អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

លោក ហ៊ុន ម៉ាណែត នឹងចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវរបស់ចិន ដើម្បីបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ នឹងហោះទៅប្រទេសចិនជាថ្មីម្តងទៀត ដើម្បីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងប៉េកាំង។ បើតាមសេចក្តីប្រកាសព័ត៌មាន ដំណើររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅប្រទេសចិន នាថ្ងៃអង្គារខាងមុខនេះ គឺលោក ហ៊ុន ម៉ាណែត នឹងមានជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង រួមនឹងអ្នកមុខអ្នកការរបស់ចិន ដើម្បីជជែកពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន។

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចាប់ដៃជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចាប់ដៃជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន AP - Cambodia Prime Minister Telegram
ផ្សាយពាណិជ្ជកម្ម

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងត្រូវចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ របស់ចិន នៅថ្ងៃទី១៧ និងថ្ងៃទី១៨តុលា ក្រោមមូលបទ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ ប្រកបដោយគុណភាព៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»។

នៅក្នុងវេទិកា ដែលធ្វើឡើងនៅទីក្រុងប៉េកាំងនោះ លោក ហ៊ុន ម៉ាណែត ក៏នឹងត្រូវឡើងថ្លែងសុន្ទរកថាដោយផ្ទាល់ អំពី សេដ្ឋកិច្ចឌីជីថលជាប្រភពកំណើនថ្មី មុនពេលដែលលោកជួបជាមួយលោក ស៊ី ជីនពីង និងឥស្សរជនបរទេសដទៃ ដើម្បីពិភាក្សាការងារ។

ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ការចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ របស់ចិន ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកនេះ គឺដើម្បីបញ្ជាក់ជាថ្មីថា កម្ពុជាបានគាំទ្រចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងការសហការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ឲ្យកាន់តែរីកចម្រើន។

គួរកត់សម្គាល់ថា ដំណើរទៅប្រទេសចិនជាថ្មីនេះ គឺជាដំណើរលើកទី២ របស់លោក ហ៊ុន ម៉ាណែត ក្រោយបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ជិត២ខែមកនេះ។ កាលពីថ្ងៃទី១៤ខែកញ្ញា កន្លងទៅនេះ លោក ហ៊ុន ម៉ាណែត បានចេញទៅប្រទេសចិន ដោយជួបលោក ស៊ី ជីនពីង និងបានជជែកលើប្រធានបទមួយចំនួ ន​រួមមានការកសាង​សហគមន៍វាសនារួម​កម្ពុជា-ចិន ​ក្នុងយុគ្គសម័យថ្មី ​ការជំរុញបន្ថែមនូវកិច្ច​សហប្រតិបត្តិការ​ត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រ​សម្រាប់ទំនាក់ទំនង​កម្ពុជា-ចិន​ ព្រមទាំងកិច្ចការតំបន់ ​និង​អន្តរជាតិ ដែលផ្តល់​ប្រយោជន៍រួម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ