អានតួអត្ថបទ

តម្លៃតាក់ស៊ីព្រលានសៀមរាបថ្មី៖ មហាជនខ្លះត្អូញត្អែរថាថ្លៃ ខណៈក្រសួងទេសចរណ៍ថាសមរម្យ

ការធ្វើដំណើរតាមឡានក្រុងពីព្រលានអង្គរសៀមរាបទៅក្រុង មួយសំបុត្រតម្លៃ៨ដុល្លារ ខណៈការជួលតាក់ស៊ី ក្នុងមួយជើងតម្លៃ៣៥ទៅ៤០ដុល្លារ ។ នៅចំពោះមុខតម្លៃដែលក្រុមហ៊ុនបានកំណត់នេះ ក្រសួងទេសចរណ៍និងអាកាសចរណ៍ស៊ីវិលយល់ថា មិនថ្លៃនោះឡើយបើគិតពីចម្ងាយធ្វើដំណើរ និងយល់ថាការកំណត់នេះគឺដើម្បីចៀសវាងការកេងតម្លៃហួសហេតុពីអ្នករកស៊ីមួយចំនួន។ ក៏ប៉ុន្តែ សាធារណជនមួយចំនួនត្អូញត្អែរថា តម្លៃនេះថ្លៃពេកបើធៀបនឹងមធ្យោបាយដឹកជញ្ជូនសាធារណៈផ្សេងទៀត ខណៈតំណាងអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សង្ឃឹមថា ក្រុមហ៊ុននឹងបើកទូលាយសម្រាប់អ្នកប្រកបរបរដឹកជញ្ជូនក្រៅប្រព័ន្ធផ្សេងទៀត។

អាកាសយានដ្ឋានអង្គរសៀមរាប
អាកាសយានដ្ឋានអង្គរសៀមរាប © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងថ្ងៃបើកសម្ពោធជាផ្លូវការព្រលានយន្តហោះសៀមរាបអង្គរថ្មីនៅថ្ងៃច័ន្ទនេះ មហាជនមួយចំនួនបានត្អូញត្អែរពីសេវាដឹកជញ្ជូនអ្នកដំណើរដែលព្រលានរៀបចំ ថាមានតម្លៃថ្លៃ បើធៀបនឹងមធ្យោបាយសាធារណៈផ្សេងទៀត។ សេវាធ្វើដំណើរតាមឡានក្រុង ដែលមានតម្លៃ៨ដុល្លារក្នុងម្នាក់ ខណៈសេវាធ្វើដំណើរតាមតាក់ស៊ី មួយរថយន្តដែលមានតម្លៃ៣៥ទៅ៤០ដុល្លារក្នុងមួយជើង ពីព្រលានទៅកាន់ក្រុងសៀមរាប។

នៅចំពោះមុខតម្លៃដែលក្រុមហ៊ុនបានកំណត់នេះអ្នកនាំពាក្យក្រសួងទេសចរណ៍ លោកតុប សុភ័ក្រ្ត យល់ថា តម្លៃនេះមិនថ្លៃឡើយ បើគិតពីផ្លូវធ្វើដំណើរពីព្រលានទៅដល់ក្រុង ដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងទេសចរណ៍យល់ថា ការកំណត់បែបនេះ ជាជម្រើសល្អមួយសម្រាប់អ្នកដំណើរចៀសវាងរងការកេងថ្លៃខ្ពស់ហួសហេតុពីអ្នកប្រកបរបរខិលខូចមួយចំនួន។

ក្នុងពេលជាមួយគ្នានេះដែរ លោកវ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ មានយោបល់ថា អាជ្ញាធរគ្រប់គ្រងព្រលានគួរតែមានការរៀបចំចំណតផ្សេងៗ សម្រាប់អ្នកប្រកបររបរដឹកជញ្ជូនក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីបង្កើនឱកាសរកប្រាក់ចំណូលរបស់ពួកគេ និងក៏ដើម្បីជាការផ្ដល់ជម្រើសសម្បូរបែបដល់អ្នកដំណើរផងដែរ។

យ៉ាងណាមិញ លោក ស៊ីន ច័ន្ទសេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល គូសបញ្ជាក់ថាមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេថាសេវាកម្មដឹកអ្នកដំណើរក្នុងព្រលានត្រូវបានផ្ទេរសិទ្ធិឲ្យក្រុមហ៊ុនផ្ដាច់មុខទាំងស្រុងឬយ៉ាងណានោះ។ ក៏ប៉ុន្តែលោកអះអាងថា សម្រាប់អ្នកដំណើរមកដល់ក្នុងព្រលានក៏អាចប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន ដូចជាការអនុវត្តនៅព្រលានភ្នំពេញដែរ។ ទន្ទឹមនឹងនេះ លោកគូសបញ្ជាក់ថាការរៀបចំសេវាដឹកអ្នកដំណើរនៅក្នុងព្រលាននេះ គឺដើម្បីចៀសវាងនូវសកម្មភាពអាណាធិបតេយ្យផ្សេងៗ ដូចជាការប្រទាញប្រទង់ និងការដណ្ដើមភ្ញៀវគ្នាក្នុងព្រលានជាដើម។

សូមបញ្ជាក់ថា ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម និងមានចម្ងាយប្រមាណ៥១គីឡូមែត្រពីក្រុងសៀមរាប អាកាសយានដ្ឋានសៀមរាបអង្គរ សាងសង់ដោយក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន (ខេមបូឌា) ស្ថិតក្រោមគម្រោងខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន។​ ចំណាយទុនវិនិយោគប្រមាណ១០០០ពាន់លានដុល្លារ រដ្ឋាភិបាលរំពឹងថា ព្រលានយន្តហោះថ្មីនេះ អាចទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិនបានមួយផ្នែកធំ ខណៈព្រលានថ្មីនេះ​ អាចផ្ទុកយន្តហោះខ្នាតធំៗ និងមានជើងហោះហើរត្រង់ជាច្រើនជាងព្រលានយន្តហោះចាស់៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ