អានតួអត្ថបទ

ពលរដ្ឋយ៉ាងតិច៣០នាក់ រងគ្រោះពីការធ្លាយឧស្ម័នអាម៉ូញ៉ាក់ ក្នុងខណ្ឌឬស្សីកែវ

រោងចក្រទឹកកកមួយកន្លែងត្រូវបានផ្អាកជាបណ្ដោះអាសន្ន ក្រោយធ្វើឲ្យលេចភាយឧស្ម័នអាម៉ូញ៉ាក់ នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ កាលពីយប់ថ្ងៃសុក្រម្សិលមិញ។ អភិបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ពលរដ្ឋ៣១នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយមានអាការៈថប់ដង្ហើម និងភ័យតក់ស្លុត ក៏ប៉ុន្តែមិនមានអ្នករងគ្រោះដល់ជីវិតឡើយ។

ពលរដ្ឋពុលឧស្ម័នអាម់ូញ៉ាក់ ដែលធ្លាយចេញពីរោងចក្រមួយកន្លែងក្នុងខណ្ឌឬស្សីកែវ
ពលរដ្ឋពុលឧស្ម័នអាម់ូញ៉ាក់ ដែលធ្លាយចេញពីរោងចក្រមួយកន្លែងក្នុងខណ្ឌឬស្សីកែវ © FB/ឡុងអឺ
ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋ៣១នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយពុលនឹងឧស្ម័នអាម៉ូញ៉ាក់ ដែលលេចចេញពីរោងចក្រទឹកកកមួយកន្លែង កាលពីយប់ថ្ងៃសុក្រម្សិលមិញ។ លោកឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ អះអាងនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះថា ហេតុការណ៍នេះមិនមែនជាការផ្ទុះធ្លាយឧស្ម័នឡើយ តែជាលេចជ្រាបឧស្ម័នបន្តិចបន្តួចប៉ុណ្ណោះ ហើយក៏ស្វានបិទ បានទាន់ពេលវេលា។

យ៉ាងណាក្ដី​ បើតាមអភិបាលខណ្ឌរូបនេះ ឧស្ម័នដែលមានក្លិនស្អុយឆួលនេះ បានធ្វើឲ្យពលរដ្ឋក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ចំនួន៣១នាក់ មានអាការៈថប់ដង្ហើម និងភ័យតក់ស្លុត រួចត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ លោកឯក​ ឃុនដឿនថា ក្នុងនោះមានពលរដ្ឋ៤នាក់ បានដួលសន្លប់ ដោយបុរសម្នាក់ កំពុងតែត្រូវបានគ្រូពេទ្យតាមដានអាការៈ ខណៈមានជំងឺសួតស្រាប់។

ទោះបីជាយ៉ាងណា លោកបានបញ្ជាក់ថា ពលរដ្ឋដែលរងគ្រោះទាំងអស់ មានស្ថានភាពសុខភាពធូរស្បើយវិញ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ។ មិនតែប៉ុណ្ណោះ ក្រុមការងារខណ្ឌ ក៏បានប្រើប្រាស់ឡានទឹក បាញ់បន្សាបជាតិឧស្ម័នអាម៉ូញ៉ាក់នេះ ឲ្យមានកម្រិតថមថយវិញហើយដែរ។

សម្រាប់អភិបាលខណ្ឌឬស្សីកែវ រោងចក្រទឹកកកមួយនេះត្រូវបានអាជ្ញាធរផ្អាកជាបណ្ដោះអាសន្ន ដើម្បីពិនិត្យមើលការអនុវត្តបច្ចេកទេសឡើងវិញ។ ក្រៅពីនេះម្ចាស់រោងចក្រ​ ត្រូវចុះទៅសុំការអភ័យទោសពីប្រជាពលរដ្ឋនៅតាមផ្ទះដែលរងគ្រោះពីការសាយភាយឧស្ម័នពុលមួយនេះ និងត្រូវពិនិត្យមើលលទ្ធភាពប្ដូរទីតាំងថ្មីដែលដាច់ស្រយ៉ាល ជាជាងការបើកនៅទីប្រជុំជន។  ក្នុងករណីបណ្ដោយឲ្យកើតមានរឿងបែបនេះជាលើកទី២ លោកឯក ឃុនដឿន ថាអាជ្ញាធរនឹងទៅបិទរោងចក្រនេះតែម្ដង ហើយតម្រូវឲ្យរោងចក្រនេះ សងសំណងខូចខាតដល់ប្រជាពលរដ្ឋ។

បើតាមអភិបាលខណ្ឌរូបនេះ ហេតុការណ៍ស្រដៀងគ្នានេះ ក៏បានធ្លាប់កើតមានដែរ​កាលពី២ទៅ៣ឆ្នាំមុន។ យ៉ាងណាមិញ បើយោងតាមពលរដ្ឋម្នាក់ដែលអះអាងជាថាជនរងគ្រោះនៅក្នុងហេតុការណ៍នេះ ករណីដូចគ្នានេះ បានកើតឡើងជាលើកទី៣ហើយ។ ពលរដ្ឋនេះ សំណូមពរឲ្យអាជ្ញាធរចាត់វិធានការម៉ឺងម៉ាត់ ដោយកុំបណ្ដោយឲ្យមានរឿងនេះកើតឡើងជាបន្តទៀត។

សូមបញ្ជាក់ថា​អាម៉ូញ៉ាក់ ត្រូវបានគេប្រើនៅក្នុងរោងពុម្ពក៏ដូចជា ផលិតផលគ្រឿងសម្អាងនិង ផលិតផលសម្អាតផ្ទះ។ វាក៏ត្រូវបានគេប្រើក្នុង ប្រព័ន្ធម៉ាស៊ីនត្រជាក់ ទូរទឹកកក រោងចក្រផលិតទឹកកកនិងក្នុងការផលិតឱសថផងដែរ។ យោងតាមនាយកដ្ឋានសុខាភិបាលរដ្ឋញ៊ូវយ៉ក ការប៉ះពាល់ផ្ទាល់ខ្លាំង នឹងកំហាប់ខ្ពស់នៃឧស្ម័នអាម៉ូញ៉ាក់នៅក្នុងខ្យល់ អាចបណ្ដាលឲ្យមានអាការៈដូចជា ក្រហាយភ្នែក រលាកច្រមុះ រំលាកបំពង់ក រំលាកផ្លូវដង្ហើម និងដែលអាចឈានដល់ការខ្វាក់ភ្នែក ខូចសួត និងស្លាប់បាត់បង់ជីវិតថែមទៀត ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ