍​បន្ថែមទៀត​ដល់​ប្រជាជន​កម្ពុជា​។ នៅក្នុង​ជំនួប​មួយ​នាថ្ងៃ​ព្រហស្បតិ៍​នេះ​ជាមួយ​លោក ​ហ៊ុន ម៉ាណែត ​អំឡុងពេល​លោក​ចូលរួម​វេទិកា​ខ្សែក្រវាត់ ​និង​ផ្លូវ​លើកទី​៣ ​នៅទីក្រុង​ប៉េកាំង​លោក​ ស៊ី ​ក៏បាន​ស្នើឲ្យ​រក្សា​ទំនាក់ទំនង​ជាយុទ្ធសាស្ត្រ​កំរិតខ្ពស់​រវាង​កម្ពុជា-ចិន​ ផងដែរ​។ នេះបើតាម​កាសែត​ចិន ​ស៊ុនហួរ​។

ជំនួប ស៊ី ជិនពីង-ហ៊ុន ម៉ាណែត
ជំនួប ស៊ី ជិនពីង-ហ៊ុន ម៉ាណែត © STPM
ផ្សាយពាណិជ្ជកម្ម

ដោយលើកឡើង​ពីខួបលើកទី៦៥ ​នៃការបង្កើតទំនាក់ទំនង​ការទូត និងជាឆ្នាំមិត្តភាព​រវាងចិន-​កម្ពុជា ដែលជាមិត្តភាព​ដែកថែប​មិនអាចបំបែកបាន​ លោកប្រធានាធិបតី​ចិន ស៊ី ជិនពីង ​បានរំលេចឡើង​ពីការត្រៀមខ្លួន​របស់ចិនក្នុងការ​ច្របាច់បញ្ចូលគ្នា​រវាងគំនិតផ្តួចផ្តើម​នៃខ្សែក្រាវាត់ ​និងផ្លូវ(BRI)​ ជាមួយនឹង​គោលនយោបាយ​បញ្ចកោណរបស់​កម្ពុជា។ លោកថា​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ ​និងផ្លូវ ​គឺបាន​នាំមកនូវឱកាស​អភិវឌ្ឍជាក់ស្តែង​ដល់ប្រទេស​កម្ពុជា​។

តាមទីភ្នាក់ងារ​សារព័ត៌មានចិន​ស៊ុនហួរ ​លោកប្រធានាធិបតី​បញ្ជាក់ថា​ការអភិវឌ្ឍន៍​របស់ប្រទេសចិន​ នឹងនាំមកនូវ​អត្ថប្រយោជន៍បន្ថែម​ទៀតដល់​ប្រជាជនកម្ពុជា។ ​លោក ស៊ី បន្ថែមថាកម្ពុជា-​ចិន គួរតែរក្សាទំនាក់ទំនង​ជាយុទ្ធសាស្ត្រ​កំរិតខ្ពស់ ដើម្បីកសាង​សហគមន៍ចិន-កម្ពុជា​មួយ ដែលមាន​គុណភាព និងកម្រិតស្តង់ដារ​ខ្ពស់​ជាមួយនឹង​អនាគតរួមគ្នា​នៅក្នុង​យុគសម័យថ្មី​។

ទាក់ទងទៅនឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្មវិញ ​កាសែត​ស៊ុនហួរបានដកស្រង់​សំដី​លោក ស៊ី ជិនពីង ថា​ចិនស្វាគមន៍​ការនាំចូល​កសិផលពីប្រទេស​កម្ពុជាកាន់តែច្រើន​ទៅក្នុងទីផ្សារ​របស់ខ្លួន​ ព្រមទាំងលើកទឹកចិត្ត​ដល់អ្នកទេសចរចិន​ធ្វើដំណើរទៅកាន់​កម្ពុជាកាន់តែច្រើន​។ ការជំរុញ​ការអនុវត្ត​កិច្ចសហប្រតិបត្តិការ​ត្បូងពេជ្រ និង​ការបង្កើតច្រករបៀង​មច្ឆា និង​អង្ករ និង​ច្រករបៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា ក៏ត្រូវបាន​គាំទ្រដោយ​មេដឹកនាំចិន-​កម្ពុជា ផងដែរ​។

ក៏ប៉ុន្តេ​អ្នកតាមដាន​សង្គម និង​នយោបាយកម្ពុជា​មួយចំនួន បាន​មើលឃើញថា​ថ្វីត្បិតកម្ពុជា​ និងចិន​ មានកិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​សេរីជាមួយគ្នា​ពិតមែន ក៏ប៉ុន្តែ​ជញ្ជីងពាណិជ្ជកម្ម​រវាងកម្ពុជា-ចិន ​នៅមិនទាន់មាន​តុល្យភាព​នៅឡើយ ដោយកម្ពុជា​នាំចូលចិន​តិចជាង​ចិននាំចូល​កម្ពុជា។

តាមការចុះផ្សាយ​របស់​ស៊ុនហួរ​ដដែល ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​បានសម្តែងការ​កោតសរសើរចំពោះ​ការគាំទ្រដ៏យូរអង្វែង ​និង​គុណតម្លៃរបស់​ចិនសម្រាប់​កម្ពុជា ដោយចិន​កត់សម្គាល់ថា​កម្ពុជាបានអនុវត្ត​យ៉ាងម៉ឺងម៉ាត់​នូវគោលនយោបាយ​មិត្តភាព និង​គាំទ្រផលប្រយោជន៍​ស្នូលរបស់​ប្រទេសចិន​។ លោក ហ៊ុន ម៉ាណែត ​បានថ្លែងថា​គំនិតផ្តួចផ្តើម​សំខាន់ៗ​ជាច្រើន ដែលដាក់ចេញ​ដោយលោក​ប្រធានាធិបតី ស៊ី ជិនពីង ​បានផ្តល់​ឱកាស និង​ជាវេទិកាសំខាន់ៗ​សម្រាប់ការ​លើកកម្ពស់​សន្តិភាព និង​ការអភិវឌ្ឍន៍​ពិភពលោក ​ហើយកម្ពុជា ​គឺជាអ្នកគាំទ្រ​យ៉ាងសកម្ម​ផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ