អានតួអត្ថបទ

សកម្មជន​ប្រឆំាំង​គ្រោង​ធ្វើ​បាតុកម្ម​នៅមុខ​បុរី​ញូវយ៉ក ​ស្នើឲ្យ ​UN ​កុំ​ទទួលស្គាល់​លោក ​ហ៊ុន​ ម៉ាណែត

សកម្មជន ​និង​អ្នក​នយោបាយ​ប្រឆាំង​បានចាប់ផ្តើម​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ ដែលរស់នៅ​ក្រៅប្រទេស​ជាពិសេស​នៅ​សហរដ្ឋ​អាមេរិក ​ឲ្យចូលរួម​ធ្វើបាតុកម្ម​ប្រឆាំងនឹង​វត្តមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​ដែលទៅ​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​(UN)លើក​ទី​៧៨ ​នៅ​អំឡុង​ខែ​កញ្ញា ​ឆ្នាំ២០២៣​ខាងមុខ​។ ជាបាតុកម្ម​ដែលស្នើឲ្យ​អង្គការ​សហប្រជាជាតិ ​កុំ​ទទួលស្គាល់​លោក ​ហ៊ុន ម៉ាណែត ​ជាតំណាង​ស្របច្បាប់​របស់​ប្រទេស​កម្ពុជា​។

ប្រកាសឲ្យប្រជាជនចូលរួមធ្វើបាតុកម្ម
ប្រកាសឲ្យប្រជាជនចូលរួមធ្វើបាតុកម្ម © FB
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​បណ្តាញសង្គម​ហ្វេសប៊ុក ​សកម្មជន ​និង​អ្នកនយោបាយ​ប្រឆាំង​បានចាប់ផ្តើម​ផ្សព្វផ្សាយ​ជាបណ្តើរ​ៗ​ហើយ ​ពីគម្រោង​ធ្វើបាតុកម្ម​ប្រឆាំងនឹង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​ដោយមាន​ការ​អំពាវនាវ​ឲ្យ​ពលរដ្ឋខ្មែរ​នៅឯ​នាយសមុទ្រ​ចូលរួមឲ្យបាន​ច្រើននៅថ្ងៃ​ទី​២២ ខែ​កញ្ញា ​ខាងមុខ​។

នៅក្នុង​លិខិតអំពាវនាវ​ឲ្យចូលរួម ​ដែលបាន​បង្ហោះតាម​ហ្វេសប៊ុក​ចាប់តាំងពី​សប្តាហ៍មុន ​សកម្មជន ​និងអ្នក​នយោបាយ​ប្រឆាំង​បានបញ្ជាក់​ជាភាសាអង់គ្លេស ​ដោយស្នើឲ្យ​អង្គការ​សហប្រជាជាតិ​កុំទទួលស្គាល់​ លោក ​ហ៊ុន ម៉ាណែត ​ជាតំណាង​ផ្លូវការ​របស់កម្ពុជា ​ព្រមទាំង​ស្នើឲ្យ​ពលរដ្ឋខ្មែរ​នៅអាមេរិក ​និង​នៅប្រទេស​ផ្សេងទៀត​ចូលរួម​ធ្វើបាតុកម្ម​ឲ្យបាន​ច្រើនគ្នា​នៅថ្ងៃ​ទី​២២ ​ខែ​កញ្ញា នៅ​បុរីញូវយ៉ក ​ទី​ដែល​ប្រតិភូរដ្ឋាភិបាល​កម្ពុជា​ដឹកនាំដោយ​លោក ហ៊ុន ម៉ាណែត ​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​។

លោក ​សុភ័ណ្ឌ ឡារី ​សកម្មជន​ប្រឆាំង​មួយរូប ​ក្នុងនាម​បណ្តាញយុវជន​សកល​នៅអាមេរិក​បានថ្លែង​តាមហ្វេសប៊ុក​របស់លោក​ថា ​ការធ្វើបាតុកម្ម​របស់ខ្មែរ​នៅក្រៅ​ប្រទេស​គឺជា​ការសម្តែង​នូវការមិនពេញចិត្ត​នឹងការកាន់អំណាច​របស់រដ្ឋាភិបាល​ថ្មី ព្រមទាំង​អំពាវនាវ​ឲ្យ​ប្រទេសប្រជាធិបតេយ្យ​ដើរចេញពី​កិច្ចប្រជុំ​ពេលមាន​វត្តមាន​ប្រតិភូ​កម្ពុជា​។

លោក ​មាស សុភ័ណ្ឌ ​ដែលត្រូវបាន​តែងតាំង​ជា​ប្រធានក្រុម​អ្នកនាំពាក្យ​នាយក​រដ្ឋមន្ត្រី ​មិនមាន​ការ​ធ្វើអត្ថាធិប្បាយ​អ្វី​ទេ​ជុំវិញ​បញ្ហានេះ​។

សូម​បញ្ជាក់ថា ​ប្រសិនបើ​មានបាតុកម្ម​នៅទីក្រុង​ញូវយ៉ក ​នៅចុងខែ​កញ្ញាខាងមុខ​មែន ​គឺជា​បាតុកម្ម​លើកទី១​ហើយ ​ប្រឆាំង​លោក ហ៊ុន ម៉ាណែត​ នៅក្រៅប្រទេស ​បន្ទាប់ពី​លោក​បានក្លាយជា​នាយករដ្ឋមន្ត្រី​របស់ កម្ពុជា​ចាប់តាំងពី​ថ្ងៃទី​២២ ខែ​សីហា​មក​។

សូមរំលឹកដែរ​ថា ​កាលពី​ខែ​ឧសភា ​ឆ្នាំ​២០២២​កន្លងទៅ ​វត្តមាន​របស់អតីតនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នៅលើទឹកដី​អាមេរិក ​ក៏មាន​ពលរដ្ឋខ្មែរ ​និង​សកម្មជន​ភាគីម្ខាង​ធ្វើបាតុកម្ម​ប្រឆាំង​ដែរ ​ក៏ប៉ុន្តែ​ដំណាលគ្នា​នោះក៏មាន​ការប្រមូលផ្តុំ​គ្នា​ពីពលរដ្ឋខ្មែរ​ម្ខាងទៀត​សម្តែងការ​គាំទ្រ​រដ្ឋាភិបាល ​ដែលពេលនោះ​ក៏កើតមាន​ហេតុការណ៍​បុរសម្នាក់​គប់ស្បែកជើង​សំដៅ​លោក ​ហ៊ុន សែន ​ផងដែរ ​ក៏ប៉ុន្តែ​មិនត្រូវ​អំឡុងពេល​លោក ​ហ៊ុន សែន ​កំពុងថតរូប​សែលហ្វី​ជាមួយ​អ្នកគាំទ្រ​លោក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ