អានតួអត្ថបទ

លោក ហ៊ុន ម៉ាណែត៖ កុំឲ្យយកគោទៅប្រៀបធៀបនឹងក្របី

ប្រ​មុខ​រដ្ឋា​ភិ​បាល​កម្ពុជា ​បាន​ចេញ​បក​ស្រាយ​ចំពោះ​អ្វី​ដែល​នាយក​រដ្ឋ​មន្ត្រី​ថ្មី​របស់​កម្ពុជា​បាន​ធ្វើ ​និង​នាយក​រដ្ឋ​មន្ត្រី​ថ្មី​របស់​ថៃ​បាន​ធ្វើ ​បន្ទាប់​ពី​រដ្ឋាភិបាល​នៃ​ប្រ​ទេស​ជាប់​របង​គ្នានេះ​ត្រូវ​បាន​បង្កើត​ឡើង​ដំណាល​គ្នា​។ ​បើ​តាម​ លោក​ ហ៊ុន ​ម៉ាណែត​ គឺ​មិន​គេ​ត្រូវ​យក​គោ​ទៅ​ធ្វើ​ការ​ប្រៀប​ធៀប​ជា​មួយ​នឹង​ក្របី​នោះ​ឡើយ​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត © HMN
ផ្សាយពាណិជ្ជកម្ម

ការ​លើក​ឡើង​បែប​នេះ​ គឺ​ដោយសារ​តែ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​បានយក​រូបភាព​ដែល​នាយក​រដ្ឋ​មន្ត្រីថៃ​បាន​ជួប​តាមអនឡាញ​ជាមួយ​មហា​សេដ្ឋី​Elon ​Musk ​ដែល​មាន​ក្រុម​ហ៊ុន​យក្ស​ក្នុង​ដៃ ​ដើម្បី​មក​រក​ស៊ីនៅ​ប្រទេស​ថៃ​ក្នុង​ទឹក​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​។ ​ប៉ុន្តែ​ពី​ខាង​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​វិញ​ ក្នុង​ពេល​ទៅ​ប្រជុំ​អង្គការ​សហ​ប្រ​ជាជាតិ​ដែរ​នោះ ​គឺ​មិនឃើញ​មាន​ជំនួប​ជា​មួយ​មហា​សេដ្ឋី​ណា​ម្នាក់​របស់​អាមេរិក​ឡើយ​ ពោល​គឺ​ទៅ​ជួប​ពលរដ្ឋ​ខ្មែរ​ជាង​២៥០០​នាក់ ដែល​គេអះ​អាង​ថា​ ជា​ការ​ចំណាយ​លុយ​ខ្ជះ​ខ្ជាយ​។

 

ប៉ុន្តែ​នៅ​ក្នុង​ពេល​ជួប​កម្មករ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​លោក ​ហ៊ុន ​ម៉ាណែត ​បាន​អះអាង​ថា​ លោក​បាន​ធ្វើ​ការ​ទូត​សេដ្ឋ​កិច្ច​ជា​ច្រើន​ តែ​អ្នក​រិះ​គន់​លោក​បែរ​ជា​ធ្វើ​ជា​មើល​មិន​ឃើញ​ទៅ​វិញ​ ហើយ​តែង​តែ​ចូល​ចិត្ត​ធ្វើ​ការ​បង្អាប់​។

បើ​តាម​ប្រមុខ​រដ្ឋា​ភិបាល​ដែលទើប​កាន់​អំណាច​បាន​៤២​ថ្ងៃ​រូប​នេះ ​គឺ​លោក​បាន​ជួប​ក្រុម​ហ៊ុន​អាមេរិក​ចំនួន​៥៨ នៅ​ពេល​ចូល​រួម​វេទិកា​ធុរ​កិច្ច​នៅ​អា​មេរិក​កាលពី​ចុង​ខែកញ្ញា។​ ក្រុម​ហ៊ុន​ធំៗ​ដែល​លោក​ ហ៊ុន​ ម៉ាណែត​ អះ​អាងថា​បាន​ជួប​ជា​រួម​ដើម្បី​«ទាក់​ម៉ួយ»​ឲ្យមក​វិនិយោគនៅ​កម្ពុជា​រួម​មាន​ក្រុម​ហ៊ុន​យន្ត​ហោះ​ ប៊ូអ៊ីង ​ក្រុម​ហ៊ុន​ផលិត​ឱសថ​ Pfizer​ ក្រុម​ហ៊ុន​Visa,​ Master Card, ​ក្រុម​ហ៊ុន​ប្រេង​Cheviron​ ជាដើម​។ ​ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា​ លោក​បាន​ជួប​ដាច់​ដោយ​ឡែក​តែ​ជា​មួយ​ក្រុម​ហ៊ុន​ Pfizer ​មួយ​ប៉ុណ្ណោះ ​ដោយ​សារ​តែគ្មាន​ពេល​គ្រប់​គ្រាន់​។

លោក​ ហ៊ុន ​ម៉ាណែត​ រំពឹង​ថា​ ក្រោយ​ពី​ជំនួប​ជាមួយ​ក្រុម​ហ៊ុន​យក្ស​មួយ​ចំនួន​របស់​សហ​រដ្ឋ​អាមេរិក​ កាលពី​ចុងខែ​មុន​នេះ ​នៅប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​ ក្រុម​ហ៊ុន​មួយ​ចំនួន​នឹង​មក​ពិនិត្យ​លទ្ធភាព​វិនិ​យោគ​នៅ​កម្ពុជា​ ខណៈ​ដែល​ក្នុង​ជំនួប​នោះ​ក៏​មាន​ក្រុម​ហ៊ុន​ខ្មែរ​ប្រមាណ​៣០​ បាន​ចូល​រួម​ផង​ដែរ​។

សូម​បញ្ជាក់​ថា ​ការ​ចេញ​បក​ស្រាយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​ម៉ាណែត ​នៅពេល​នេះ​ គឺ​បន្ទាប់ពី​ក្រុម​អ្នក​វិភាគ​នៅ​សហរដ្ឋ​អាមេរិក​បាន​រិះ​គន​មិន​សំចៃ​មាត់​ថា ​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​រូប​នេះ ​បាន​ចំណាយ​ពេល​និងចំណាយ​លុយ​ទៅជួប​ក្រុម​មនុស្ស​មួយ​ចំនួន​នៅ​ក្រៅ​ប្រទេស​ដែល​គេ​ហៅ​ថា​«ពួក​កន្ថោ»​ ខណៈ​ដែល​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​ជួប​មហា​សេដ្ឋី​Elon ​Musk​ ដោយ​គ្រោង​ដាក់​ទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​នៅ​ប្រទេស​ថៃ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ