អានតួអត្ថបទ

ខួប១១ឆ្នាំ៖ លោកហ៊ុន ម៉ាណែត គោរពវិញ្ញាណក្ខ័ន្ធសម្ដេចតាជាលើកដំបូងក្នុងនាមនាយករដ្ឋមន្រ្តី

នៅទីតាំងតម្កល់ព្រះបរមរូប(មណ្ឌប)ក្បែរវិមានឯករាជ្យ ព្រឹកថ្ងៃអាទិត្យទី១៥តុលានេះ លោកហ៊ុន ម៉ាណែត បានចូលរួមគោរពព្រះវិញ្ញាណក្ខ័ន្ធព្រះបរមរតនកោដ្ឋ ជាលើកដំបូងក្នុងនាមជានាយករដ្ឋមន្រ្តី។ តាមពីក្រោយជាបន្តបន្ទាប់ដោយបណ្ដាថ្នាក់ដឹកនាំស្ថាប័នជាតិនានា មកថ្វាយកម្រងផ្កា និងលំឱនកាយក្នុងពិធីរំលឹកខួប១១ឆ្នាំនៃការយាងចូលទិវង្គតនេះ។

លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត គោរពព្រះវិញ្ញាក្ខ័ន្ធព្រះបរមរតនកោដ្ឋ  ព្រឹកថ្ងៃទី១៥ខែតុលាឆ្នាំ២០២៣
លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត គោរពព្រះវិញ្ញាក្ខ័ន្ធព្រះបរមរតនកោដ្ឋ ព្រឹកថ្ងៃទី១៥ខែតុលាឆ្នាំ២០២៣ © Internet
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី១៥ តុលា ២០១២ ទង់ជាតិត្រូវបានបង្ហូតពាក់កណ្ដាលដង ខណៈជនរួមជាតិកម្ពុជា ទទួលបានដំណឹងយ៉ាងក្រៀមក្រំ ស្ដីពីការយាងចូលសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តមសីហនុ។ មកដល់ថ្ងៃទី១៥តុលា២០២៣នេះ ពេលវេលាយ៉ាងសោកសៅជាប្រវត្តិសាស្ត្រជាតិនេះ បានកន្លងទៅអស់១១ឆ្នាំគត់ ដែលនៅព្រឹកថ្ងៃអាទិត្យនេះ បណ្ដាថ្នាក់ដឹកនាំស្ថាប័នជាតិនានាបានបន្តមកចូលរួមពិធីរំលឹកនិងគោរពព្រះវិញ្ញាណក្ខ័ន្ធទ្រង់ នាឯមណ្ឌបតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ។ ដោយឡែក នេះជាលើកដំបូងហើយ សម្រាប់លោកហ៊ុន ម៉ាណែត ក្នុងការទៅចូលរួមថ្វាយកម្រងផ្កាក្នុងពិធីរំលឹកខួបនេះ ក្នុងនាមជានាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា។

សូមរំលឹកថា សម្ដេចព្រះនរោត្តមសីហនុ ប្រសូត្រនៅថ្ងៃទី៣១ខែតុលាឆ្នាំ១៩២២ និងត្រូវបានបារាំងជ្រើសឲ្យឡើងគ្រងរាជ្យក្នុងឆ្នាំ១៩៤១ ដែលកាលណោះ ព្រះអង្គមានព្រះជន្មាយុទើប១៨ព្រះវស្សាតែប៉ុណ្ណោះ។ ស្នាព្រះហស្ថសំខាន់ៗរបស់ព្រះបរមរតនកោដ្ឋ រួមមាន ការតស៊ូទាមទារឯករាជ្យពីបារាំងរហូតដល់បានសម្រេចទាំងស្រុងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

ក្នុងឆ្នាំ១៩៥៥ ព្រះអង្គបានប្រកាសពីនយោបាយអព្យាក្រឹតរបស់កម្ពុជា អំឡុងយាងចូលរួមក្នុងសន្និសីទកំពូលអាហ្រ្វិក-អាស៊ី លើកទី១ នៅទីក្រុងបាន់ឌុង (ប្រទេសឥណ្ឌូណេស៊ី)​ និងដឹកនាំកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិប៉ុន្មានថ្ងៃក្រោយមកទៀត។ ព្រះអង្គធ្លាប់បានលើកឡើងនូវផែនការបង្កើតអាស៊ីអាគ្នេយ៍ជាតំបន់អព្យាក្រឹត រវាងប្លុកមហាអំណាចទំាំងពីរ នាឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៦០។ លើសពីនេះ​ ព្រះអង្គបានដើរតួជាអ្នកសម្របសម្រួលភាគីជម្លោះអំឡុងជម្លោះផ្ទៃក្នុងកម្ពុជាឆ្នាំ១៩៩១ និងបានឈានដល់ដល់​ការ​ចុះកិច្ចព្រមព្រៀង​សន្តិភាព នៅ​ទីក្រុង​ប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ​១៩៩១។ ព្រះអង្គត្រូវបានប្រជាជនកម្ពុជាជាទូទៅ ចាត់ទុកជាបិតាឯករាជ្យ និងជានិមិត្តរូបនៃការបង្រួបបង្រួមជាតិ។

យ៉ាងណា នៅរំលងអាធ្រាត្រថ្ងៃទី១៥ខែតុលាឆ្នាំ២០១២ សម្ដេចព្រះនរោត្តមសីហនុ បានយាងចូលទិវង្គតដោយព្រះជរាពាធ នៅមន្ទីរពេទ្យនៃទីក្រុងប៉េកាំងប្រទេសចិន ក្នុងជន្មាយុ៩០ព្រះវស្សា៕   

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ