អានតួអត្ថបទ

រដូវភ្ជុំ៖បក្សភ្លើងទៀនអំពាវនាវឲ្យដោះលែងសមាជិកដែលជាប់ឃុំ

គណ​បក្ស ​ភ្លើងទៀន ​អំពាវ​នាវ​ឲ្យ ​ដោះ​លែង​សមាជិក​បក្សប្រឆាំង​ ដែល​កំពុង​ជាប់​ពន្ធនាគារ​ ដើម្បី​ឲ្យ​ពួកគាត់​មាន​សេរីភាព​បាន​ជួប​ជុំ​ក្រុម​គ្រួសារ​នា​ឱកាស​បុណ្យភ្ជុំ​បិណ្ឌ​នេះ។ ការ​អំពាវ​នាវ​នេះ​ធ្វើ​ឡើង​តាម​រយៈ​ថ្លែង​ការណ៍​មួយ​នៅថ្ងៃ​អាទិត្យ​នេះ​ ដោយ​គណ​បក្ស​នេះ​បាន​ប្រកាស​ស្វាគមន៍​ទុក​ជា​មុន​ចំពោះ​ការ​ដោះ​លែង​អ្នក​នយោបាយ​ដែល​កំពុង​ឃុំ​។

គណបក្សភ្លើងទៀន
គណបក្សភ្លើងទៀន © Internet
ផ្សាយពាណិជ្ជកម្ម

សូម​បញ្ជាក់ថា​ មាន​មន្រ្តី​គណបក្ស​ភ្លើង​ទៀន​ យ៉ាងតិច​៤​រូប​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុងនោះ​មាន​ លោក ​លី ​រី សមាជិក​គណកម្មា​ធិការ​នាយក​ និង​លោក ​ប៊ុន​ ខេត​ ជា​ប្រធាន​ស្តីទី​ប្រតិបត្តិ​ រាជ​ធានី​ភ្នំពេញ ​នៃ​គណ​បក្សភ្លើងទៀន ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ​ពីបទ​«ញុះ​ញង់​បង្កភាពវឹកវរ​ធ្ងន់ធ្ងរ​ ដល់​សន្ដិសុខ​សង្គម»​។​ ប៉ុន្តែលោក​ ប៊ុន​ ខេត ​បាន​ចេញ​វីដេអូ​សុំទោស​ លោក​ ហ៊ុន​ សែន​។​ ចំណែក​២រូប​ទៀត​ គឺ​អ្នកស្រី​ វង​ រុន្នី​ ប្រធានចលនា​ស្ត្រី​ថ្នាក់​ជាតិ​គណបក្ស​ភ្លើង​ទៀន ​និង​លោក​ អេង​ ស្រូយ ​ប្រធា​នគណៈ​កម្មាធិការ​ប្រតិបត្តិ​ខេត្ត​ត្បូងឃ្មុំ​ក៏ត្រូវបាន​ចាប់​នៅកៀកនឹង​ការ​បោះ​ឆ្នោត ​២៣កក្កដា ​ខណៈ​អ្នក​នយោបាយ​នៅ​ក្រៅ​ប្រទេស​ធ្វើ​យុទ្ធនា​ការ​គូស​សន្លឹក​ឆ្នោត​ចោល​។

ប៉ុន្តែ​ក្រោយការ​បោះឆ្នោត​រួច​ ការ​ចាប់​ខ្លួន​សមាជិក​បក្ស​ប្រឆាំង​នៅ​តែ​បន្ត​កើត​មាន​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​មាន​ជាង​២០​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ហៅទៅ​សួរ​នាំ ​ក្នុង​នោះ​មាន​៦នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​។ ​ការ​ចាប់​ខ្លួន​នេះ​ ដោយ​ចោទ​ថា ​សមាជិក​ប្រឆាំង​ទាំង​នោះ ​ប្រើឈ្មោះ​ លោក ​ស ​ខេង​ និង​លោក ​ទៀ​ បាញ់​ ទៅ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ដើម្បី​បង្កើត​គណ​បក្ស​នយោ​បាយ​។

ដោយ​ឡែក​ លោក ថាច់ សេដ្ឋា​អនុប្រធាន​គណ​បក្ស​ភ្លើង​ទៀន ​ត្រូវ​បាន​កាត់​ទោស​កាល​ពី​ថ្ងៃ​ទី​២១​កញ្ញាដាក់​ពន្ធនាគារ​ ១៨​ខែ ​និង​បង្គាប់ឲ្យ​សង​សំណង​ជំងឺ​ចិត្ត​ទៅ​ដើមបណ្តឹង​ជាង​៣​ម៉ឺន​ដុល្លារ ​ពី​បទ​ចេញ​បូលប្បទាន​បត្រ​គ្មាន​សាច់​ប្រាក់​។​ ប៉ុន្តែ​មេធាវី​ការពារ​ក្តី​អះអាង​ថា ​ជា​ការ​កាត់​ទោស​ដោយ​គ្មាន​ភស្តុតាង​គ្រប់​គ្រាន់​។

លោក​ ថាច់ ​សេដ្ឋា ​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​បន្ថែម​ពី​បទញុះ​ញង់​បង្ក​ឲ្យមាន​ភាព​វឹកវរ​ក្នុង​សង្គម​ និង​បទញុះញង់​ឲ្យមាន​ការ​រើស​អើង​ពូជសាសន៍ ​ទាក់​ទង​នឹង​ការ​ថ្លែង​របស់​លោក​ជា​មួយ​ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ