អានតួអត្ថបទ

គោរមងារឧកញ៉ា អាចនឹងត្រូវដកហូត បើរកឃើញថារកស៊ីខុសច្បាប់

ព្រះមហាក្សត្រ អាចបញ្ចប់គោរមងារឧកញ៉ាទាំងឡាយណា ដែលប្រកបមុខរបរខុសច្បាប់ ឬមានទោសមជ្ឈិមឡើងទៅ។ នេះបើយោងតាមព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា ចេញផ្សាយកាលពីពេលថ្មីៗនេះ ដោយបន្ថែមថា ករណីមួយចំនួនទៀតដែលត្រូវដកហូតគោរមងារឧកញ៉ានេះរួមមាន ការមិនបង់វិភាគទាន៣ឆ្នាំជាប់ៗគ្នាដោយគ្មានមូលហេតុ និងការរកឃើញថាឯកសារស្នើសុំគោរមងារមានការក្លែងបន្លំ។ ដោយឡែក មាននាយករដ្ឋមន្ត្រីតែមួយគត់ប៉ុណ្ណោះ ជាអ្នកដែលអាចស្នើទៅព្រះមហាក្សត្រដកហូតគោរមងារឧកញ៉ានេះ។

ឧកញ៉ា ហ៊ី គឹមហុង ដែលត្រូវបានចាប់ខ្លួនក្នុងខែសីហា​ឆ្នាំ២០២៣
ឧកញ៉ា ហ៊ី គឹមហុង ដែលត្រូវបានចាប់ខ្លួនក្នុងខែសីហា​ឆ្នាំ២០២៣ © FB
ផ្សាយពាណិជ្ជកម្ម

រាល់ឧកញ៉ាណា ដែលរកឃើញថារកស៊ីខុសច្បាប់ ឬមានទោសមជ្ឈិមឡើងទៅ អាចនឹងត្រូវដកហូតគោរមងារវិញ។ នេះបើយោងតាមព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា ចុះកាលពីថ្ងៃទី១១ខែតុលា និងទើបតែចេញផ្សាយកាលពីពេលថ្មីៗនេះ។

ករណីមួយចំនួនទៀតដែលត្រូវដកហូតគោរមងារឧកញ៉ានេះ រួមមាន ការមិនបង់វិភាគទាន៣ឆ្នាំជាប់ៗគ្នាដោយគ្មានមូលហេតុ ការរកឃើញថាឯកសារស្នើសុំគោរមងារមានការក្លែងបន្លំ និងការធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់កិត្តិយសគោរមងារឧកញ៉ា។ ដោយឡែក មានតែនាយករដ្ឋមន្រ្តីតែមួយគត់ប៉ុណ្ណោះ ដែលអាចលើកសំណើទៅព្រះមហាក្សត្របញ្ចប់គោរមងារពីឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ាណាមួយ។

ដូចគ្នាដែរ អ្នកដែលអាចទទួលគោរមងារឧកញ៉ា ត្រូវតែជាអ្នកដែលប្រកបរបររកស៊ីស្របច្បាប់ គ្មានទោសមជ្ឈិមឬឧក្រិដ្ឋ មានកិរិយាមារយាទល្អ និងមានប្រវត្តិរូបច្បាស់លាស់។ ចំណែកការផ្ដល់គោមងារឧកញ៉ាតាមលំដាប់ថ្នាក់ណាមួយ អាស្រ័យទៅលើទំហំនៃការចូលរួមជាមួយជាតិ ពោលទំហំអំណោយជាថវិការ ការបរិច្ចាគ និងស្នាដៃពិសេសជូនជាតិជាដើម។  បើតាមអនុក្រឹត្យកាលពីឆ្នាំ២០១៧ ដើម្បីទទួល​បាន​​​​​គោរម្យងារ​ជា​ "ឧកញ៉ា” ​គឺ​ទាល់​តែ​​​​បុគ្គល​រូប​នោះ​ធ្វើ​អំណោយ​ជូន​រដ្ឋ​ មាន​តម្លៃ​លើស​ពី ៥០​ម៉ឺន​ដុល្លារ​ឡើង​ទៅ។  គោរមងារឧកញ៉ា មានសរុបចំនួន៣លំដាប់ថ្នាក់ ខណៈលំដាប់ខ្ពស់ជាងគេ គឺលោកអ្នកឧកញ៉ា លំដាប់បន្ទាប់គឺអ្នកឧកញ៉ា និងលំដាប់ចុងក្រោយគឺឧកញ៉ា។

ព្រះរាជក្រឹត្យដដែលនេះ ក៏ចែងដែរថា អ្នកមានគោរមងារឧកញ៉ា មិនអាចមានមុខងារផ្សេងទៀត ជាមន្រ្តីរាជការស៊ីវិលឬមន្រ្តីនគរបាលជាតិតាមក្រសួងស្ថាប័នរបស់រដ្ឋក្នុងពេលតែមួយនោះទេ លើកលែងតែអ្នកដែលមានជំនាញលើវិស័យណាមួយ ហើយមានការទទួលស្គាល់ពីស្ថាប័នជាតិឬអន្តរជាតិ។

សូមបញ្ជាក់ថា គិតត្រឹមខែសីហាឆ្នាំ២០២៣កន្លងនេះ អ្នកដែលមានគោរមងារឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា មានប្រមាណសរុប១៣០០នាក់។ នៅចំពោះមុខនេះ មានការលើកឡើងថា វាជាចំនួនដ៏ច្រើនមួយ ធៀបនឹងចំនួនប្រជាជាកម្ពុជា​ ដែលគួរបានចូលរួមចំណែកច្រើនណាស់ដល់សេដ្ឋកិច្ចរបស់ប្រទេស។ ទន្ទឹមនឹងនេះ អ្នកវិភាគសង្គម សង្ឃឹមថា លុយដែលត្រូវបានយកទៅបង់វិភាគទានជូនរដ្ឋដើម្បីទទួលបានគោរមងារដោយឧកញ៉ាមួយចំនួន គឺចេញមកពីការរកស៊ីដោយសុចរិត។ យ៉ាងណាក៏ដោយ ប្រឈមនឹងក្ដីបារម្ភនេះ គណៈកម្មការអន្តរក្រសួងមួយ ដែលមានសមាសភាពពី តំណាងសមាគមឧកញ៉ាកម្ពុជា និងបណ្ដាក្រសួងពាក់ព័ន្ធនានា ក៏ត្រូវបានបង្កើតឡើងដើម្បីតាមដានការប្រតិបត្តិរបស់ឧកញ៉ាទាំងនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ