អានតួអត្ថបទ

វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ​ធ្វើឲ្យ​លោក ​ហ៊ុន ម៉ាណែត ​មាន​វត្តមាន​២​ដង​នៅចិន​តែ​ក្នុង​រយៈពេល​១​ខែ

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​និង​គណៈប្រតិភូ​ជាន់ខ្ពស់​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ហើយ​នៅព្រឹក​ថ្ងៃ​ចន្ទនេះ ​ដើម្បី​ចូលរួម​វេទិកា​ខ្សែក្រវាត់ ​និង​ផ្លូវ​លើកទី​៣ ​នៅ​ប្រទេសចិន​ ដែលនឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៧-១៨ ​ខែ​តុលា ​ឆ្នាំ​២០២៣​នេះ​។ ក្រៅពី​វេទិកា​ខ្សែក្រវាត់​ និង​ផ្លូវ​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏នឹង​មានជំនួប​ជាមួយ​មេដឹកនាំ​ចិន​លោក ស៊ី ជិនពីង​ និង​ជួប​ក្រុមហ៊ុន​ធំ​ៗ​របស់​ចិន​ជាច្រើន​ទៀត​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  និងលោក ហ៊ុន ម៉ាណែត ជាមួយលោក ស៊ី ជិនពីង អគ្គលេខាបក្សកុម្មុយនីស្តចិនអាណត្តិទី៣
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ជាមួយលោក ស៊ី ជិនពីង អគ្គលេខាបក្សកុម្មុយនីស្តចិនអាណត្តិទី៣ © FB
ផ្សាយពាណិជ្ជកម្ម

ក្រោម​មូលបទ ​«កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ ​និង​ផ្លូវ ប្រកបដោយ​គុណភាព​ខ្ពស់​៖​ រួមគ្នាដើម្បី​ការអភិវឌ្ឍន៍​ និង​វិបុលភាពរួម»​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត នឹងថ្លែង​សុន្ទរកថាស្តីពី​«សេដ្ឋកិច្ច​ឌីជីថល​ជាប្រភព​នៃ​កំណើនថ្មី​»។

តាមការ​គ្រោងទុក​ លោក ហ៊ុន ម៉ាណែត ​នឹងមានជំនួបជាមួយ​មេដឹកនាំកំពូលៗ​ចិន ដូចជា​លោក ស៊ី ជិនពីង ​ប្រធានាធិបតីចិន ​លោក លី ឈាង ​នាយករដ្ឋមន្ត្រី ​និងលោក ​ឆាយ លី ​សមាជិក​គណៈអចិន្ត្រៃយ៍ ​នៃការិយាល័យ​នយោបាយ​គណៈមជ្ឈឹមបក្ស​កុម្មុយនីស្តចិន​។ ​នេះបើតាម​លោក មាស សុភ័ណ្ឌ ​ប្រធានក្រុម​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី​ថ្លែងប្រាប់​អ្នកកាសែត​នៅព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ វត្តមានរបស់​លោក ហ៊ុន ម៉ាណែត ​នៅលើទឹកដីចិន​ជាលើកទី២ ​តែក្នុង​រយៈពេលមួយខែ​នេះ ក៏នឹងមាន​ជំនួប​ជាមួយ​ប្រធានរដ្ឋ​វៀតណាម និង​ប្រធានរដ្ឋឡាវ ​រួមនឹងជំនួប​ជាមួយក្រុមហ៊ុន​វិនិយោគធំ​ៗរបស់ចិន​ផងដែរ​។

បន្ទាប់ពី​វេទិកាផ្លូវ ​និងខ្សែក្រវាត់​ លោក ហ៊ុន ម៉ាណែត ​និងគណៈប្រតិភូ ​នឹងបន្ត​ដំណើរទៅកាន់​ទីក្រុង​រីយ៉ាត ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ​ដើម្បីចូលរួម​កិច្ចប្រជុំកំពូល​អាស៊ាន ​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូងសមុទ្រ​ នៅថ្ងៃទី​២០ ​ខែ​តុលា ខាងមុខ​នេះ​។

ងាកមកបញ្ហា​ខ្សែក្រវាត់ ​និងផ្លូវ​របស់ចិន​វិញ គឺ​យុទ្ធសាស្ត្រនេះ​ត្រូវបានបង្កើតឡើង​ដោយលោកប្រធានាធិបតី ​ស៊ី ជិនពីង ​នៅឆ្នាំ២០១៣ ​ដែលមាន​សមាសធាតុសំខាន់ពីរ​ គឺ​ខ្សែក្រវាត់​សេដ្ឋកិច្ច​ផ្លូវគោកតាម​បណ្តោយ​ផ្លូវសូត្រ ​និង​ផ្លូវសូត្រ​សមុទ្រ​សតវត្សទី​២១ ដែលមានបំណង​តភ្ជាប់​ប្រទេសចិន​តាមបណ្តាប្រទេស​អាស៊ីមួយចំនួន​ទៅកាន់​ទ្វីបអឺរ៉ុប​។

នៅខែមិនា ​ឆ្នាំ២០១៥​ ចិនបានចេញផ្សាយ​ឯកសារមួយ​ស្តីពី​ចក្ខុវិស័យ ​និង​សកម្មភាព​ស្តីពីការរួមគ្នា​ស្ថាបនា​ខ្សែក្រវាត់​សេដ្ឋកិច្ចតាមបណ្តោយ​ផ្លូវសូត្រ ​និងផ្លូវសូត្រ​សមុទ្រ​សតវត្សទី​២១ ​ដោយឯកសារនេះ​បានហៅ​ការផ្តួចផ្តើម​គំនិតនេះថា​នឹងផ្តល់​អត្ថប្រយោជន៍​ដល់បណ្តាប្រទេស​ពាក់ព័ន្ធ ​ក្នុងនោះ​មានការលើកកម្ពស់​វិបុលភាពផ្នែក​សេដ្ឋកិច្ច ​អភិវឌ្ឍកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​តំបន់ ពង្រឹងការ​ផ្លាស់ប្តូរ​គ្នាទៅវិញទៅមក ​និងលើកកម្ពស់​សន្តិភាព​ជាដើម​។

ដោយឡែក​សម្រាប់កម្ពុជា ​គំនិត​ផ្តួចផ្តើម «ខ្សែ​ក្រ​វាត់​និង​ផ្លូវ» ដែល​បាន​ដាក់ចេញ១០ឆ្នាំកន្លងទៅនេះ បាន​ចូលរួមផ្លាស់ប្តូរ​ និង​ការអភិវឌ្ឍន៍លើ​វិស័យ​សំខាន់​ចំនួន៣ រួមមាន ជំរុញ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន ​និង​កម្ពុជា ការអភិវឌ្ឍ​ន៍​វិស័យ​ទេសចរណ៍ និង​ការចូលរួម​ក្នុង​កិច្ច​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​កម្ពុជា។ នេះបើតាម​ការលើកឡើង​ពីស្ថានទូតចិន​ប្រចាំកម្ពុជា​កាលពីឆ្នាំទៅ​។ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ការរីកចម្រើន​លើ​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់ផែ​សំខាន់​របស់​កម្ពុជា កំណើននៃទំហំ​ពាណិជ្ជកម្មកម្ពុជា​-ចិន។ល។ ត្រូវបាន​រដ្ឋាភិបាលកម្ពុជាមើលឃើញថា ​បានកើតចេញពីការ​អភិវឌ្ឍន៍​ស្របតាម​គោល​គំនិត ខ្សែក្រវាត់​និង​ផ្លូវ របស់ចិននេះ។

លោក ឯម សុវណ្ណារ៉ា​ សាស្ត្រាចារ្យផ្នែក​វិទ្យាសាស្ត្រនយោបាយ​យល់ឃើញថា​ការចូលរួមនៅក្នុង​ផែនការខ្សែក្រវាត់ ​និងផ្លូវ​របស់ចិន​គឺជាការល្អ ​ដោយជួយឲ្យ​ទំនាក់ទំនងកម្ពុជា-ចិន​ ឈានដល់​កំរិតខ្ពស់ ​និងគ្រប់ជ្រុងជ្រោយ​។ ក៏ប៉ុន្តែលោកថា​ ទំហំពាណិជ្ជកម្ម កម្ពុជា​-ចិន នៅមិនទាន់​មានតុល្យភាពនៅឡើយ​ ដែលបញ្ហានេះធ្វើឲ្យ​ផលប្រយោជន៍នៃ​គម្រោងផ្លូវ និងខ្សែក្រវាត់​មិនបានទៅដល់ភាគី​ប្រតិបត្តិការដូចជា​កម្ពុជា​។

គិតត្រឹម​ចុងខែមិថុនា ឆ្នាំ​២០២៣ មានប្រទេស​ចំនួន១៥២ ​និងអង្គការអន្តរជាតិ​ចំនួន៣២ បាន​ចុះហត្ថលេខាលើឯកសារ​សហប្រតិបត្តិការ ​ស្តីពីការរួមគ្នាកសាង ​«ខ្សែក្រវាត់និងផ្លូវ» ​ចំនួនជាង២០០​ឯកសារជាមួយ​ប្រទេសចិន ​ដែលបង្ហាញ​ថា​គំនិតផ្តួចផ្តើម ​«ខ្សែក្រវាត់ និង​ផ្លូវ» បានក្លាយ​ជា​វេទិកាសហប្រតិបត្តិការ​អន្តរជាតិដ៏ធំ​បំផុត​នៅលើ​ពិភពលោក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ