អានតួអត្ថបទ
កម្ពុជា-ឧកញ៉ា

មុនរដ្ឋាភិបាលថ្មីចាប់កំណើត ចំនួនគោរមងារឧកញ៉ា និងអ្នកឧកញ៉ាកើនឡើងយ៉ាងគំហុក

គោរមងារជា«ឧកញ៉ា» និង «អ្នកឧកញ៉ា» ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្តល់ឱ្យអ្នកជំនួញ និងអ្នកមានស្រុកខ្មែរជាបន្តបន្ទាប់ក្នុងមួយរយៈពេលចុងក្រោយនេះ។ គិតក្នុងខែសីហា ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យផ្តល់គោរមងារជាឧកញ៉ា និងអ្នកឧកញ៉ាប្រមាណជិត២០នាក់ ដែលភាគច្រើនជាអ្នកជំនួញស្រុកខ្មែរ និងកំពុងក្តោបក្តាប់អាជីវកម្មដែលមានកេរ្តិ៍ឈ្មោះល្បីៗផង។

លោកឧកញ៉ា និងអ្នកឧកញ៉ានៃសមាគមឧកញ៉ាកម្ពុជា
លោកឧកញ៉ា និងអ្នកឧកញ៉ានៃសមាគមឧកញ៉ាកម្ពុជា © SPM
ផ្សាយពាណិជ្ជកម្ម

អ្នកឧកញ៉ាហ៊ុន ឡាក់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជាបានឱ្យដឹងថា គិតមកត្រឹមខែសីហានេះ ឧកញ៉ា និងអ្នកឧកញ៉ាដែលព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្តល់គោរមងារឱ្យនោះមានប្រមាណជាង១៣០០នាក់ ដែលភាគច្រើនបានចូលជាសមាជិកនៃសមាគមឧកញ៉ាកម្ពុជារួចហើយ។

គោរមងារ ឧកញ៉ា និងអ្នកឧកញ៉ា អ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជាខាងលើអះអាងថា គឺបានដើរតួនាទីសំខាន់ក្នុងការជួួយបង្កើតការងារដល់ប្រជាពលរដ្ឋ រួមនឹងជំរុញកំណើនសេដ្ឋកិច្ចរបស់ជាតិផង។ បន្ថែមពីនេះ ក្រុមឧកញ៉ាក៏ជាផ្នែកមួយដើម្បីទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងពីបរទេស ខណៈរាល់ការវិនិយោគរបស់អ្នកជំនួញមានងារជាឧកញ៉ា និងអ្នកឧកញ៉ា បានចូលរួមចំណែកដល់ដំណើរការសេដ្ឋកិច្ចតាមរយៈការបង់ពន្ធជូនរដ្ឋ។

គិតត្រឹមក្នុងសីហាតែមួយ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យផ្តល់គោរមងារជាឧកញ៉ា និងអ្នកឧកញ៉ាដល់អ្នកជំនួញស្រុកខ្មែរចំនួន១៤នាក់បន្ថែមទៀត  ដោយភាគច្រើន គឺដំឡើងគោរមងារពីឧកញ៉ា ទៅកាន់អ្នកឧកញ៉ា។ ក្នុងនោះ ឧកញ៉ាចំនួន១១នាក់ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារទៅជាអ្នកឧកញ៉ា និងបុគ្គលចំនួន៣រូបផ្សេងទៀតបានផ្តល់គោរមងារជាឧកញ៉ា។ ​​

អ្នកឧកញ៉ា ហ៊ុន ឡាក់បន្តថា ងារជាឧកញ៉ា និងអ្នកឧកញ៉ា ត្រូវផ្សំឡើងនូវគុណសម្បត្តិច្រើន ដូចជាសកម្មភាពសប្បុរសធម៌ និងមានគុណធម៌ រួមទាំងរក្សានូវកេរ្តិ៍ឈ្មោះជាឧកញ៉ា និងអ្នកឧកញ៉ាឱ្យឧត្តុងឧត្តម។

ទាក់ទិននឹងឧកញ៉ាមួយចំនួនរកស៊ីបោកប្រាសប្រជាពលរដ្ឋវិញ អ្នកឧកញ៉ាហ៊ុន ឡាក់លើកឡើងថា សមាគមឧកញ៉ាកម្ពុជាកំពុងពិភាក្សា និងស្នើឱ្យមានការតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងក្រុមអ្នកមានងារជាឧកញ៉ា និងអ្នកឧកញ៉ា ដើម្បីឱ្យដកហូតងារទាំងនោះវិញ នៅរាល់ពេលបុគ្គលណាមួយប្រព្រឹត្តខុសនូវសកម្មភាពអ្វីមួយ។

នៅត្រង់ចំណុចនេះ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវសង្គមចង់ឃើញក្រុមឧកញ៉ាជួយដោះស្រាយវិបត្តិសង្គមដូចជាជួយបង្កើតទីផ្សារការងារជូនពលរដ្ឋ និងមិនត្រូវរកស៊ីប្រោកប្រាស់ប្រជាពលរដ្ឋដើម្បីតែផលប្រយោជន៍របស់ខ្លួនឡើយ។ លោកបណ្ឌិតកត់សម្គាល់ថា ឧកញ៉ាមួយចំនួនតែងមានឈ្មោះមិនល្អ ដូចជាការកាប់បំផ្លាញព្រៃឈើ ធនធានធម្មជាតិ និងរំលោភយកដីរបស់ពលរដ្ឋដើម្បីតែអាជីវកម្មរបស់ខ្លួន។ ម្ល៉ោះហើយលោកបណ្ឌិតចង់ឃើញក្រុមឧកញ៉ារក្សានូវគុណតម្លៃ និងសុចរិតភាពខ្ពស់ចំពោះសង្គមជាតិ។

សូមបញ្ជាក់ថា ងារជាឧកញ៉ានៅកម្ពុជា គឺមាន៣ថ្នាក់គឺឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា។ លោកអ្នក​ឧកញ៉ាគឺមានតែម្នាក់ប៉ុណ្ណោះនៅកម្ពុជា​បច្ចុប្បន្នគឺឈ្មោះ«យមរាជ»។ នេះបើតាមអ្នកឧកញ៉ា ហ៊ុន ឡាក់ ដែលយោងទៅលើបញ្ជីឈ្មោះ​ដែលចេញពីព្រះ​បរមរាជវាំងថា​«យមរាជ»នេះជាឈ្មោះបុគ្គលពិតប្រាកដ។

ដើម្បីទទួលបានងារជាឧកញ៉ា ដរាបណាបុគ្គលនោះបានបរិច្ចាគថវិកាលើសកម្មភាពមនុស្សធម៌ជួយសង្គមចាប់ពី៥០ម៉ឺនដុល្លារឡើងទៅ។ ចំណែកគោរមងារជាអ្នកឧកញ៉ាវិញ គឺមិនបានកំណត់​ពីចំនួន​ថវិកា​ដែលពួកគេបានបរិច្ចាគនោះនៅឡើយ ពោលទាល់តែមានព្រះរាជក្រឹត្យថ្មីចេញឲ្យប្រើ​ពេលខាងមុខទើបមានចែងលំអិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ