អានតួអត្ថបទ

ព្រះអង្គម្ចាស់ ធម្មិកោ៖ ការផ្តល់គោរមងារ«សម្តេច» ពេលវត្តមានព្រះមហាក្សត្រមិនគួរឲ្យភ្ញាក់ផ្អើលទេ

ព្រះ​អង្គ​ម្ចាស់ ​ស៊ី​សុវត្ថិ​ ធម្មិកោ ​បាន​បញ្ចេញ​ទស្សនៈ​យល់​ឃើញ​ថា​ ការ​ផ្តល់​គោរ​មងារ​សម្តេច​ ដល់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត នៅ​ពេល​អ​វត្ត​មាន​ព្រះ​មហាក្សត្រ​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ឡើយ​។​ ប៉ុន្តែ​អ្វី​ដែល​​អតីត​ព្រះ​លេខា​ផ្ទាល់​របស់​ព្រះ​បរមរតន​កោដ្ឋិ​ភ្ញាក់​ផ្អើល​នោះ ​គឺ​ក្នុង​សម័យ​នេះ​មាន​សម្តេច​ច្រើន​រូប​ដែល​មិន​មែន​ជា​ខ្សែ​រាជ​វង្ស​។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ © RFI
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ព្រះ​អង្គ​ម្ចាស់​ ធម្មិកោ​ គឺ​ព្រះ​មហា​ក្សត្រ​ទ្រង់​ផ្តល់​គោរ​ម​ងារ​ដល់​ឥស្សរ​ជន​ណា​មួយ​ក៏​បាន​ ទោះ​ជា​ព្រះ​អង្គ​មិន​គង្គ​នៅ​កម្ពុជា​ពីព្រោះ​ការ​ចរាចរណ៍​លិខិត​នានា​ អាច​ធ្វើ​ទៅ​បាន​រៀង​រាល់​ថ្ងៃ​ពី​ភ្នំពេញ​-​ប៉េកាំង ​តាម​ជើង​យន្ត​ហោះ​។

ការ​ពន្យល់​បែប​នេះ​របស់​ព្រះ​អង្គ​ម្ចាស់​ ធម្មិកោ​ គឺ​បន្ទាប់​ពី​មាន​ការ​លើក​ឡើង​របស់​អ្នក​នយោបាយ​ប្រឆាំង​មួយ​ចំនួន​ សង្ស័យ​ថា​ ពី​ការ​ផ្តល់​គោរម​ងារ​ជា​សម្តេច​ដល់​លោក ​ហ៊ុន​ ម៉ាណែត​ ខណៈ​ព្រះ​រាជ​ក្រឹត្យ​នោះ​​មាន​ឡាយ​ព្រះ​ហសត្ត​លេខា​របស់​ព្រះ​មហាក្ស​ត្រ​។ ​ព្រះ​មហាក្សត្រ​កម្ពុជា​ដែល​បាន​យាង​​ទៅ​ទីក្រុង​ប៉េកាំង​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ចេញ​ព្រះរាជក្រឹត្យនេះ ដែល​តាម​ទម្លាប់​គឺការ​តែងតាំង​ឬ​ផ្តល់​គោរមងារណាមួយ​ក្នុង​ពេល​អវត្តមាន​ព្រះមហាក្សត្រគឺ​ជាតួនាទីរបស់​ប្រមុខ​រដ្ឋ​ស្តីទី គឺលោក សាយ ឈុំ។

​ការ​ផ្តល់​គោរមងារជា​សម្តេច ​បន្ថែមទៀតនេះ គឺធ្វើឲ្យ​ឥស្សរជន​ដែលមានងារជាសម្តេច​កើនឡើង​ដល់១០រូប។ ការណ៍នេះបានធ្វើឲ្យ ភ្ញាក់ផ្អើល​ដល់ព្រះអង្គម្ចាស់​ធម្មិកោ ពីព្រោះ​តែ​កាលពីសម័យ​សម្តេច​ព្រះនរោត្តម​នៅជាប្រមុខ​រដ្ឋ​គ្រង​រាជ គឺ​ក្នុងជួរ​ថ្នាក់នាំស្ថាប័នជាតិ មានគោរមងារជាសម្តេច​គឺតែ​៣រូបប៉ុណ្ណោះ គឺ​សម្តេច ចៅហ្វីវាំង ប៉ែន នុត សម្តេច ចក្រី ញឹក ជូឡុង និងសម្តេច ចៅសែន កុសល។ ការ​ផ្តល់​គោរមងារ​ដល់​ឥស្សជន​ណាពេលនោះ ជាសម្តេច គឺដោយ​ផ្អែក​លើ​ស្នាដៃ​ដែល​បានបម្រើ​កម្ពុជា​យូរឆ្នាំ។ ​នេះបើតាម​ព្រះអង្គម្ចាស់ ធម្មិកោ។

ទោះជាយ៉ាងណា ការ​ផ្តល់គោរមងារជាសម្តេច​ដល់លោក ហ៊ុន ម៉ាណែត និង​លោកស្រី ឃួន សុដារី នៅពេល​នេះ​ត្រូវបាន​បញ្ជាក់​ក្នុងព្រះរាជក្រឹត្យដំណាលគ្នាមួយនៅថ្ងៃទី២កញ្ញា​បង្គាប់ថា ថ្នាក់ដឹកនាំស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា និង​រដ្ឋាភិបាល ត្រូវមានងារជាសម្តេច។ ត្រង់​នេះ ព្រះអង្គម្ចាស់ ធម្មិកោ ​បង្ហាញការ​ងឿង​ឆ្ងល់ថា ប្រសិន​បើ​មានការ​ផ្លាស់​ប្តូរ​ក្បាលម៉ាស៊ីនដឹកនាំស្ថាប័ន​ទាំង៣នេះ នោះអ្នកដែល​ត្រូវឡើងមកជំនួស​គឺ​ចាំបាច់​ត្រូវ​មានងារ​ជាសម្តេចដែរឬយ៉ាងណា?៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ