អានតួអត្ថបទ

លោក ​ហ៊ុន​ សែន ​រំលឹក​ពីការ​តែងតាំង​មន្ត្រី ​និង​ស្នើឲ្យមាន​គុណធម៌​សម្រាប់​មន្ត្រី​ដែល​ប្រឹងប្រែង​កន្លង​មក

អតីត​នាយក​រដ្ឋមន្ត្រី ​លោក ​ហ៊ុន សែន ​នៅថ្ងៃពុធនេះ ​បាន​បង្ហោះ​វីដេអូឃ្លីប​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម​របស់​លោក ​កាលពី​លោក​បើក​អង្គប្រជុំ​មួយ​នៅដើម​អាណត្តិ​ទី​៦ ​កន្លងទៅ ​ដែលមាន​ខ្លឹមសារ​រំលឹក​ដល់​អ្នក​បន្តវេន​ចំពោះ​ការ​រៀបចំ​មន្ត្រី​នៅក្នុង​អាណត្តិ​រដ្ឋាភិបាល​ថ្មី​។ ​ការ​ចេញមក​រំលឹក​របស់​អតីត​ប្រមុខ​រដ្ឋាភិបាល​ដូច្នេះ ​បានធ្វើឡើង​ស្របពេល​ដែល​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​លោក​ ហ៊ុន ម៉ាណែត​ កំពុង​ចេញដំណើរ​ប្រកបដោយ​ការរិះគន់​ពី​សមាសភាព​ដឹកនាំច្រើន​លើសលប់​នូវ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ផ្នែកខាង​លើ​។

លោក ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
លោក ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី © HMN
ផ្សាយពាណិជ្ជកម្ម

អមជាមួយ​នឹង​ឃ្លីប​វីដេអូ​ជាង​៦​នាទី ​អតីតនាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន​ បានសរសេរបន្ថែម​ថា​លោកបង្ហោះសារ ​ដែលលោកនិយាយ​ក្នុងអង្គប្រជុំដើម​អាណត្តិទី៦ ឆ្នាំ២០១៨ ​គឺដើម្បី​ជាការរំលឹក​ដល់មន្ត្រី​បន្តវេន​តាមស្ថាប័ន ​សូមមាន​ការប្រុងប្រយត្ឋ័​លើភាព​អគុណធម៌​សម្រាប់ការរៀប​ចំមន្ត្រីក្នុង​អាណត្តិថ្មី​បន្ថែមលើបណ្តាំ​របស់លោក ​កាលពីល្ងាច​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២៣ ពេលជួប​ជុំ​មុនពេលគណៈរដ្ឋមន្ត្រី​ថ្មីត្រូវបាន​រៀបចំ​។ លោក​ ហ៊ុន សែន ថា​លោកគាំទ្រ​ការកែទម្រង់ ​តែមិនគាំទ្រ​ការរៀបចំ​ណា ​ដែលខ្វះការ​ឲ្យតម្លៃ​សម្រាប់មនុស្ស​ដែលខំធ្វើការ​រយៈពេល​កន្លងមក ហើយត្រូវ​បាន​ដកចេញ​ដោយគ្មាន​មូលហេតុ​។

បន្ថែមពីនេះ ​អតីត​នាយករដ្ឋមន្ត្រី​បញ្ជាក់ថា ​ការធ្វើនយោបាយ​បើសិនជាគា្រន់តែ​ធ្វើ​ដើម្បីដោះដូរ​មនុស្ស ហើយ​ដែលហៅថា​កែទម្រង់​ត្រឹមការដោះដូរមនុស្ស ​គណបក្ស​នយោបាយមួយនោះ​នឹងស្លាប់ ​ហើយមេដឹកនាំ​មួយនោះ​នឹងស្លាប់​ដោយឯកោបំផុត​។ នេះបើតាម​ឃ្លីបវីដេអូ។​ លោកថា​ជោគជ័យរបស់លោក​គឺចាប់ផ្តើមពី​មនុស្ស៥​នាក់ រហូតដល់មាន​មនុស្សរាប់លាននាក់​មកនៅជាមួយលោក​បានទាំងអស់​តាមរៀបរក្សា​ចាស់​បង្កើន​ថ្មី​។

លោកបន្ត​ចង្អុលបង្ហាញ​ថាជោគជ័យ​របស់គណបក្សកាន់អំណាច​ដែលប្រជាជនបោះឆ្នោត​គាំទ្រភ្លូកទឹកភ្លូកដី ​គឺបានមកពី​ការខិតខំ​របស់រាជរដ្ឋាភិបាល​ទាំងមូល​គ្រាន់តែ​គេផ្តោតមកលើ​រូបលោក​ប៉ុណ្ណោះ​។

ទាក់ទងទៅនឹង​សាររំលឹករបស់​លោក ហ៊ុន សែន ​នៅអំឡុងពេល​នៃការតែងតាំង​មន្ត្រីពេលនេះ ​លោកបណ្ឌិត ​គិន ភា ​ប្រធានវិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិនៃ​រាជបណ្ឌិត​សភាកម្ពុជា​នៅមិនទាន់ដឹង​ថា​តើមានបាតុភាព​យ៉ាងណា​នៅឡើយទេ​ក្នុងការតែងតាំង​មន្ត្រី​សម្រាប់ការបំរើ​ការងារ​អាណត្តិថ្មី​។ ក៏ប៉ុន្តែ​លោកបណ្ឌិត​មើលឃើញ​ថាការរំលឹក​របស់អតីត​នាយករដ្ឋមន្ត្រី ​គឺជាការរំលឹក​ដើម្បីធានា​នូវនិរន្តរភាព ​និង​ភាពសុខដុមរម្យនា​នៃរដ្ឋបាល​របស់រដ្ឋ ​និង​អ្នក​រាជការ ព្រមទាំង​ដើម្បីឲ្យពលរដ្ឋ​ម្ចាស់ឆ្នោត​ទទួលយក​ដោយភាពកក់ក្តៅ​។

សូមរំលឹកថា ​ការតែងតាំង​សមាជិករដ្ឋាភិបាល​អាណត្តិថ្មី ​មន្ត្រីជាន់ខ្ពស់​តាមក្រសួង ​ស្ថាប័ននានា​របស់រដ្ឋ រួមនឹង​ទីប្រឹក្សាសរុបចូលគ្នា​រាប់ពាន់​នាក់ ​បានរងនូវ​ការរិះគន់​យ៉ាងកក្រើក​ពីសំណាក់​មហាជន ​ថាជា​រដ្ឋាភិបាលក្បាល​ធំ គ្មាន​ប្រសិទ្ធភាព ​ដែលធ្វើឲ្យ​រាស្ត្រជា​អ្នក​បង់ពន្ធ​មានបន្ទុក​ធ្ងន់ធ្ងរ​។ ក៏ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាលថ្មី ​បានថ្លែង​ច្រានចោល​ការរិះគន់​នេះ​។ ទោះយ៉ាងណា​សមត្ថភាព ​លទ្ធផល ​និង​គុណភាព ​ត្រូវគេ​រង់ចាំមើល​នៅដំណាក់កាល​មួយចំនួន​នាពេល​ខាងមុខ ​ក្នុងរយៈពេល​១០០​ថ្ងៃ​ដំបូង ​ពាក់កណ្តាល​អាណត្តិ ​និង​ចុងបញ្ចប់​នៃ​អាណត្តិទី​៧​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ