អានតួអត្ថបទ

ខួប៦ឆ្នាំនៃការចាប់ខ្លួន៖ មេធាវី និងអ្នកគាំទ្រលោក កឹម សុខា អំពាវនាវឲ្យផ្សះផ្សាជាតិ

មេធាវី​ដែល​ធ្លាប់​ការ​ពារ​ក្តី​ឲ្យ​លោក ​កឹម ​សុខា ​និង​អតីត​តំណាង​រាស្ត្រ​​ដែល​នៅ​បង្ហាញ​ការ​គាំទ្រ​អតីត​ប្រធាន​គណ​បក្ស​ជំទាស់​រូបនេះ ​ នាំ​គ្នា​រំឭក​ខួប​៦​ឆ្នាំ​ និង​បង្ហាញ​ពី​ភាព​អយុត្តិធម៌​នៃ​ការ​ចាប់​ខ្លួន​ទាំង​ពាក់​កណ្តាល​យប់​ ហើយអំពាវ​នាវ​ឲ្យ​ផ្សះ​ផ្សា​ជាតិ​។ ​រីឯ​នៅ​ក្នុង​ជំនួប​រវាង​មន្ត្រីជាន់​ខ្ពស់​អាមេរិក​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​កាល​ពី​ថ្ងៃ​ចន្ទ ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា គូស​បញ្ជាក់​ថា ​ភាគី​អាមេរិក​បាន​ស្នើ​ចំពោះ​មុខ​ឲ្យ​ដោះ​លែង ​លោក ​កឹម​ សុខា ​និង​បើក​លំហរ​ប្រជា​ធិប​តេយ្យ​ឡើង​វិញ​។

លោក កឹម សុខា ពេលចាប់ខ្លួនកាលពី៦ឆ្នាំមុន
លោក កឹម សុខា ពេលចាប់ខ្លួនកាលពី៦ឆ្នាំមុន © Facebook
ផ្សាយពាណិជ្ជកម្ម

លោក ​ចាន់ ​ចេន ​ជា​មេធាវី​ម្នាក់ ​បាន​គូស​បញ្ជាក់​តាម​ហ្វេស​ប៊ុក​ថា​ ការ​ចាប់​ខ្លួន​លោក ​កឹម​ សុខា​ នៅ​យប់​ទី​៣​កញ្ញា ​គឺ​បំពាន​ច្បាប់ ​បំពាន​រដ្ឋ​ធម្មនុញ្ញ ​និង​រំលោភ​បំពាន​អភ័យ​ឯក​សិទ្ធិ​សភា​។​ លោក​ថា​គេ​ចោទ​ថា​លោក កឹម សុខា កំពុង​ប្រព្រឹត្តបទ​ល្មើស​ជាក់​ស្តែង ​ខណៈ​គាត់​កំពុង​សម្រាក​សម្រាន្ត​លង់​លក់​ក្នុង​គេហដ្ឋាន​របស់​គាត់​នូវ​ពាក់​កណ្តាល​អធ្រាត្រ​។

បើ​តាម​មេ​ធាវី​រូប​នេះ ​ពេល​ចូល​ចាប់​ខ្លួន​នោះ ​គឺ​មិន​មាន​ភស្តុតាង​ សាក្សី ​ឬឯកសារ​ កិច្ច​សន្យា​ស្តីអំពី​ការ​ ត្រូវរូវ​ជាមួយ​បរទេស​ណាមួយ​ឡើយ​ ហើយ​ថា​តាំង​ពីថ្ងៃ​នោះ​មក​ លទ្ធិប្រ​ជា​ធិប​តេយ្យ​នៅ​ប្រទេស​កម្ពុជា​ ត្រូវ​បាន​សម្លាប់​។

បន្ថែម​ពីនេះ ដោយ​រំឭក​ខួប៦​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន​លោក កឹម សុខា នោះ លោក សួន សូរីដា អតីត​តំណាង​រាស្ត្របក្សប្រឆាំងនៅតែសង្ឃឹមថា ខ្មែរអាចផ្សះផ្សារជាតិបាន។

 

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានតុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ដោយ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​២៧ឆ្នាំ ក្រោមការ​ចោទថា ឃុបឃិតជាមួយបរទេសផ្តួល​រំលំរដ្ឋាភិបាលរបស់​លោក ហ៊ុន សែន។ ប៉ុន្តែ​​លោក កឹម សុខា បាន​បដិសេធតាំងពីដើមទីចំពោះការចោទប្រកាន់នេះ ហើយបានពឹងមេធាវី​ឲ្យ​ប្តឹង​ទាស់​ទៅកាន់​សាលាឧទ្ធរណ៍ នៅចុងខែមីនា២០២៣។ ប៉ុន្តែ​មកដល់ពេល​នេះនៅមិនទាន់​ដឹងសំណុំរឿង​នេះមានការ​វិវត្តន៍​ដល់ណាហើយទេ ខណៈ​សំណុំរឿងនេះ​ហាក់បានស្ងប់​ស្ងាត់​តាំងពីមុនពេល​បោះ​ឆ្នោត។

 

នៅក្នុង​ជំនួប​រវាង​មន្ត្រីជាន់​ខ្ពស់​អាមេរិក​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃចន្ទ ស្ថានទូតអាមេរិកប្រចាំកម្ពុជា គូសបញ្ជាក់ថា ភាគី​អាមេរិក​បានស្នើចំពោះមុខឲ្យដោះលែង លោក កឹម សុខា និង​កញ្ញា សេង ធារី បើកឡើងវិញនូវលំហពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការគោរពសិទ្ធិមនុស្ស ដោយធានាថាប្រជាជនទាំងអស់អាចចូលរួមបាន ដោយសេរីក្នុងដំណើរការនយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ