អានតួអត្ថបទ
កម្ពុជា-ម៉ាឡេស៊ី

ស្ថានទូតម៉ាឡេស៊ីថា ខ្លួននឹងមិនអត់ឱនឱ្យឡើយចំពោះការមើលងាយម្ហូបខ្មែរពីសំណាក់ជនជាតិខ្លួន

ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានចេញមកច្រានចោលការមើលងាយម្ហូបអាហារខ្មែររបស់អ្នកផលិតវីដេអូធ្វើម្ហូបតាមយូធូបរបស់ជនជាតិម៉ាឡេស៊ីគឺ លោក នីជេល អីង (Nigel Ng) ឬហៅថា Uncle Roger។ ក្នុងសេចក្តីថ្លែងការណ៍របស់ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា គឺរដ្ឋាភិបាលម៉ាឡេស៊ី នឹងមិនអត់ឱនចំពោះការប្រើប្រាស់ពាក្យសម្តី ឬសកម្មភាពណាមួយដែលធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃ និងជាតិសាសន៍ដទៃ។

លោក Nigel Ng ឬ Uncle Roger (អ្នកផលិតមាតិកាធ្វើម្ហូបលើយូធូបជនជាតិម៉ាឡេស៊ី)
លោក Nigel Ng ឬ Uncle Roger (អ្នកផលិតមាតិកាធ្វើម្ហូបលើយូធូបជនជាតិម៉ាឡេស៊ី) © Uncle Roger
ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៨ សីហា ស្ថានទូតម៉ាឡេស៊ីអះអាងថា ការលើកឡើងរបស់លោក Uncle Roger មិនបានឆ្លុះបញ្ចាំងពីទស្សនៈរបស់ជនជាតិម៉ាឡេស៊ីឡើយ។ ស្ថានទូតម៉ាឡេស៊ីចាត់ទុកការមើលងាយមកលើម្ហូបខ្មែរនាពេលកន្លងមក គឺបានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ ខណៈកម្ពុជានិងម៉ាឡេស៊ី កំពុងពង្រើកទំនាក់ទំនងការទូតដ៏រឹងមាំ និងពហុភាគីដែលមានលក្ខណៈស៊ីជម្រៅ។

ការចេញមកបញ្ជាក់របស់ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជាជុំវិញជនជាតិម៉ាឡេស៊ីប្រមាថមើលងាយមុខម្ហូបខ្មែរនាពេលនេះ ធ្វើឡើងបន្ទាប់ពីក្រសួងទេសចរណ៍កាលពីថ្ងៃទី០៨ សីហា បានចេញសេចក្តីថ្លែងការណ៍មួយច្បាប់ដោយចាត់ទុកការវាយតម្លៃរបស់អ្នកផលិតវីដេអូជនជាតិម៉ាឡេស៊ីនោះថា បានប្រាសចាកទាំងស្រុងពីតថភាពនៃកិត្យានុភាព និងអត្តសញ្ញាណម្ហូបអាហារខ្មែរ ពិសេសបានធ្វើឱ្យប៉ះពាល់ដល់ទេសចរណ៍ម្ហូបអាហារដែលរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការផ្សព្វផ្សាយ។

ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងទេសចរណ៍ដដែលនោះ ក៏បានស្នើឱ្យលោក​ Nigel NG ឬ Uncle Roger ចេញមកធ្វើការសុំទោសចំពោះប្រជាពលរដ្ឋខ្មែរជាសាធារណៈ និងត្រូវកែតម្រូវខ្លឹមសារវីដេអូនោះជាបន្ទាន់។

ជាក់ស្តែងនៅប៉ុន្មានថ្ងៃក្រោយសេចក្តីថ្លែងការណ៍របស់ក្រសួងទេសចរណ៍ទាមទារឱ្យលោក Uncle Rogerចេញមុខសុំទោស បុគ្គលរូបនេះបានលើកឡើងក្នុងវីដេអូមួយនៅពេលដែលលោកមានវត្តមានក្នុងប្រទេសឡាវថា លោកនឹងមកសាកល្បងម្ហូបខ្មែរម្តងទៀត ប្រសិនបើមាននរណាអញ្ចើញលោកឱ្យចូលមកកម្ពុជាដើម្បីឱ្យប្រាកដថា ម្ហូបខ្មែរពិតជាមានរសជាតិឆ្ងាញ់។

កាលពីថ្ងៃទី៣០ ខែកក្កដាលោក Nigel NG បានបង្ហោះវីដេអូមួយដែលមានចំណងជើងថា Uncle Roger Make Adobo ដែលមានន័យថាលោក រ័រជ័រធ្វើម្ហូបអាដូបូរបស់ប្រទេសហ្វីលីភីន។ ក្នុងវីដេអូនោះលោក Nigel Ng បានលើកឡើងពាក់ព័ន្ធនឹងម្ហូបរបស់ប្រទេសក្នុងតំបន់អាស៊ានមិនមែនសុទ្ធតែមានឱជារសនោះទេ។ ជាឧទាហរណ៍គឺម្ហូបរបស់ប្រទេសឡាវ និងកម្ពុជាគឺគ្រាន់តែជាម្ហូបសម្រាមរបស់ប្រទេសថៃ។

ក្រោយមក ឃ្លីបវីដេអូនោះត្រូវបានផ្សព្វផ្សាយពាសពេញបណ្តាញសង្គមក្នុងប្រទេសកម្ពុជា។ ក្នុងនោះ អ្នកលេងបណ្តាញសង្គមបានទាមទារឱ្យម្ចាស់វីដេអូចេញមកសុំទោស និងខ្លះស្នើឱ្យរដ្ឋាភិបាលកម្ពុជាដាក់បម្រាមបុគ្គលខាងលើនេះមិនឱ្យចូលប្រទេសកម្ពុជាផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ