អានតួអត្ថបទ

អគ្គនាយកដ្ឋានពន្ធនាគារគ្រោងចុះ​បង្ក្រាបការប្រើប្រាស់គ្រឿងញៀនក្នុងពន្ធនាគារ​​​ទូទាំងប្រទេស

អគ្គនាយកដ្ឋាន​ពន្ធនាគារនៃ​​ក្រសួងមហាផ្ទៃនៅថ្ងៃពុធម្សិលមិញនេះ​ បានប្រកាសបើកប្រតិបត្តិការចុះ​បង្ក្រាបការប្រើប្រាស់គ្រឿងញៀន​ក្នុងពន្ធនាគារ នៅទូទាំងប្រទេសនៅក្នុងពេលដ៏ឆាប់ខាងមុខ ដោយគ្មានការឱ្យដំណឹងជាមុន។ នេះ​គឺ​​ជាប្រតិបត្តិការរឹតបន្តឹង​បញ្ហាគ្រឿងញៀននៅក្នុងពន្ធនាគារជា​​លើកទី១ ដែលរាប់បញ្ចូលទាំងមន្ត្រីផង​​ និងដែលចាប់ផ្តើមក្នុងអាណត្តិ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មី គឺលោក ស សុខា។

អគ្គនាយកដ្ឋានពន្ធនាគារគ្រោងចុះបង្ក្រាបការប្រើប្រាស់គ្រឿងញៀនក្នុងពន្ធនាគារទូទាំងប្រទេស
អគ្គនាយកដ្ឋានពន្ធនាគារគ្រោងចុះបង្ក្រាបការប្រើប្រាស់គ្រឿងញៀនក្នុងពន្ធនាគារទូទាំងប្រទេស © សហការី
ផ្សាយពាណិជ្ជកម្ម

អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃនៅថ្ងៃទី​២៨ ខែកញ្ញាម្សិលមិញនេះ​ បានប្រកាសបើកប្រតិបត្តិការចុះ​បង្ក្រាបការប្រើប្រាស់គ្រឿងញៀន​ក្នុងពន្ធនាគារនៅទូទាំងប្រទេសនៅក្នុងពេលដ៏ឆាប់ខាងមុខ ដោយគ្មានការឱ្យដំណឹងជាមុន។ ជាការចុះបង្ក្រាប​ផ្ទាល់ដោយ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ​សហការជាមួយមន្ត្រីពេទ្យពន្ធនាគារ តាមរយៈ​ការធ្វើតេស្តទឹកនោម​រកសារធាតុ​ញៀន ទៅ​លើមន្ត្រីពន្ធនាគារ​ជាទូទៅ​ និងជនជាប់ឃុំ​ដែលមានការសង្ស័យ​ប្រើប្រាស់គ្រឿងញៀន​​។  ​

បើ​តាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ចំណាត់ការនេះ​ធ្វើឡើង ដើម្បីធានា​ប្រសិទ្ធិភាព​ការអនុវត្តការងារ​របស់មន្ត្រី​ពន្ធនាគារនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត​ ឱ្យកាន់តែមានប្រសិទ្ធភាព​ និងឱ្យ​​ទទួលបានការ​ជឿទុកចិត្តពីមជ្ឈដ្ឋាន​ទូទៅ។ ហើយ ប្រសិនបើ​មន្ត្រីពន្ធនាគារណា មានចេទនា​គេចវេស​ មិនចូលរួម​សហការ​ធ្វើតេស្ត ឬ រកឃើញថាមាន​សារធាតុញៀន អគ្គនាយកដ្ឋាន​ពន្ធនាគារនឹងស្នើសុំគោលការណ៍សម្រេច​ពីក្រសួងដើម្បី​អនុវត្ត​វិធានការរដ្ឋបាលនានា និងវិធានការផ្លូវច្បាប់ជាធរមាន។

នេះគឺ​ជាប្រតិបត្តិការរឹតបន្តឹង​បញ្ហាគ្រឿងញៀនជា​​លើកទី១នៅក្នុងពន្ធនាគារដែលរាប់បញ្ចូលទាំងមន្ត្រីផង ​​ និងដែលចាប់ផ្តើមក្នុងអាណត្តិ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មី គឺលោក ស សុខា។

គួរជម្រាបជូនថា ប្រតិបត្តិការនេះចេញជារូបរាងនៅក្រោយ​លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មី កាលពីដើមខែកញ្ញាកន្លងទៅ​​នេះ បាន​ព្រមានដកមន្ត្រីណាដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន និងលុបបំបាត់វប្បធម៌អន្តរាគមន៍មន្ត្រី​។

លោក សន ជ័យ នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាយល់ថា វិធានការបង្ក្រាបការប្រើប្រាស់គ្រឿងញៀនក្នុងពន្ធនាគារទូទាំងប្រទេសនេះអាចជារឿងវិជ្ជមាន ក្នុង​ការស្តារទំនុកចិត្តរបស់​ពលរដ្ឋចំពោះការអនុវត្តការងាររបស់មន្ត្រីមានសមត្ថកិច្ច​ ខណៈ​កន្លងមកមានរឿងអាស្រូវជាច្រើន ថាមានមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធមួយចំនួន ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់-ជួញដូរគ្រឿងញៀន​​​ ដោយឥតញញើត។

ចំពោះអ្នកឃ្លាំមើលរូបនេះ វិធានការនេះអាចមានប្រសិទ្ធភាពកម្រិតណានោះ​អាស្រ័យទៅលើការអនុវត្តជាក់ស្តែង និងថាតើ​វិធានការនេះអាចធ្វើទៅបានដូចជាការអះអាងថា​គ្មានការជូនដំណឹងនោះឬក៏អត់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ