អានតួអត្ថបទ

អង្កេត​រយៈ​ពេល​ខ្លី៖ការ​ជួញ​ដូរ​សាច់​សត្វ​ព្រៃ​កំពុង​តែ​កើត​មាន​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់

របាយការណ៍​អង្កេត​លើកទី១​របស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​រក​ឃើញ​ថា ការ​ជួញ​ដូរ​សាច់​សត្វ​ព្រៃកំពុង​តែ​កើត​មាន​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់​នៃ​ប្រទេស​កម្ពុជា បន្ទាប់​ពី​បណ្ដាញ​មួយ​នេះ ចំណាយ​ពេល​ចុះ​ទៅស្រាវជ្រាវ​លើក​ដំបូង​រយៈ​ពេល​បីខែ​ចាប់​ពី​ថ្ងៃទី​២៥ ខែ​មិថុនា ដល់​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២៣។

សាច់សត្វព្រៃដាក់លក់លើទីផ្សារ
សាច់សត្វព្រៃដាក់លក់លើទីផ្សារ © ហេង គឹមហុង
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុងការ​ស្រាវជ្រាវនោះ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​រក​ឃើញ​សំណាក​និង​ទីតាំង​ដាក់​លក់សាច់​សត្វ​ព្រៃ និងត្រី​អភិរក្ស​ដោយ​ខុស​ច្បាប់​ចំនួន​៥៧​សំណាក\ទីតាំង នៅ​ជុំវិញ​តំបន់​ការពារ​ធនធានធម្មជាតិ​នៅ​ភាគ​ខាង​ជើង និង​ឦសាន​នៃ​ប្រទេស​កម្ពុជា។ គេ​រក​ឃើញទី​តាំង​ទាំង​នេះ តាម​រយៈ​ការ​ធ្វើ​ដំណើរចុះ​ប្រមូល​ទិន្នន័យ​៦​លើក​ដោយ​ចៃដន្យ នៅ​តំបន់​ទេសចរណ៍ តាម​ភោជនីយដ្ឋាន​ដែល​បាន​ដាក់​លក់​និងជួញ​ដូរ​ប្រភេទសត្វ​ព្រៃ សាច់​សត្វ​ព្រៃ និង​ត្រី​អភិរក្ស​នៅ​ក្នុង​ខេត្តក្រ​ចេះ ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ សៀមរាប និងឧត្តរមានជ័យ។

ក្នុង​ចំណោម​ភស្តុតាង​ចំនួន​៥៧​សំណាក\ទីតាំង​គឺ​ទិន្នន័យ​សាច់​សត្វ​ព្រៃមាន​ចំនួន​៣៤​សំណាក ទីតាំងភោជនីយដ្ឋាន​ចំនួន១១ និង​រមណីយដ្ឋាន​ចំនួន ២​កន្លែង​ដែល​មាន​ដាក់​លក់​សាច់​សត្វ​ព្រៃ។ ចំណែកប្រភេទ​ត្រី​អភិរក្ស​ត្រូវបាន​រក​ឃើញ​ចំនួន ៥ប្រភេទ មាន​ចំនួន​១២​ក្បាល ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​ខេត្ត​តាម​ប​ណ្តោយ​ដង​ទន្លេ​មេគង្គ គឺខេត្ត​ស្ទឹង​ត្រែង និង​ខេត្ត​ក្រចេះ។ ផ្អែក​តាម​តួលេខ​ខាង​លើ​គេ​បាន​ប្រទះ​ឃើញប្រភេទ​សាច់​សត្វ​កម្រ​ដាក់​លក់​ដូចជាៈ​ សត្វទន្សោង​ ប្រើស  ខ្លាឃ្មុំ និងកែះ ត្រីត្រសក់ ត្រីខ្លា និងត្រីក្របីជាដើម។

ក្រោយរក​ឃើញ​របាយការណ៍​អង្កេត​បឋម សមាគម​បណ្ដាញ​យុវជន​កម្ពុជា បាន​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ជុំវិញការ​ជួញ​ដូរ​សត្វ​ព្រៃ​យ៉ាង​អនាធិបតេយ្យ តាមរយៈ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១៥​ខែ​កញ្ញា​ឆ្នាំ​២០២៣។ លោក ហេង គឹមហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ​និង​តស៊ូមតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​១៦​ខែ​កញ្ញា​ឆ្នាំ​២០២៣​ថា បន្ទាប់​ពី​ចេញ​ផ្សាយ​លទ្ធផល​អង្កេតនេះ​ហើយលោកចាំ​មើល​ចំណាត់​ការ​ពី​ភាគី​ពាក់ព័ន្ធ​បន្ត​ទៀត ហើយ​ប្រសិន​បើ​គ្មាន​ចំណាត់​ការ​ពី​ភាគី​ពាក់ព័ន្ធ​ទេសមាគម​បណ្ដាញ​យុវជន​កម្ពុជា​នឹង​ចុះ​ស្រាវជ្រាវ​បន្ត​ទៀត។ បើតាម​លោក ហេង  គឹមហុង របក​គំហើញនេះ​បង្ហាញ​ពី​តម្រូវ​ការ​បង្កើន​កិច្ច​ខិត​ខំប្រឹង​ប្រែង​ឆ្ពោះ​ទៅ​រក​ការ​អភិរក្ស​ប្រភេទ​សត្វ​កម្រ​ទាំង​នេះ។

ជុំវិញ​ការ​ចេញ​ផ្សាយ​របាយការណ៍​នេះ គេ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​ពី​ក្រសួង​បរិស្ថាន​និង​ក្រសួងកសិកម្ម​នៅ​ឡើយ​ទេ។​ ប៉ុន្តែ​នៅ​ក្នុង​របាយការណ៍​ដោយឡែក​របស់​ក្រសួង​បរិស្ថាន​តាមរយៈ​យុទ្ធនាការអន្ទាក់​សូន្យ​គឺ​អន្ទាក់​ចំនួន ១៤.៣២៥ ត្រូវបាន​ដោះចេញ​ពី​តំបន់​ការពារធម្មជាតិ​ក្នុង​ឆមាស​ទី១ ឆ្នាំ២០២៣​នេះ។ រីឯ​ឆ្នាំ២០២២ អន្ទាក់​សរុប​ប្រមាណ​ជាង ៣៤.០០០ ត្រូវ​បាន​ដក​ចេញ​ពីតំបន់​ការ​ពារ​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា។ តួលេខ​បង្ហាញ​ពី​ការ​ថយចុះ​នៃ​អត្រា​អន្ទាក់​ក្នុង​ព្រៃ​ប្រមាណ​៤៤% បើធៀប​នឹងលទ្ធផល​នៃ​ការ​ដោះ​អន្ទាក់​ក្នុង​ឆ្នាំ​២០២១ ដែល​ចំនួន​អន្ទាក់​ប្រមូល​បាន​សរុប​មាន​ចំនួន​ដល់​ទៅ ៦១.៦១១អន្ទាក់។ នេះ​បើ​តាម​ក្រសួង​បរិស្ថាន​នា​ពេល​ថ្មី​ៗ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ